SokhaKrom

· 2020-04-13

តើការប្រើប្រាស់ទឹកអាកុលច្រើនពេក ប៉ះពាល់អ្វីខ្លះ?

#SokhaKrom# #ចំណេះដឹង# #ទឹកអាល់កុល# #ការលាងដៃ# #អប់រំ និងការងារ#

22195

បើទោះបីជា ការលាងដៃជាមួយសារធាតុអាល់កុលជាជម្រើសដ៏ល្អ ដែលអាចសម្លាប់មេរោគ បាក់តេរី និងវីរុស (ភ្នាក់ងារចម្លងរោគ) តែអ្នកជំនាញខាងផ្នែកវេជ្ជសាស្ត្រ បានណែនាំថា ការលាងដៃជាមួយអាល់កុលញឹកញាប់ពេក និងលើកកម្រិតក្នុងមួយថ្ងៃ វាផ្ដល់ផលប៉ះពាល់ដល់សុខភាពស្បែក ។ 

ជាក់ស្ដែង នៅពេលយើងប្រើទឹកអាល់កុលច្រើនពេក សារធាតុអាល់កុលនឹងកាត់ស្បែករបស់យើង (ស្បែកជារបាំងការពារពីបាក់តេរី និងមេរោគផ្សេងៗ) វាបង្កឱ្យភ្នាក់ងារចម្លងរោគទាំងនោះ ងាយឆ្លងចូលមកក្នុងរាងកាយយើងតាមរយៈស្បែកដែលត្រូវសារជាតិអាល់កុលកាត់ ។ ហើយក្នុងស្ថានភាពស្បែកស្ងួត របួស និងដំបៅ បង្កភាពងាយស្រួលដល់មេរោគ ក្នុងការលាក់ខ្លួន និងចម្លងរោគ (វីរុសចូលក្នុងខ្លួនតាមរយៈស្បែក) ។ 

ដើម្បីកាត់បន្ថយការលាងដៃជាមួយទឹកអាកុលញឹកញាប់ យើងអាចលាងដៃជាមួយសាប៊ូរយៈពេល ៣០ នាទីម្តង។ បានន័យថា ក្នុងមួយថ្ងៃ យើងលាងដៃជាមួយអាល់កុលផង និងសាប៊ូផង។ ចំពោះ សម្ភារៈក្នុងផ្ទះ យើងមិនចាំបាច់លាងជាមួយនឹងអាល់កុលនោះទេ យើងអាចប្រើប្រាស់ទឹកសម្លាប់មេរោគធម្មតាបានហើយ។ 

ជាមួយគ្នានេះដែរ យើងគួរប្រើកន្សែងស្អាត ឬក្រដាស់អនាម័យ ជូតដៃឱ្យស្ងួត ព្រោះថា ដៃសើមជាមូលហេតុធ្វើឱ្យមានបញ្ហាស្បែក និងបង្កភាពងាយស្រួលដល់ភ្នាក់ងារបង្ករោគចូលក្នុងស្បែកបាន។ 

ទន្ទឹមនឹងនេះដែរ សម្ព័ន្ធឱសថការីកម្ពុជា បានណែនាំពី ការប្រើប្រាស់ទឹកលាងដៃ និងអាល់កុល ២ប្រភេទ គឺ មេតាណុល (Methanol CH3-OH) និងអេតាណុល (Ethanol CH3-CH2-OH)។ ប៉ុន្តែ អាល់កុលប្រភេទ មេតាណុល ត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្ន នៅពេលប្រើប្រាស់។

ចំពោះអាល់កុលប្រភេទមេតាណុល (Methanol CH3-OH) នេះ អាចសម្លាប់មេរោគបានដូចគ្នា ប៉ុន្តែវាជាសារធាតុពុល ប្រសិនណាបើយើងយកមកលាងដៃ ដែលមានដំបៅ របួស ឬលាងរបួស អាចបង្កផលប៉ះពាល់ដល់សុខភាព។ អេតាណុល ខុសពី មេតាណុល ដោយកំណត់សម្គាល់សាមញ្ញគឺ អេតាណុល មានក្លិនឈួល នៅពេលយើងបើកគំរប រីឯ មេតាណុល គឺគ្មានក្លិនឈួលនោះទេ។

បន្ថែមពីលើនេះដែរ របៀបណែនាំក្នុងការប្រើប្រាស់ទឹកអាល់កុលសម្លាប់មេរោគ គឺ៖ 

១. សូមបាញ់ទឹកអាល់កុលលើដៃ និងទូរស័ព្ទ ជារៀងរាល់ថ្ងៃ ព្រោះថា ដៃ និងទូរស័ព្ទ យើងប៉ះពាល់ផ្ទាល់ញឹកញាប់បំផុត ។ 

២. សូមកុំបាញ់ទឹកអាល់កុលក្បែរចរន្តអគ្គិសនី និងភ្លើង ព្រោះវាបង្កឱ្យមានការឆាបឆេះបាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស