TNAOT News
· 2020-04-13
សម្តេច ស ខេង ឲ្យបង្កើនការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការដាក់កំហិតការធ្វើដំណើរ
#ការធ្វើដំណើរ# #សង្គម# #នយោបាយជាតិ# #ការដាក់កំហិត# #រាជរដ្ឋាភិបាល#
3398
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានជម្រុញឱ្យសមត្ថកិច្ចទាំងអស់បង្កើនការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។
ថ្លែងក្នុងពិធីប្រគល់រថយន្តដល់ស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារៈការពារជំងឺកូវីដ១៩ ដល់អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអនុវត្តបទបញ្ជានេះ ជឿថាគឺមិនអាចអនុវត្តន៍បានមួយរយភាគរយនោះទេ ដោយសារតែបទបញ្ជានេះមិនបានបើកផ្លូវឱ្យសមត្ថកិច្ចអនុវត្តន៍វិធានការផ្លូវច្បាប់ តឹងរឹងចំពោះអ្នក ដែលបានបំពាននូវអ្វី ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
សម្ដេចក្រឡាហោមបានបន្ថែមថា សម្រាប់ការអនុវត្តបញ្ជានេះគឺសមត្ថកិច្ចគ្រាន់តែអំពាវនាវឱ្យពួកគាត់យល់នឹងចូលរួមអនុវត្តន៍តែប៉ុណ្ណោះ។ សម្តេចក្រឡាហោមកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមួយចំនួននៅពេលដែលពួកគាត់មិនអាចធ្វើដំណើរទៅតាមផ្លូវជាតិបាន ពួកគេបែរជាទៅធ្វើដំណើរតាមផ្លូវតូចៗវិញ ហើយអ្នកខ្លះទៀតធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរជារថយន្ត លុះដល់ត្រង់ចំណុចសមត្ថកិច្ចត្រួតពិនិត្យ ពួកគេបែរជាចុះដើរទៅវិញក៏មានដែរ ។
សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ អនុវត្តន៍ចាប់ពីម៉ោង ២៤ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)