TNAOT News

· 2020-04-10

IMF ៖ វិបត្តិសេដ្ឋកិច្ច​ខ្លាំងបំផុត​ ចាប់តាំងពីមហាវិបត្តិ​ឆ្នាំ១៩៣០

#ពិភពលោក# #COVID-19# #IMF# #អាជីវកម្ម# #វិបត្ដិសេដ្ឋកិច្ច# #សង្គម# #មហាវិបត្ដិ# #រូបិយវត្ថុអន្តរជាតិ​#

7519

ប្រធានរូបិយវត្ថុអន្តរជាតិ​ (IMF)​ បានព្រមានថា ការឆ្លងរាតត្បាត​វីរុស​ COVID-19 នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកអវិជ្ជមានដ៏ខ្លាំងបំផុត​ នៅក្នុងឆ្នាំនេះ ។ 

ប្រភពប៊ីប៊ីស៊ីបានផ្សាយ​ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ថា លោកស្រី Kristalina Georgieva បានថ្លែងថា ពិភពលោក​បានប្រឈម​ទៅនឹងវិបត្តិ​សេដ្ឋកិច្ច​បំផុត ចាប់តាំងពី​មហាវិបត្តិសេដ្ឋកិច្ច ​កាលពីឆ្នាំ​១៩៣០​តរៀងមក។

លោកស្រីបានព្យាករថា នៅក្នុងឆ្នាំ២០២១ ស្ថានភាព​នឹង​ធូរស្រាល​ ដោយផ្នែកឡើងវិញ​ផងដែរ ។ 

ការបិទប្រទេស​ដែលអនុវត្ត​ឡើង ដោយរដ្ឋាភិបាល​នៃប្រទេស​ទាំងឡាយ ​បានបង្ខំឲ្យក្រុមហ៊ុនជាច្រើន​បិទទ្វារ និង​បញ្ឈប់​បុគ្គលិក​ពីការងារ ។ 

កាលពីដើមសប្តាហ៍នេះ ការសិក្សាស្រាវជ្រាវ​មួយរបស់អង្គការសហប្រជាជាតិ ​បញ្ជាក់ថា ប្រហែល​៨១ភាគរយ ​នៃកម្លាំងពលកម្ម​ពិភពលោក​ ៣,៣ ពាន់លាននាក់ ការបំពេញ​ការងាររបស់ពួកគេ​ ត្រូវបានបិទទាំង​ស្រុង ឬបិទដោយផ្នែក ដោយសារ​តែការឆ្លងរាតត្បាត​ពីវីរុស។

លោកស្រី Georgieva នាយកគ្រប់គ្រង IMF បានថ្លែង​ដូច្នេះ នៅមុនពេល​ជំនួប​ស្តីអំពី​ «កិច្ចប្រជុំនិទាឃរដូវ»​ រវាង IMF និងធនាគារ​ពិភពលោក​ធ្វើឡើង​សប្តាហ៍​ខាងមុខនេះ ។ 

លោកស្រីបានថ្លែងថា ទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍ នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដោយទាមទារជំនួយបរទេសរាប់រយលានដុល្លារ ។

លោកស្រីមានប្រសាសន៍ថា «កាលពី៣ខែមុន យើងរំពឹងថា នឹងមានកំណើនប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ ជាង១៦០ប្រទេស ក្នុងឆ្នាំ២០២០» ។ ប៉ុន្ដែឥឡូវនេះបានប្រែក្លាយទៅជាប្រទេសជាង ១៧០ នឹងជួបប្រទះនូវកំណើនប្រាក់ចំណូលអវិជ្ជមានសម្រាប់មនុស្សម្នាក់ នៅឆ្នាំនេះទៅវិញ ។

លោកស្រីបានបន្ថែមទៀតថា «តាមពិត យើងនឹងមានការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ច នាឆ្នាំ១៩៣០នោះរហូតមក»។

លោកស្រី Georgieva បានថ្លែងថា ប្រសិនបើជំងឺរាតត្បាតបានធូរស្រាល នៅឆមាសទី២ នៃឆ្នាំ២០២០ IMF រំពឹងថា នឹងមានការងើបឡើងវិញមួយផ្នែក នៅឆ្នាំក្រោយ។ ប៉ុន្តែលោកស្រីបានព្រមានថា ស្ថានភាព ក៏អាចកាន់តែអាក្រក់ផងដែរ។

លោកស្រីបានថ្លែងថា «ខ្ញុំសង្កត់ធ្ងន់ថា មានភាពមិនប្រាកដប្រជាយ៉ាងខ្លាំង អំពីទស្សនវិស័យ ។ វាអាចកាន់តែអាក្រក់ អាស្រ័យលើកត្តាអថិរជាច្រើន រួមទាំងរយៈពេលការរាតត្បាត នៃជំងឺCOVID-19នេះ៕ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)