បង្ហោះផ្សាយ

ខ្មែរ

Mytvplus

· 2020-03-18

ចិន៖ ថ្នាំ Avigan បង្ហាញប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩

#COVID-19# #Zhang Xinmin# #សុខភាព# #ជំងឺ# #Avigan#

638

ចិន៖ ក្រុមអ្នកស្រាវជ្រាវរដ្ឋាភិបាលចិន បានអះអាងថា ពួកគេបានសង្កេតឃើញពីប្រសិទ្ធភាពរបស់ថ្នាំ Avigan ដែលផលិតដោយជនជាតិជប៉ុន ក្នុងការព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូវីដ១៩ ឬវីរុសកូរ៉ូណាប្រភេទថ្មី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

លោក Zhang Xinmin នាយកនៃមជ្ឈមណ្ឌលជាតិអភិវឌ្ឍជីវបច្ចេកវិទ្យាចិន បានបង្ហាញឈ្មោះថ្នាំព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូវីដ១៩នេះជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មានមួយ នាទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។ លោកបានបញ្ជាក់ថា ថ្នាំ Avigan បានបង្ហាញពីប្រសិទ្ធភាពនៅក្នុងការធ្វើតេស្តសាកល្បងព្យាបាលអ្នកជំងឺដោយស្ថាប័នចំនួន២ នៅក្នុងប្រទេសចិន។ លោកបន្តថា ថ្នាំនេះ អាចព្យាបាលនូវរោគសញ្ញាផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងកូរ៉ូណាវីរុស រួមទាំងជំងឺរលាកសួតផងដែរ ហើយមិនមានបង្ហាញផលប៉ះពាល់ដល់អ្នកប្រើប្រាស់ឡើយ។

នាយកនៃមជ្ឈមណ្ឌលជាតិអភិវឌ្ឍជីវបច្ចេកវិទ្យាចិន បានឱ្យដឹងទៀតថា ការធ្វើតេស្ត ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ូហាន ដែលមានអ្នកជំងឺត្រូវបានព្យាបាលជាសះស្បើយចំនួន ២៤០នាក់ និងនៅទីក្រុងសិនជិន ដែលមានអ្នកជំងឺត្រូវបានព្យាបាលចំនួន ៨០នាក់។ លោកបានបញ្ជាក់ថា អ្នកជំងឺនៅទីក្រុងសិនជិន ដែលទទួលការព្យាបាលដោយថ្នាំ Avigan បានធ្វើតេស្តអវិជ្ជមានវិញ ក្រោយរយៈពេល ៤ថ្ងៃ បន្ទាប់ពីរកឃើញថាវិជ្ជមានវីរុសកូវីដ១៩។ លោកបន្ថែមថា សម្រាប់អ្នកជំងឺដែលមិនបានទទួលការព្យាបាលតាមវិធីនេះ ត្រូវការពេលប្រហែល ១១ថ្ងៃ ទើបជាសះស្បើយ។

ការធ្វើតេស្ត បានបង្ហាញពីការវិវឌ្ឍទៅរកភាពជាសះស្បើយប្រហែល ៩១% នៃសួតរបស់អ្នកជំងឺ តាមរយៈរូបថតពីកាំរស្មីអ៊ិច។ ហើយអ្នកជំងឺដែលប្រើប្រាស់ថ្នាំព្យាបាលដទៃ មានភាពជាសះស្បើយសួតបានប្រហែល ៦២% ។

ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃថ្នាំ Avigan នៅក្នុងការធ្វើតេស្តកន្លងទៅនេះ លោកនាយកនៃមជ្ឈមណ្ឌលជាតិអភិវឌ្ឍជីវបច្ចេកវិទ្យាចិន Zhang Xinmin បានធ្វើការណែនាំជាផ្លូវការ ឱ្យមានការប្រើប្រាស់ថ្នាំ Avigan ដើម្បីព្យាបាលអ្នកជំងឺវីរុសកូវីដ១៩។

សូមជម្រាបថា ក្រុមហ៊ុនចិនមួយ បានទទួលការឯកភាពពីរដ្ឋាភិបាលចិន កាលពីខែមុន ដើម្បីធ្វើការផលិតថ្នាំ Avigan ជាលក្ខណៈទ្រង់ទ្រាយធំតែម្ដង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)