TNAOT News
· 2020-04-09
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោះលែងអ្នកទោសតាលីបង់១០០នាក់
#សង្គម# #តាលីបង់# #អាហ្វហ្គានីស្ថាន# #អ្នកទោស# #នយោបាយជាតិ# #សហរដ្ឋអាមេរិក#
951
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានដោះលែងអ្នកទោសតាលីបង់ ចំនួន១០០នាក់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ គឺមួយថ្ងៃ ក្រោយពេលក្រុមប្រដាប់អាវុធនេះដើរចេញពីកិច្ចប្រជុំជាមួយរដ្ឋាភិបាលទីក្រុងកាប៊ុល។នេះបើតាមមន្ត្រីរដ្ឋាភិបាលម្នាក់ បានថ្លែងបញ្ជាក់ប្រាប់។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថាន លោក Javid Faisal បានថ្លែងថា រដ្ឋាភិបាលសាធារណរដ្ឋអ៊ិស្លាមអាហ្វហ្គានីស្ថាន បានដោះលែងអ្នកទោស ចំនួន១០០នាក់ នៅថ្ងៃនេះ ដោយផ្អែកលើស្ថានភាពសុខភាព បញ្ហាអាយុ និងរយៈពេល នៃការជាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ពួកគេ។ ការដោះលែងនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារសន្តិភាព នៅក្នុងប្រទេសនេះឡើងវិញ។
ក្រុមតាលីបង់បានចោទប្រកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថានថា រដ្ឋាភិបាលទីក្រុងកាប៊ុល បានពន្យារពេលវេលាដោះលែងអ្នកទោស តាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក នៅទីក្រុងដូហាប្រទេសកាតារ។
សត្រូវទាំងពីរបាននិងកំពុងចរចាគ្នា ចាប់តាំងពីរសប្តាហ៍មុនមកម្ល៉េះ ដើម្បីព្យាយាមសម្រេចបានចុងក្រោយនូវការដោះលែងអ្នកទោសគ្នា ដើម្បីជំរុញឲ្យមានកិច្ចពិភាក្សា ស្ដីអំពីសន្តិភាព រវាងទីក្រុងកាប៊ុល និងក្រុមតាលីបង់។
ការដោះដូរអ្នកទោសបានជួបនូវឧបសគ្គជាច្រើន ដោយសាររដ្ឋាភិបាលកាប៊ុល អះអាងថា ក្រុមតាលីបង់ចង់ឲ្យដោះលែងមេបញ្ជាការកំពូល១៥នាក់។ ចំណែកក្រុមតាលីបង់វិញ បានចោទអាជ្ញាធរអាហ្វហ្គានីស្ថានថា កំពុងតែពន្យារពេលឲ្យយូរ និងធ្វើឲ្យខ្ជះខ្ជាយពេលវេលា។
គួរបញ្ជាក់ថា អាមេរិក បានចុះហត្ថលេខាជាមួយក្រុមតាលីបង់ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ តម្រូវឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមិនមែនជាហត្ថលេខី នៃកិច្ចព្រមព្រៀងនេះ ដោះលែងអ្នកទោសតាលីបង់ប្រហែល៥០០០នាក់ ហើយជាការជំនួសមកវិញនោះ ក្រុមតាលីបង់ក៏នឹងដោះលែងកងកម្លាំងរដ្ឋាភិបាលដែលត្រូវពួកគេចាប់បាន ចំនួន១ ០០០នាក់ ។
នៅពេលភាគទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដោះដូរអ្នកទោសគ្នាហើយនោះ ទីក្រុងវ៉ាស៊ីនតោន សន្យាថា នឹងដកកងកម្លាំងបរទេសទាំងអស់ ចេញពីអាហ្វហ្គានីស្ថានឲ្យបានមុន នៅខែកក្កដា ឆ្នាំ២០២១ ហើយក្រុមតាលីបង់ ត្រូវតែធានាអំពីសន្តិសុខ និងសុវត្ថិភាព នៅក្នុងប្រទេសនេះ។
កាលពីថ្ងៃទី៧ ខែមេសា លោក Suhail Shaheen អ្នកនាំពាក្យ នៃការិយាល័យនយោបាយក្រុមតាលីបង់ មានមូលដ្ឋាន នៅប្រទេសកាតារ បានថ្លែងថា ខ្លួនបានហៅក្រុមចរចាចេញពីទីក្រុងកាប៊ុល ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីក្រុមនេះបានផ្អាកពិភាក្សាលើការដោះដូរអ្នកទោសជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។
អ្នកនាំពាក្យ Shaheen បានសរសេរនៅលើ Twitter ថា «ចេតនាពន្យារពេលក្នុងការដោះលែងអ្នកទោសរបស់ពួកគេ គឺរំលោភបំពានលើកិច្ចព្រមព្រៀងសន្តិភាព។ ហេតុដូច្នេះយើងបានហៅក្រុមបច្ចេកទេសរបស់យើងចាកចេញពីទីក្រុងកាប៊ុលវិញ» ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទំនាក់ទំនងទាំង ៥ កាន់តែជិតស្និទ្ធ នឹងគ្មានថ្ងៃធ្វើឱ្យអ្នកខកចិត្តឡើយ
ការិយាល័យសិទ្ធិមនុស្ស UN៖ អ៊ីស្រាអែល នៅតែរឹតបន្តឹងដោយខុសច្បាប់លើជំនួយហ្កាហ្សា
កុំបារម្ភអី! សញ្ញាទាំង ១០ មើលទៅដូចជាអាក្រក់ តែវាបញ្ជាក់ថា ជីវិតរបស់អ្នកកំពុងតែប្រសើរឡើងហើយ
ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ
យោបល់ទាំងអស់ (0)