TNAOT News

· 2020-04-09

ប្រធានអង្គការសុខភាពពិភពលោក​ រងការគំរាមសម្លាប់

#ពិភពលោក# #COVID-19# #សង្គម# #ព័ត៌មានសង្គម# #អង្គការសុខភាពពិភពលោក# #WHO#

1113

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក​ Tedros Adhanom Ghebreyesus បានឲ្យដឹងថា លោកប្រឈមនឹងការគំរាមកំហែង ជាច្រើនលើកមកហើយ នាពេលកន្លងមក ដោយមានទាំងការប្រកាន់​ជាតិសាសន៍ និងការព្រមាន​ដល់រូបលោក ពាក់ព័ន្ធនឹងការឆ្លងរាលដាល នៃកូវីដ-១៩ នេះ។

ថ្លែងនៅក្នុងសន្និសីទកាសែត​នោះ ប្រធានអង្គការ ​WHO ​ បានបញ្ជាក់ថា «ខ្ញុំសូមប្រាប់អស់លោកថា​ ខ្ញុំរងការគំរាមកំហែង ប្រមាថ ប្រកាន់ជាតិសាសន៍ និងគំរាមសម្លាប់ អស់​រយៈពេលជិត​៣ខែកន្លង​មកហើយ ប៉ុន្តែខ្ញុំមិនយកចិត្តទុកដាក់ នៅក្នុងរឿងនោះឡើយ»។ លោក Tedros បន្តទៀតថា «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋ​ទាំងអស់ មិនត្រូវភ្ជាប់បញ្ហាកូវីដ-១៩ ទៅនឹងស្ថានភាពនយោបាយនោះទេ ហើយត្រូវបញ្ឈប់ការចោទប្រកាន់ និងប្រមាថដល់អ្នកដទៃ​បន្ដទៀត»។

លោក​ Tedros បានបន្តទៀតថា អស់លោកបានចំណាយពេលវេលាអត់ប្រយោជន៍។ ពេលនេះ មិនមែនជាពេលវេលាសម្រាប់ការថ្កោលទោសគ្នានោះឡើយ គឺយើងត្រូវតែសាមគ្គីគ្នា ដើម្បីយកជ័យជម្នះ នៅក្នុង​សង្គ្រាម​ប្រឆាំង​នឹងកូវីដ-១៩ ។

អង្គការសុខភាពពិភព ត្រូវបានគេរិះគន់ថា ​លម្អៀងទៅខាងចិន ជឿលើតួលេខរបស់ចិន អំពីចំនួនអ្នកឆ្លង និងស្លាប់ ទើបធ្វើឲ្យប្រទេសជាច្រើនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យមានអ្នកស្លាប់ និងឆ្លងជាច្រើន បែបនេះ ជាពិសេស គឺអាមេរិក និងអឺរ៉ុប ។ បច្ចុប្បន្ន កូវីដ-១៩ កំពុងតែរាតត្បាតពាសពេញពិភពលោកទាំងមូល ដោយមានប្រទេស និងដែនដី រហូតដល់ទៅ​២២៥ មានការឆ្លងកូវីដ-១៩ ដោយមានពលរដ្ឋសរុបជាង​១,៥ លាននាក់ បានឆ្លង និងស្លាប់ជិត​៩០ពាន់នាក់ ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស