TNAOT News

· 2020-04-04

វៀតណាមត្រៀមលក្ខណៈ សង្រ្គោះសេដ្ឋកិច្ចរយៈពេលខ្លី ពីកូវីដ១៩

#COVID-19# #សេដ្ឋកិច្ច# #សង្គម# #វៀតណាម# #បទបញ្ជា# #នយោបាយជាតិ#

8330

នាយករដ្ឋមន្រ្ដីវៀតណាម កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ បានដឹកនាំប្រជុំមន្រ្ដីរដ្ឋាភិបាល ដើម្បីអនុវត្ដតាមបទបញ្ជា ឲ្យនៅឆ្ងាយពីគ្នា រយៈពេល១៥ថ្ងៃ ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

លោក ង្វៀន ស្វឹនភុក​ (Nguyễn Xuân Phúc) កាលពីថ្ងៃទី៣ ខែមេសា បានថ្លែងជាដដែលថា ការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាល គឺដើម្បីការពារសុខភាពសាធារណៈ ថ្វីត្បិតតែត្រូវសង្រ្គោះសេដ្ឋកិច្ច ក្នុងរយៈពេលខ្លីយ៉ាងក្ដី។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី​ ក៏បានជំរុញដល់វិស័យផ្សេងៗ និងមូលដ្ឋាននានា ត្រូវអនុវត្ដវិធានការនេះឲ្យបានឆាប់រហ័ស។

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រដ្ឋាភិបាលបានធ្វើសេចក្ដីព្រាងដំណោះស្រាយទៅលើសុខុមាលភាពសង្គម ហើយនិងចេញវិធានការក្នុងពេលឆាប់ៗនេះ ដើម្បីគាំទ្រដល់ប្រជាជន រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវីរុសរាតត្បាត រួមទាំងកម្មករក្រីក្រ ប្រជាជនក្រីក្រ និងអ្នករស់នៅក្នុងស្ថានភាពដ៏លំបាក។ រីឯវិស័យផ្សេងៗ និងមូលដ្ឋាននានា ត្រូវបានជំរុញឲ្យយកចិត្តទុកដាក់ទៅលើអ្នកក្រីក្រ និងធ្វើឲ្យប្រាកដប្រជា ទៅលើតម្រូវការរស់នៅជាមូលដ្ឋានរបស់ប្រជាជន ដូចជា អគ្គិសនី ទឹក អាហារ និងថ្នាំសង្កូវ…ជាដើម។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាឲ្យដាក់ទោសទណ្ឌឲ្យធ្ងន់ដល់អ្នកបំពានទៅលើច្បាប់ប្រឆាំងនឹងកូវីដ១៩ និងអ្នកលក់ផលិតផលក្លែងក្លាយ ឬខូចគុណភាព នៅក្នុងអំឡុងការផ្ទុះឡើង នៃកូវីដ១៩។

សូមជម្រាបថា បើគិតត្រឹមវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ១៩ ចំនួន២៣៩នាក់ ក្នុងនោះជាសះស្បើយ ចំនួន៩០នាក់។ ទោះជាយ៉ាងណា ចំនួនអ្នកស្លាប់ ដោយសារកូវីដ១៩ នៅក្នុងប្រទេសវៀតណាម មិនទាន់មានឡើយ៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស