TNAOT News

· 2020-04-09

ដឹងខ្លួនឯងថាមិនអាចឈ្នះបាន លោក Sanders ប្រកាសគាំទ្រ Joe Biden ពេញទំហឹង

#Bernie Sanders# #Donald Trump# #Joe Biden# #សង្គម# #ប្រធានាធិបតីអាមេរិក# #បោះឆ្នោត# #នយោបាយជាតិ#

1052

លោក Bernie Sanders សមាជិកព្រឹទ្ធសភា ប្រចាំនៅរដ្ឋ Vermont សហរដ្ឋអាមេរិក​ បានប្រកាសដកខ្លួន លែងជាអ្នកប្រកួតប្រជែងបេក្ខភាព​តំណែងប្រធានាធិបតីអាមេរិក​របស់គណបក្សប្រជាធិបតេយ្យទៀតហើយ។

លោក​បានថ្លែងថា "ខ្ញុំបានសន្និដ្ឋានថា ការប្រកួតប្រជែងរបស់ខ្ញុំ ​សម្រាប់បេក្ខភាព​ប្រធានាធិបតី នៃ​គណបក្សប្រជាធិបតេយ្យ នឹងមិនទទួលបានជោគជ័យនោះទេ។ ដូច្នេះថ្ងៃនេះ ខ្ញុំសូមប្រកាសផ្អាកយុទ្ធនាការរបស់ខ្ញុំ"។

លោក Sanders បានប្រកាសផ្អាក​យុទ្ធនាការ​របស់គាត់ តាមរយៈវីដេអូផ្សាយបន្តផ្ទាល់ ​កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក)​​ ។ លោកបានថ្លែងថា ជ័យជម្នះ​របស់លោក​មិនអាច​ទៅរួចនោះទេ។ 

លោក Sanders អាយុ​៧៨ឆ្នាំ បានចាប់ផ្តើម​​ប្រកួតប្រជែង​ឈរឈ្មោះ ជាបេក្ខភាព​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០របស់គណបក្សប្រជាធិបតេយ្យ​។ នៅពេលដំបូង​ទី លោកទទួលបានសំឡេងគាំទ្រ​ភ្លូកទឹកភ្លូកដី ប៉ុន្តែ​រហូត​ដល់រដ្ឋ South Carolina ស្រាប់តែ​ចាញ់​សំឡេង​ លោក Joe Biden ទៅវិញ ។ 

នេះជាការ​បោះបង់ចោល​លើកទីពីរ​របស់លោក Sanders នៅក្នុងការប្រកួតប្រជែង​បេក្ខភាព​ប្រធានាធិបតី ​​​​នៅក្នុងគណបក្សរបស់ខ្លួន។ កាលពីឆ្នាំ​២០១៦​ លោកបានបោះបង់ចោល​​ បន្ទាប់ពី​មិនអាច​ឈកឈ្នះ​ទៅលើ​លោកស្រី ហ៊ីឡារី គ្លីនតុន ។ 

លោក Sanders បានសម្រេចចិត្ត​បញ្ឈប់​យុទ្ធនាការ​របស់ខ្លួន ហើយប្រកាស​គាំទ្រ​លោក Biden ពេញទំហឹង ដើម្បីប្រកួតប្រជែង​ជាមួយ​ប្រធានាធិបតី​បច្ចុប្បន្ន លោក ដូណាល់ ត្រាំ ដែលកំពុង​មាន​ភាពខ្សោយ​ លើការប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាមេរិក។ 

លោក Sanders បានថ្លែងថា «ថ្ងៃនេះ ខ្ញុំសូមអបអរសាទរ​ចំពោះ​លោក Joe Biden ជាបុរស​ម្នាក់សមរម្យណាស់​ ហើយខ្ញុំ​នឹង​ធ្វើការជាមួយ ​ដើម្បីផ្លាស់ប្តូរ​គំនិតរីកចម្រើនរបស់យើង​ឆ្ពោះទៅមុខ»។  

ដូច្នេះ​ចាប់ពីពេលនេះតទៅ ការប្រកួតប្រជែង​តំណែងប្រធានាធិបតីអាមេរិក នាឆ្នាំ​២០២០ បានចាប់ផ្តើមហើយ រវាងគណបក្ស​ប្រជាធិបតេយ្យ​ គឺមានបេក្ខភាព​​ Joe Biden និងគណបក្សសាធារណរដ្ឋ មាន​លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីបច្ចុប្បន្ន ។

ការស្ទង់មតិ​របស់ RealClearPolitics កាលពីថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២០​ បានបញ្ជាក់ថា បេក្ខភាព Joe Biden ទទួលបាន៦ពិន្ទុ​ នាំមុខ​​​​លោក ដូណាល់ ត្រាំ​។ ប៉ុន្តែ​នៅតែមានភាពច្របូកច្របល់​ និងការប្រែប្រួល​​ទៀត នៅមុនការបោះឆ្នោត​ប្រធានាធិបតី​ ដែលគ្រោងធ្វើឡើង​ នៅ​ខែវិច្ឆិកា ឆ្នាំ២០២០នេះ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)