Leap

· 2019-07-27

ចូរចាំថា៖ ខឹងខ្លួនឯងបាន តូចចិត្តបាន ប៉ុន្តែកុំបោះបង់ខ្លួនឯងចោល

#ចំណេះដឹង# #ខឹងខ្លួនឯងបាន# #កុំបោះបង់ខ្លួនឯងចោល# #តូចចិត្តបាន# #អប់រំ និងការងារ#

0

ការបរាជ័យ ការមិនសម្រេចបានលទ្ធផលដែលយើងប៉ងទុក ការទទួលរងភាពអាម៉ាស និងការប្រឈមមុខជាមួយការពិតដ៏ឈឺចាប់មួយ គឺជាអ្វីដែលមនុស្សគ្រប់រូបមិនមែនតែអ្នកនោះទេដែលព្យាយាមគេចវេស និងបដិសេធមិនទទួលស្គាល់វា​។​

ប្រាកដណាស់រយៈពេលកន្លងមកដែលអ្នកខំធ្វើដំណើរដល់ចំណុចដែលអ្នកកំពុងឈរ វាពិតជាលំបាកហើយវាក៏ជាអ្វីដែលអ្នក និងមនុស្សគ្រប់គ្នាមានមោទកភាពនឹងអ្នកបំផុតផងដែរ។​ ប៉ុន្តែនៅពេលដែលសុខៗអ្នកស្រាប់តែដួល ហើយអារម្មណ៍ចាប់ផ្តើមទទួលស្គាល់ថាត្រូវចាប់ផ្តើមពីជំហានទីមួយមកវិញ អ្នកប្រាកដណាស់គឺមិនអាចទទួលយកឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការពិតនៅតែជាការពិត ហើយបើយើងនៅតែព្យាយាមគេចវេស លទ្ធផលគឺមានតែបរាជ័យ និងបរាជ័យ ប៉ុន្តែបើយើងក្លាហានហើយចាប់ផ្តើមម្តងទៀតលទ្ធផលអាចមានពីរដដែល ប៉ុន្តែគឺជោគជ័យ និងបរាជ័យ។ ទន្ទឹមនឹងបរាជ័យ យើងក៏អាចសន្សំនូវបទពិសោធន៍ល្អៗជាច្រើនដើម្បីជួយអោយយើងទទួលបានភាពរីកចម្រើនបន្ថែមទៀតផងដែរ។​

ប្រឈមមុខនឹងការពិតដ៏ពិបាកទទួលយក ប្រាកដណាស់ថាអ្នកពិបាកចិត្ត។ អ្នកបន្ទោសខ្លួនឯង អ្នកតូចចិត្តដែលអ្នកដទៃមិនជួយជ្រោមជ្រែង ហើយអ្នកក៏គ្មានទំនុកចិត្តក្នុងការធ្វើអ្វីទៀតដែរ។ ខឹងខ្លួនឯងបាន តូចចិត្តបាន ប៉ុន្តែកុំបោះបង់ខ្លួនឯងអោយសោះ។ ខូចចិត្តហើយក៏ប្រមូលកម្លាំងចិត្តជាថ្មីម្តងទៀតដើម្បីរកមធ្យោបាយថ្មីក្នុងការសម្រេចនូវក្តីស្រមៃរបស់អ្នក។​ ប្រសិនបើអ្នករកមិនឃើញពីប្រភពកម្លាំងចិត្តចេញពីក្នុងខ្លួននោះទេ អ្នកអាចសាកគិតដល់បុគ្គលសំខាន់ៗមួយចំនួននៅក្នុងជីវិតរបស់អ្នក។ បុគ្គលទីមួយ គឺឳពុកម្តាយដែលតែងតែដើរតួជាអ្នកគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្នែកស្មារតីដើម្បីជំរុញអ្នកអោយដើរតាមក្តីស្រមៃខ្លួនឯងរហូតមក។​

បើអ្នកគិតមិនឃើញថា តើរឹងមាំជាថ្មីដើម្បីអ្វី ចូរគិតដល់បុគ្គលដ៏គួរអោយគោរពទាំងពីររូបនេះ។​ ពួកគាត់អាចនឹងខំប្រឹងរកលុយទាំងថ្ងៃទាំងយប់ ទាំងឈឺទាំងជាដើម្បីអោយអ្នកទទួលបានជីវិត និងការសិក្សាដ៏ប្រពៃមួយ ហើយសង្ឃឹមថាថ្ងៃណាមួយអ្នកនឹងក្លាយជាបុគ្គលជោគជ័យ ជាមនុស្សមានការគិតល្អៗ និងជាកូនប្រុសស្រីដែលរឹងមាំគ្រប់គ្រាន់ក្នុងភាពជាអ្នកដឹកនាំ។

ដូច្នេះបើអ្នកនៅតែទោរទន់នឹងភាពបរាជ័យ អ្នកដែលពិបាកចិត្ត និងតានតឹងពិតប្រាកដមិនមែនអ្នកនោះទេ​ តែជាមនុស្សដែលស្រលាញ់អ្នកបំផុត។ បុគ្គលទីពីដែលអាចជាប្រភពកម្លាំងចិត្តដល់អ្នកបាន គឺមិត្តភក្តិ។​ មិត្តភក្តិមានច្រើនប្រភេទណាស់ ដូចជាមិត្តបបួលចេញក្រៅដើរសប្បាយ មិត្តដែលមានមុខតែពេលត្រូវការជំនួយ មិត្តដែលតាមដានគ្រប់ព័ត៌មានយើងហើយក៏សប្បាយចិត្តនៅពេលដែលឃើញជីវិតយើងដុនដាប។ មិត្តទាំងអស់នេះគួរតែជៀសទៅល្អជាង ព្រោះបើអ្នកសេពគប់បន្តទៀតក៏គ្មានអ្វីរីកចម្រើនក្រៅពីធ្វើអោយអ្នកមានអារម្មណ៍មិនល្អចំពោះខ្លួនឯងតែប៉ុណ្ណោះ។

មិត្តដែលល្អពិតប្រាកដ គឺជាមិត្តដែលនៅក្បែរអ្នក មិនថាពេលអ្នកសប្បាយចិត្ត ឬកើតទុក្ខឡើយ។ គេជាមនុស្សដែលស្តាប់រាល់ទុក្ខកង្វល់របស់អ្នកដោយយកចិត្តទុកដាក់ ស្តាប់ដោយមិនវាយតម្លៃលើភាពទន់ជ្រាយរបស់អ្នក មិនតែប៉ុណ្ណោះថែមទាំងជួយរកដំណោះស្រាយល្អៗអោយអ្នកទៀតផង។ គេចង់ឃើញអ្នកក្លាយជាមនុស្សរីករាយ រឹងមាំ ហើយជោគជ័យទៅតាមគោលបំណងរបស់អ្នក។ មិត្តម្នាក់នោះតែងតែជាផ្នែកមួយដែលជួយជ្រោមជ្រែងផ្នែកស្មារតី និងកម្លាំងចិត្ត​ ដូច្នេះហើយទើបនេះជាមូលហេតុដែលអ្នកត្រូវតែស៊ូបន្តទៀត ព្រោះមិត្តល្អបែបនេះគឺចំនួនមានកំណត់។

ការទន់ខ្សោយនៅចំណុចណាមួយក្នុងជីវិត មិនមែនជារឿងចម្លែកនោះទេ។ អ្នកណាក៏ពិបាកទទួលយកដែរ ប៉ុន្តែខឹងខ្លួនឯងបាន តូចចិត្តបាន តែកុំបោះបង់ខ្លួនឯងអោយសោះ។ កុំបោះបង់ភាពរឹងមាំ សេចក្តីក្លាហាន និងចំណុចខ្លាំងទាំងឡាយដែលធ្លាប់មាន។ ហើយបើរកនឹកមិនឃើញថា ប្រភពកម្លាំងចិត្តនៅកន្លែងណា អ្នកគួរទៅរកបុគ្គលសំខាន់ទាំងពីរខាងលើ។ យ៉ាងហោចណាស់ក៏មានម្នាក់ក្នុងចំណោមពួកគេ អាចធ្វើអោយអ្នកលែងស្ទាក់ស្ទើរក្នុងការបោះបង់ចោលក្តីស្រមៃខ្លួនទៀតហើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)