Soeurn

· 2019-07-24

សម្តេចក្រឡាហោម ស្នើឲ្យពលរដ្ឋនិងសមត្ថកិច្ចទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា

#សម្តេចក្រឡាហោមឲ្យពលរដ្ឋអនុវត្តច្បាប់ទាំងអស់គ្នា# #សង្គម# #តារាខ្មែរ#

0

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ តាមរយៈគេហទំព័រ ហ្វេសប៊ុក ផ្លូវការ របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងនូវសេចក្តីត្រេកអរ ចំពោះលទ្ធផលជាបន្តបន្ទាប់នៃការអនុវត្តយុទ្ធនាការរឹតបន្តឹង ការពាក់មួកសុវត្ថិភាពលើអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូទូទាំងប្រទេស ដែលចាប់អនុវត្តរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩មក។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ចាប់តាំងពីអនុវត្តនាពេលកន្លងមក សម្តេចសង្កេតឃើញថាកងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម គួរឲ្យកោតសរសើរ ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ ធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមម៉ូតូទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាពជាដាច់ខាត។

ទន្ទឹមនឹងនេះ សម្តេចក៏សូមអរគុណប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ និងសូមអធ្យាស្រ័យចំពោះវិធានការឃាត់ម៉ូតូទុក ដើម្បីតម្រូវឲ្យបងប្អូនទិញ ឬរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរ។

បន្ថែមពីនេះ សម្តេចក៏សូមអំពាវនាវដល់សមត្ថកិច្ចនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងយុទ្ធនាការរយៈពេល១ខែនេះ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ សូមបងប្អូនបន្តអនុវត្តច្បាប់ចរាចរណ៍ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា។

សូមជម្រាបជូនថា យោងតាមរបាយការណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅដើមឆ្នាំ២០១៩នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយករណីស្លាប់មកពីមិនពាក់មួកសុវត្ថិភាព មានចំនួនរហូតដល់ទៅជាង៨០ភាគរយ ។ ដូចនេះហើយ ទើបកាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ដល់សមត្ថកិច្ចទាំងអស់ ចាប់ផ្តើមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយក្នុងនោះអ្នកអត់មានពាក់មួកសុវត្ថិភាព នឹងមិនត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅមុខតទៅទៀតទេ រហូតដល់មានមួកសុវត្ថិភាព ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខបាន៕ ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស