បង្ហោះផ្សាយ

ខ្មែរ

Sothear

· 2019-08-18

រយៈពេលពីរយប់ សមត្ថកិច្ចត្រួតពិនិត្យចរាចរណ៍ រកឃើញអ្នកប្រើប្រាស់សារធាតុញៀនក្នុងពេលបើកបរ១៩នាក់

#សមត្ថកិច្ចចរាចរណ៍រកឃើញសារធាតុញៀនអ្នកបើកបររថយន្តនិងម៉ូតូ# #សង្គម# #តារាខ្មែរ#

0

ខេត្តកំពង់ចាម ៖ បើយោងតាមលោកឧត្តមសេនីយ៍ ឯម កុសល ស្នងការខេត្តកំពង់ចាម បានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះថា ក្នុងរយៈពេលពីរយប់ គឺយប់ថ្ងៃទី១៦ និងយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងចម្រុះ បានធ្វើការឃាត់រថយន្ត និងម៉ូតូ រកសារជាតិញៀន ដោយរកឃើញមនុស្ស ១៩នាក់ ប្រើប្រាស់ថ្នាំញៀន ហើយទៅបើកបររថយន្ត និងម៉ូតូ ដែលជាកត្តាមួយបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

លោកបញ្ជាក់ថា នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ស្គន់ តាមបណ្តោយផ្លូវជាតិលេខ០៦ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងនៅចំណុច(មុខប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍) ផ្លូវខេត្តលេខ៦០ ស្ថិតនៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចុះត្រួតពិនិត្យធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្តចំនួន១០៣គ្រឿង ម៉ូតូចំនួន០៩គ្រឿង ធ្វើតេស្តទឹកម៉ូតសរុប១១២នាក់។ ក្នុងនោះ រកឃើញអ្នកជាប់សារធាតុញៀនចំនួន១៣នាក់ ហើយកម្លាំងបានឃាត់ខ្លួនមនុស្ស រួមនិងរថយន្តរក្សាទុកបណ្តោះអាសន្នចំនួន០៧គ្រឿង ម៉ូតូចំនួន០៣គ្រឿង ព្រមទាំងរកឃើញវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០១កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង និងពូថៅ០១ដើម។

ដោយឡែក នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ត្រួតពិនិត្យលើអ្នកបើកបររថយន្ត ចំនួន៦១គ្រឿង ម៉ូតូចំនួន០៦គ្រឿង ធ្វើតេស្តទឹកម៉ូតសរុប៦៧នាក់។ រកឃើញអ្នកជាប់សារធាតុញៀនចំនួន០៦នាក់ ខណៈក្នុងពេលត្រួតពិនិត្យមានឈ្មោះ ធី ពុទ្ធា និងឈ្មោះ ដើង ណាឃីន បានដេញកាប់គ្នាតាមដងផ្លូវ។ លុះមកដល់ចំណុចគោលដៅកន្លែងត្រួតពិនិត្យ សមត្ថកិច្ចបានបញ្ជាឲ្យឈប់ តែជនទាំងពីរមិនព្រមឈប់ ហើយក៏ជិះម៉ូតូបំបុកបារ៉ាសរបស់សមត្ថកិច្ច បង្កឲ្យមានរបួសលើសមត្ថកិច្ចម្នាក់ ឈ្មោះ វរសេនីយ៍ត្រី សេង លីណូ អធិការរងទទួលផែនការងារគ្រឿងញៀនស្រុកជើងព្រៃ ទើបចាប់បាន។ តែទោះជាយ៉ាងណា សមត្ថកិច្ចបានឃាត់រថយន្តរក្សាទុកបណ្តោះអាសន្នចំនួន០៣គ្រឿង និងម៉ូតូចំនួន០៣គ្រឿង និងមនុស្ស០៦នាក់។

លោកឧត្តមសេនីយ៍បន្ថែមថា ក្រោយធ្វើការឃាត់ខ្លួន ទាំងរថយន្ត ម៉ូតូ និងមនុស្សបញ្ជួនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីចាត់ការតាមច្បាប់៕ ភក្តី


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)