TNAOT News

· 2020-04-15

គ្មានករណីឆ្លងមេរោគកូវីដ១៩ ៣ថ្ងៃជាប់ៗគ្នា ខណៈអ្នកជាថ្មីមាន ៥នាក់

#COVID-19# #ជាសះស្បើយ# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#

11790

ភ្នំពេញ៖ គ្មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣ថ្ងៃជាប់ៗគ្នា ប៉ុន្តែមានអ្នកជាសះស្បើយថ្មី ៥នាក់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

ករណីរជាសះស្បើយទាំង ៥នាក់នេះរួមមាន៖ បុរសជនជាតិម៉ាឡេស៊ី ២នាក់ (អាយុ ៥១ឆ្នាំ និងអាយុ ៣៤ឆ្នាំ) ពួកគាត់ទាំងពីរ មកពីប្រទេសម៉ាឡេស៊ី មកធ្វើការងារសាសនា នៅភូមឃុំ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នពួកគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីពេទ្យ នៃខេត្តកំពង់ចាមហើយ។

ទី៣ បុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ នៅរាជធានីភ្នំពេញ ដែលជាករណីលាប់ជំងឺកូវីដ១៩ ឥឡូវបានជាសះស្បើយជាលើកទីពីរហើយ។ ពីរនាក់ទៀត គឺម្នាក់ជាបុរសជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ ដែលបានត្រឡប់មកចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងស្ត្រីអាយុ ៤១ឆ្នាំ ជាភរិយាបុរសអាយុ ៤២ ឆ្នាំ ដែលអ្នកជំងឺទាំងពីរ រស់នៅខេត្តបាត់ដំបង ។ បច្ចុប្បន្នពួកគាត់បានអនុញ្ញាតឱ្យចាកចេញពីមន្ទីពេទ្យហើយ។

សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ករណីឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជា នៅត្រឹម ១២២នាក់ដដែល ប៉ុន្តែករណីជាសះស្បើយកើនឡើងដល់ ៩៦នាក់ ស្មើរនឹង ៧៨,៦៩ភាគរយ ធៀបនឹងចំនួនអ្នកឆ្លងសរុប៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)