Everton ត្រៀមនាំយកកីឡាកររបស់ក្លិប Real Madrid ពីររូប ដើម្បីដោះស្រាយចន្លោះខ្វះខាត

SaroeunPheara 2020-04-04 09:53:55
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ក្លិបស្ករគ្រាប់ Everton ត្រូវបានរាយការណ៍មកថា កំពុងតែចាប់អារម្មណ៍នាំយកកីឡាករពីររូបរបស់ក្លិបស្តេចស Real Madrid នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

យោងតាមកាសែតអេស្ប៉ាញ Marca បានឱ្យដឹងថា អ្នកចាត់ការទូទៅក្លិប Everton លោក Carlo Ancelotti នឹងនាំយកខ្សែបម្រើ James Rodriguez និងខ្សែបម្រើប្រយុទ្ធ Gareth Bale របស់ក្លិបស្តេចសខាងលើមកចូលរួមក្រុមនារដូវក្តៅនេះ។

កីឡាករទាំងពីររូបនេះសុទ្ធសឹងតែជាអតីតកីឡាកររបស់លោក Ancelotti ក្នុងកំឡុងពេលដែលលោកនៅដឹកនាំក្លិប Real Madrid នៅចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ដោយពេលនោះលោកបានចុះហត្ថលេខាយកពួកគេទាំងពីររូបនេះមកចូលរួមក្រុមផងដែរ។

ក្រោយចាកចេញពី Real Madrid អ្នកចាត់ការទូទៅរូបនេះ បានទៅដឹកនាំក្លិបមួយចំនួនដូចជា Bayern Munich, Napoli និង Everton បច្ចុប្បន្ន។

នៅខណៈពេលដែលកំពុងដឹកនាំក្លិប Everton លោកចង់បាន Rodriguez មកពព្រឹងតំបន់បម្រើ និង Bale មកពព្រឹងតំបន់ប្រយុទ្ធបន្ថែមទៀត ស្របពេលដែលកៅអីរបស់កីឡាករទាំងពីររូបនេះនៅទឹកដី Santiago Bernabéu កំពុងជាប់គាំងក្រោមការដឹកនាំរបស់លោក Zidane នៅរដូវកាលនេះ។

Rodriguez ត្រូវបានក្លិប Bayern Munich ខ្ចីជើងមួយរដូវកាល ក្រោយមកបានវិលមកកាន់ទ្រនំចាស់វិញ ប៉ុន្តែរូបគេមិនស្ថិតក្នុងការជ្រើសរើសជាកីឡាករជម្រើស១១នាក់របស់លោក Zidane ឡើយ ពោលគឺជាងមួយរដូវកាលនេះមានឱកាសចូលលេងតែ ៧ប្រកួតប៉ុណ្ណោះ។

ចំណែកឯ Bale ក៏មិនស្ថិតក្នុងការជ្រើសរើសជាកីឡាករជម្រើស១១នាក់របស់លោក Zidane ផងដែរ ក្រោយរូបគេមានបញ្ហារបួសរុំារៃធ្វើឱ្យធ្លាក់ទម្រង់លេង ហើយក្លិបក៏មានគម្រោងឱ្យខ្លួនគេផ្ទាល់ចាកចេញនៅរដូវក្តៅនេះផងដែរ។

ក្រោយសង្កេតឃើញកាលៈទេសៈបែបនេះ លោក Ancelotti គ្រោងនឹងនាំយកកីឡាករទាំងពីររូបនេះមកចូលរួមក្រុមរបស់ខ្លួន ហើយឱកាសលេងជាជម្រើស១១នាក់ដំបូងក៏មានច្រើនសម្រាប់ពួកគេទាំងពីរផងដែរ ប្រសិនបើយល់ព្រមផ្លាស់មកកាន់ទឹកដីអង់គ្លេសជាមួយក្លិប Everton នៅរដូវក្តៅនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ daily mail

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប