TNAOT News

· 2020-04-04

ស្រុកបន្ទាយស្រី នឹងមានរថយន្តដឹកសំរាមខ្នាតតូចដំបូងគេ នៅកម្ពុជា

#សំរាម# #បន្ទាយស្រី# #សង្គម# #បរិស្ថាន# #នយោបាយជាតិ#

3118

សៀមរាប៖ រដ្ឋាភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ទទួលបានរថយន្តដឹកសំរាមខ្នាតតូចចំនួន ៦គ្រឿង ពីក្រសួងបរិស្ថាន ដើម្បីអនុវត្តន៍គម្រោងបន្ទាយស្រីស្អាតឆ្នាំ២០២០ របស់អភិបាលវ័យក្មេងលោក ឃឹម ហ្វីណង់។ 

លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា រថយន្តដឹកសំរាមខ្នាតតូចទាំង៦នេះ នឹងចេញទៅដឹកសំរាមនៅតាមបណ្តាឃុំទាំង៦ របស់ស្រុកបន្ទាយស្រី មកដាក់កន្លែងរួមមួយ ដើម្បីងាយស្រួលឱ្យរថយន្តធំដឹកបន្តទៅកាន់ឡដុតសំរាមតែម្តង។ ក្នុងនាមជាស្រុកតំបន់ទេសចរណ៍មួយរបស់ខេត្តសៀមរាប គឺពិតជាមានការចាំបាច់ណាស់ ត្រូវមានយន្តការមួយជាក់លាក់ក្នុងការគ្រប់គ្រងសំរាម ដែលរហូតមកដល់បច្ចុប្បន្ននេះ សំរាមនៅក្នុងស្រុកបន្ទាយស្រី នៅតែមានការរាយប៉ាយនៅតាមទីសាធារណៈនៅឡើយ។ 

លោកបន្ថែមទៀតថា ជាមួយគ្នានេះ នៅពេលអាជ្ញាធរធ្វើការគ្រប់គ្រងសំរាមបានល្អហើយនោះ អាជ្ញាធរនឹងចាប់ផ្តើមរឹតបន្តឹងការបោះចោលសំរាមពាសវាលពាសកាលឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ក្នុងគោលដៅភូមិនៅបន្ទាយស្រីគ្មានថង់ប្លាស្ទិក។

លោកអភិបាលស្រុកដ៏ឆ្នើមរូបនេះ ក៏បានអះអាងទៀតថា សំរាម គឺជាចំណែកមួយតូចក្នុងយុទ្ធនាការធំបន្ទាយស្រីស្អាតឆ្នាំ២០២០ ហើយដើម្បីឱ្យយុទ្ធនាការនេះ ដំណើរការទៅដោយជោគជ័យ អាជ្ញាធរចាំបាច់ធ្វើការណែនាំអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីរបៀបនៃការទុកដាក់សំរាម ការញែកសំរាមឱ្យបានត្រឹមត្រូវផងដែរ៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស