
Mork
· 2019-08-02
វី ស្រីខួច ជម្នះរឿងរ៉ាវជាច្រើនរហូតក្លាយខ្លួនជាកីឡាការិនីប្រដាល់លេចធ្លោនៅកម្ពុជា
#វី ស្រីខួច# #កីឡាការិនីប្រដាល់# #កីឡា# #ប្រដាល់អន្តរជាតិ# #ជម្នះរឿងរ៉ាវ#
0
វី ស្រីខួច ដែលគេស្គាល់តាមរយៈការប្រកួតជាច្រើននៅលើសង្វៀនប្រដាល់សេរី ជាពិសេសការបង្ហាញខ្លួននៅសង្វៀន ONE នាឆ្នាំកន្លងទៅ។ បច្ចុប្បន្ននេះ ស្រីខួច ជាកីឡាការិនីប្រដាល់សកលជម្រើសជាតិដ៏លេចធ្លោម្នាក់ និង ត្រៀមខ្លួនដើម្បីប្រកួតនៅស៊ីហ្គេមចុងឆ្នាំ ២០១៩ នេះនៅហ្វីលីពីនតំណាងឲ្យកម្ពុជា។ មានរឿងរ៉ាវ និង ការតស៊ូជាច្រើនរហូតដល់មានភាពលេចធ្លោក្នុងពិភពកីឡាប្រដាល់នៅកម្ពុជា។
- វី ស្រីខួច ជម្នះលើការទិតៀន៖
វី ស្រីខួច ត្រូវបានស្ត្រីជាច្រើនក្នុងសង្គម ឬ អ្នកមានវ័យស្របាលគ្នារិះគន់ថាខ្លួនជាស្រី បែរជាទៅហាត់ក្បាច់គុនទាត់ធាក់ ព្រោះក្បាច់គុនសម្រាប់បុរសៗ។ ស្រីខួច ចូលហាត់ប្រដាល់តាំងពីអាយុ ១៦ ឆ្នាំ ជាមួយបងប្រុស វី សាវុធ នៅក្លិបឥន្ទ្រីកីឡា ដែលបង្វឹកដោយលោកគ្រូ ដួង បូរី នៅមិនឆ្ងាយពីផ្ទះប៉ុន្មាននាក្រុង តាខ្មៅ ខណៈដែល ខ្លួនកំពុងធ្វើការរោងចក្រនៅឡើយដោយសារជីវភាពគ្រួសារខ្សត់ខ្សោយ។ ស្រីខួច ធំដឹងក្ដីក្នុងការដ្ឋានសំណង់ ព្រោះឳពុកម្ដាយធ្វើការសំណង់នៅ ភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ អំឡុងឆ្នាំ ២០០០ ដែលនេះជាហេតុធ្វើឲ្យខ្លួនមិនអាចបន្តការសិក្សាបានវែងឆ្ងាយដូចក្មេងស្រីដទៃ។ ដំបូងឡើយ ស្រីខួច ចូលហាត់លេងៗដើម្បីសុខភាពប៉ុន្តែ ទីបំផុតប្រដាល់បានរុញច្រានជីវិតឲ្យល្អប្រសើរ។ ស្រីខួច ក៏មិនសូវសប្បាយចិត្តចំពោះពាក្យរិះគន់ខាងលើដោយថ្លែងថា ៖«ខ្ញុំត្រូវគេនិយាយដាក់ថា ម៉េចបានទៅហាត់ប្រដាល់បើយើងជាស្រី? ប៉ុន្តែខ្ញុំទទួលបានការសរសើរវិញ ពេលខ្ញុំឡើងប្រកួតបានគ្រាន់បើនិង មានឈ្មោះបោះសំឡេងរហូតជាប់ជម្រើសជាតិ។ ខ្ញុំសប្បាយចិត្តមិនស្ដាយក្រោយទេពេលនេះ»។ទោះជាឳពុកម្ដាយមិនមានខ្សែជាអ្នកប្រដាល់ ប៉ុន្តែ មានបងប្រុសបង្កើត វី សាវុធ ជាអ្នកត្រួសត្រាយផ្លូវ ដែលនាំឲ្យកីឡាការិនីវ័យ២៤ឆ្នាំរូបនេះឈានដល់ចំណុចកំពូល។ ក្នុងចំណោម បងប្អូនបង្កើតចំនួន ៧ នាក់ មាន៤នាក់ហើយដែលបានចូលខ្លួនក្នុងពិភពកីឡាប្រដាល់។ បងប្អូន ៤ នាក់ដែលហាត់ប្រដាល់មាន វី សាវុធ, វី ស្រីខួច, ប្អូនប្រុស វី សុភ័ស, និង វី ស្រីស្រស់។ វី សាវុធ លាឈប់ពីប្រដាល់ទៅប្រកបរបររកស៊ី ដូចនឹងប្អូនប្រុស វី សុភ័សដែរ ប៉ុន្តែ ស្រីខួច និង ស្រីស្រស់ នៅដើរក្នុងវិថីប្រដាល់ដដែល។ ស្រីស្រស់ កីឡាការិនី ថ្នាលជំនាន់ក្រោយ ហើយអាចនឹងធ្វើបានល្អនាថ្ងៃអនាគត។
- ឈ្នះពាននៅបាយ័ន និង ខ្សែក្រវាត់៖
ការតស៊ូរបស់ ស្រីខួច មិនរួញរា រហូតដល់ឈ្នះពាននៅស្ថានីយទូរទស្សន៍បាយ័នក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម កាលឆ្នាំ២០១៣ ដែលមានបេក្ខភាពចំនួន៤ នាក់។ ក្នុងការប្រកួតវិលជុំដើម្បីដណ្ដើមពាននេះ បន្ទាប់ពីឈ្នះកីឡាការិនី អេ យ៉ានុត ដោយពិន្ទុ។ ដោយសារតែភាពលេចធ្លោ វី ស្រីខួច ទទួលបានសេចក្ដីពីទុកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង សហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅបារាំងដោយអញ្ជើញទៅប្រកួតនៅប្រទេសបារាំងនាឆ្នាំ ២០១៥។ កាលនោះមានកីឡាកររួមដំណើរ ដូចជាសេន ប៊ុនថែន រឿង សោភ័ណ្ឌ, និង វង្ស ណយ។ នេះជាសមិទ្ធផលមួយមិនអាចបំភ្លេចបាន ពេលឈ្នះខ្សែក្រវាត់នៅប្រទេសបារាំង បន្ទាប់ពីឈ្នះកីឡាការិនីម្ចាស់ផ្ទះ។ ពេលត្រឡប់មកស្រុកខ្មែរ វិញ លោក អៀង សារុន ដែល ស្រីខួច តែងតែហៅថា «មេ» ហើយ បម្រើការនៅអង្គភាពកងអង្គរក្សនោះបានប្រគល់ជូនម៉ូតូស្កុពីថ្មីសន្លាង មួយគ្រឿង សម្រាប់ការលើកទឹកចិត្ត និង ការសន្យាកន្លងមក។ ហើយលោក អៀង សារុន ក៏បន្តជួយ ស្រីខួច និង គ្រួសាររហូតដល់បច្ចុប្បន្ននេះ។ នេះជារឿងរ៉ាវដែលមិនអាចបំភ្លេចបានសម្រាប់លទ្ធផលតស៊ូច្រើនឆ្នាំកន្លងមកនេះ។ រហូតដល់បច្ចុប្បន្នក៏នៅទទួលការអាណិតស្រលាញ់ពីមេរបស់ខ្លួនដដែល និង ផ្ដល់ការរាប់អានយ៉ាងស្មោះស្ម័គ្រ។
- ការបង្ហាញខ្លួនលើឆាកអន្តរជាតិ ONE៖
ក្នុងស្រុក ស្រីខួច ពិតជាលំបាករកដៃគូប្រកួតណាស់។ យ៉ាងណាក្ដីគេត្រូវបានសង្វៀន ONE អញ្ជើញទៅប្រកួតតាំងពីឆ្នាំ ២០១៥ មកចំនួន ៣ លើក និងទៅប្រកួតនៅប្រទេសថៃចំនួន ១លើក។ នេះការតស៊ូ មិនអាចកាត់ថ្លៃបានដែលអាចទាក់ភ្នែកពីស្ថាប័នរៀបចំការប្រកួតលំដាប់ពិភពលោក។ ដ្បិតមួយរយៈចុងក្រោយនេះ មិនសូវទទួលបានការអញ្ជើញទៅក្រៅប្រទេស ប៉ុន្តែ ប្អូនស្រី វី សាវុធ បានខិតខំយ៉ាងខ្លាំងដើម្បីទាញចំណាប់អារម្មណ៍ឡើងវិញ។ យ៉ាងណាក្ដី គេខិតខំប្រឹងប្រែងដើម្បីប្រកួតនៅស៊ីហ្គេមចុងឆ្នាំនេះតំណាងឲ្យជាតិក្នុងវិញ្ញាសាប្រដាល់សកល។ ស្រីខួច នឹងចេញទៅហ្វឹកហាត់នៅជប៉ុន ចាប់ពីថ្ងៃទី ១ កញ្ញា តទៅ រហូតដល់ការប្រកួតស៊ីហ្គេម ចាប់ផ្ដើមនាខែ វិច្ឆិកា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់
សម្ដេចតេជោ ហ៊ុន សែន៖ ការរើសអើងជាតិសាសន៍ក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ដូចនេះពលរដ្ឋខ្មែរ ពិសេសពលករខ្មែរ គួរវិលត្រឡប់មកស្រុកកំណើតវិញ
មនុស្សឆ្លាតនឹងធ្វើពុតជាល្ងង់ ពេលជួបស្ថានភាព៣យ៉ាងនេះ ដើម្បីរក្សាភាពស្ងប់សុខក្នុងជីវិត
រឿងដាក់អំពើ(វគ្គ៣)
យោបល់ទាំងអស់ (0)