Sothy

· 2019-07-03

បង្ក្រាបទីតាំងកែច្នៃ ព្រមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៣គីឡូក្រាម

#គ្រឿងញៀន# #សង្គម# #នយោបាយជាតិ#

0

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជូនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀនប្រមាណ៣គីឡូក្រាម។

ជនសង្ស័យ ផលិតនិងជួញដូរគ្រឿងញៀន ដែលត្រូវចាប់ខ្លួននេះឈ្មោះ រិន ដារា ហៅឈាវ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអ្នកផលិតផងនិងជាអ្នកលក់ចែកចាយគ្រឿងញៀនផង។ ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតសារធាតុញៀនប្រមាណជិត៣គីឡូក្រាម ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទាក់ទិនករណីបង្រ្កាបទីតាំងកែច្នៃ និងជួញដូរគ្រឿងញៀនខាងលើនេះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ទុកនៅពេលបើកប្រតិបត្តិការបង្ក្រាបដោយមានកិច្ចសហការជាមួយអយ្យការអមតុលាការផងដែរ។

លោក ឡឹក វណ្ណៈ បន្តថា ពេលសមត្ថកិច្ចចុះបង្រ្កាប យើងឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងរួមមាន ៖ ១.ថ្នាំប្រភេទមេតំហ្វេតាមីនគ្រាប់ ( WY) ទម្ងន់សុទ្ធ ២០៩.៦៣ ក្រាម អ៊ិចស្តាស៊ីគ្រាប់ (LV) ទម្ងន់សុទ្ធ១៨.០៦ក្រាម ២.ថ្នាំប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១៣.៩៥ ក្រាម ៣.ថ្នាំប្រភេទអ៊ិចស្តាស៊ីទឹក ទម្ងន់២០១៤.៤០ក្រាម (គិតទាំងសំបកដប) ៤.កញ្ឆាក្រៀមទម្ងន់ ៣៦.១៩ក្រាម ៥.សំបកដបមិនទាន់ច្រកចូល៤៨៤ សំបក ៦.សំបកដបទឹកអាស៊ីត៤៨សំបក និង មានទឹក០១ដប រួមមានឧបករណ៍សម្រាប់កែច្នៃផលិតទៅជាគ្រឿងញៀនមួយចំនួនទៀត។

យោងទៅលើវត្ថុតាង ដែលសមត្ថកិច្ចបង្ក្រាបជាក់ស្តែង នៅចំណុចខាងលើនេះ គឺជាទីតាំងលួចលាក់កែច្នៃផលិតគ្រឿងញៀនខ្នាតតូចមួយ ដែលជនសង្ស័យបានប្រព្រឹត្ត និងជួញដូរបន្តតាមរូបភាពលើទីផ្សារងងឹត នៅក្នុងរាជធានីភ្នំពេញនេះ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ មករា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)