
TNAOT News
· 2020-04-04
តើពលរដ្ឋនៅលើពិភពលោកជាង១លាន ឬ១០លាននាក់ ឆ្លងកូវីដ-១៩?
#ពិភពលោក# #COVID-19# #អូស្រ្ដាលី# #អឺរ៉ុប# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម#
6049
បច្ចុប្បន្ន នៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩ ជាង១លាននាក់ និងស្លាប់ជាង៥៩ពាន់នាក់។ ប៉ុន្តែបើតាមក្រុមអ្នកឯកទេសផ្នែកវេជ្ជសាស្រ្ដ បានបញ្ជាក់ថា ចំនួនអ្នកឆ្លងពិតប្រាកដ គឺអាចនឹងមានច្រើនជាងនេះ ព្រោះនៅលើពិភពលោកខ្វះឧបករណ៍ធ្វើតេស្ត ស្វែងរកកូវីដ១៩។ មិនតែប៉ុណ្ណោះ អ្នកមានអាការជំងឺស្រាល មិនត្រូវបានរាប់បញ្ចូលឡើយ ហើយប្រទេសមួយចំនួនក៏នៅតែមានការលាក់បាំងតួលេខពិតប្រាកដអំពីការឆ្លងរាលដាល នៃវីរុសនេះដែរ។
មន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាលអូស្ត្រាលី លោក Brendan Murphy បានវាយតម្លៃថា ចំនួនអ្នកឆ្លងកូវីដ១៩ អាចនឹងកើនដល់១០លាននាក់ហើយ ប៉ុន្តែតួលេខខ្លះមិនត្រូវបានកត់ត្រាចូលក្នុងបញ្ជី ដោយសារតែអ្នកទាំងនោះមិនទាន់បានធ្វើតេស្ត។
លោក Brendan Murphy បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា «រហូតមកដល់ពេលនេះ យើងឃើញមានអ្នកឆ្លង ជាង១លាននាក់ហើយ នៅលើពិភពលោក។ ប៉ុន្តែតួលេខ នៃចំនួនអ្នកឆ្លងពិតប្រាកដ អាចនឹងច្រើន ជាងនេះ ចន្លោះពី៥-១០ដង»។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានអំពាវនាវឲ្យបង្កើនការត្រួតពិនិត្យ ធ្វើតេស្តស្វែងរកវីរុសឲ្យបានលឿនបំផុត ដើម្បីចៀសវាងស្ថានការណ៍ នៃការរាតត្បាតកាន់តែធ្ងន់ជាងនេះ។
បច្ចុប្បន្ន អូស្ត្រាលី មានអ្នកឆ្លង កើនឡើងជាង៥៥០០ នាក់ និងស្លាប់៣០នាក់ ហើយអ្នកត្រូវបានព្យាបាលជាសះស្បើយ មានចំនួន៦៣៦នាក់។ ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលីបាន និងកំពុងចាត់វិធានការយ៉ាងតឹងរឹងបំផុត ដើម្បីទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ដោយខ្លាចការឆ្លងរាលដាលកាន់តែច្រើន ធ្លាក់ចូលក្នុងស្ថានការណ៍ ដូច នៅតំបន់អឺរ៉ុប និងអាមេរិក៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)