TNAOT News
· 2020-04-14
វត្តនៅភ្នំពេញខ្សត់ចង្ហាន់ដោយសារពុទ្ធបរិស័ទខ្លាចជំងឺកូវីដ១៩
#បង្កាទប់ស្កាត់ករណីឆ្លង# #កង្វះអាហារ# #អាហារមានអនាម័យ# #សង្គម# #ព័ត៌មានសង្គម#
8672
ព្រះសង្ឃឆ្នាំនេះ បានទទួលចង្ហាន់និងទេយ្យទានតិចតួចបំផុត សម្រាប់ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយហេតុថាប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ មិនហ៊ានចេញពីផ្ទះ ព្រោះបារម្ភខ្លាចឆ្លងនូវវីរុសកូវិដ១៩។
បើតាមព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្ត មណិរតនារាម ហៅវត្តទួលទំពួង បានមានព្រះថេរដីកាថា ឆ្នាំនេះពុទ្ធបរិស័ទមកវត្តមានប្រមាណតែ១០%ប៉ុណ្ណោះ។
បន្ថែមពីលើនេះ ព្រះចៅអធិការវត្តស៊ា ប៊ុនណាតបានបញ្ជាក់ព្រះថេរដីកាថា៖«នៅក្នុងវត្តមិនសូវជាសំបូរចង្ហាន់ទេនៅឆ្នាំនេះ ដូច្នេះរាល់ការទទួលទេយ្យទានគ្រឿងបរិភោគផ្សេងៗ គឺបានត្រឹមតែធ្វើការផ្គត់ផ្គង់នៅវត្តតែប៉ុណ្ណោះ គឹមិនអាចបរិច្ចាកទៅកាន់កន្លែងផ្សេងៗ ដូចឆ្នាំមុនៗឡើយ»។
បើទោះបីជា មិនមានមនុស្សច្រើនមកចូលរួមនៅក្នុងពិធីសូត្រមន្ត វេរចង្ហាន់ទេយ្យទាន នៅតាមទីវត្តអារាមយ៉ាងណាក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូច បានយកចង្ហាន់មកប្រគេងព្រះសង្ឃនៅវត្តទាំងអារម្មណ៍ភ័យខ្លាច។
បើតាមយុវជនប៊ុន ធឿន អាយុ៣០ឆ្នាំ រស់នៅម្តុំពេទ្យលោកសង្ឃ បានធ្វើដំណើរមកកាន់វត្តទួលទំពួង ដើម្បីយកចង្ហាន់មកប្រគេនព្រះសង្ឈ នៅក្នុងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ។
យុវជនបានបញ្ជាក់ថា៖«ព្រោះតាមប្រពៃណីខ្មែរបុរាណតាំងពីដើមមក ខ្ញុំឱ្យតែដល់ពេលចូលឆ្នាំ ខ្ញុំមកវត្តយកចង្ហាន់មកប្រគេនលោករាល់តែឆ្នាំហ្នឹង ព្រោះអីខ្លាចឆ្លងអាកូវីដហ្នឹងយើងត្រូវលាងដៃហើយនិងពាក់ម៉ាស់ និងមិនត្រូវនៅជុំគ្នា១០នាក់ទេ នៅប្រហែលតែ៣នាក់បាន »។
ការយកចង្ហាន់មកប្រគេន ព្រះសង្ឈនៅរដូវបុណ្យចូលឆ្នាំថ្មី គឺជារឿងចាំបាច់មួយ ដែលមនុស្សមួយចំនួនតូចតែងតែគិតថា មិនអាចខកខានបាន ដោយយោងទៅលើហេតុផលថាវា គឺជាទំនៀមទំលាប់ប្រពៃណីតាំងពីបុរាណកាលមក។
ជាមួយគ្នានេះយុវជនម្នាក់ទៀត គីម ដារា អាយុ២០ឆ្នាំ រស់នៅទីក្រុងភ្នំពេញបានលើកឡើងស្រដៀងគ្នាថា ការឆ្លងនៃជំងឺកូវីដពិតជាគួរឱ្យខ្លាច ប៉ុន្តែយុវជននៅតែចង់មកវត្ត ដើម្បីកសាងកុសលផលបុណ្យរួមជាមួយនឹងក្រុមគ្រួសារ នៅក្នុងវត្តអារាម ព្រោះវាជាប្រពៃណី និងមួយឆ្នាំមានតែម្តង។
យុវជនរូបនេះបាននិយាយថា៖«នៅឆ្នាំនេះវារាងប្លែងមនុស្សតិចមកវត្តប្រគេនចង្ហាន់លោកដោយសារតែវាមាជំងឺកូវីដ១៩ហ្នឹង។ ដោយសារតែរៀងរាល់ឆ្នាំវាអត់មានទេ[កូវីដ១៩]មនុស្សមកអ៊ូអរ ប៉ុន្តែឆ្នាំនេះអត់មាន[មនុស្សមក]ទេ ដូច្នេះវារាងប្លែក ដូច្នេះពេលចូលក្នុងវត្តយើងត្រូវសម្អាតដៃ ដោយប្រើម៉ាស៊ីនបាញ់អាល់កុល»។
សូមបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នាអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តាវត្តអារាមជាច្រើន នៅរាជធានីបានត្រៀមទឹកអាល់កុល សម្រាប់ផ្តល់ជូនពុទ្ធបរិស័ទ ដែលយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃទុកលាងសម្អាតដៃ មុនពេលវេរចង្ហាន់ឬប្រគេនទេយ្យទាន ទៅកាន់ព្រះភិក្ខុសង្ឃ និងព្រះសាមមាសាមពុទ្ធ៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុផលតែមួយគត់ ដែលយើងរមែងរងគ្រោះ ត្រូវគេកេងចំណេញយកប្រយោជន៍ព្រោះតែ «ទុកចិត្តពេក»
ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន ចូលទៅកាន់ Nantong ខេត្ត Jiangsu ទស្សនា "ទីក្រុងដំបូងរបស់ប្រទេសចិនក្នុងសម័យទំនើប"
វិធីសាស្រ្តសង្គ្រោះបឋម ពេលហូរឈាមច្រមុះ»?
គ្រោងឆ្អឹងបុរាណ ដែលរកឃើញ នៅប្រទេសបារាំង បង្ហាញពីការសម្លាប់ បែបម៉ាហ្វីយ៉ា
យោបល់ទាំងអស់ (0)