TNAOT News

· 2020-04-16

សម្តេច ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យការពារខ្លួនពីជំងឺកូវីដ១៩ ទោះទៅកាន់ទីណាក៏ដោយ

#COVID-19# #ការធ្វើដំណើរ# #ប្រជាជនកម្ពុជា# #គន្លឹះថែទាំសុខភាព# #សុខភាព# #រថយន្តឈ្នួល#

4224

ភ្នំពេញ៖ មកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបើកឲ្យធ្វើចរាចរណ៍ ធម្មតាឡើងវិញ ហើយសម្តេចក៏បាន​ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋទាំងអស់ ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បើកបរ​ ជាពិសេស កុំ​ឲ្យ​ភ្លេចខ្លួន ក្នុង​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ ​បើទោះបីទៅទីជិត ឬឆ្ងាយក៏ដោយ។

​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​សប៊ុក សម្តេច ហ៊ុនសែន ​​ព្រឹកមិញ​នេះ ប្រមុខរដ្ឋាភិបាលបានសូមឲ្យ បងប្អូនប្រជាពលដ្ឋ និងកូនក្មួយកម្មករកម្មការិនី យកចិត្តទុកដាក់ចេះការពារសុខភាពផ្ទាល់ខ្លួនកុំអោយឆ្លងរោគកូវីដ១៩ ដោយពាក់ម៉ាស់ និងឧស្សាហ៍លាងសម្អាតដៃជាមួយទឹកអាល់កុល ឬជេលកម្ចាត់មេរោគ ជាពិសេសក្នុងពេលជិះរថយន្តជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នា ក្នុងរថយន្តឈ្នួលតែមួយ។

​ដោយគិតពីសុខទុក្ខប្រជាពលរដ្ឋទូទៅ ​កុំឲ្យមានការ​រាលដាល​ជំងឺ​កូ​វីដ​១៩ជា​ទ្រង់ទ្រាយ​ធំ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ រដ្ឋាភិបាល បានដាក់​កំហិត​ក្នុងការ​ធ្វើដំណើរ ពីថ្ងៃ​ទី​៩ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៦ ខែមេសា ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ចេញចូល​រវាង​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​នានា ព្រមទាំង​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្តមួយ លើកលែងតែ​ការធ្វើដំណើរ​ឆ្លងកាត់​រា​ជ​ធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល​ប៉ុណ្ណោះ។

​មួយវិញទៀត សម្តេច ហ៊ុន សែន ក៏បានឲ្យ​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ ដោយ​អំពាវនាវ​ឲ្យ​ប្រជាន​ជន​រៀបចំ​ពិធី​និង​ជួបជុំ​គ្រួសារ​តាម​គេហដ្ឋាន​រៀងខ្លួន ចំណែកការងាររដ្ឋ និង ឯកជន ក៏ត្រូវនៅបន្តធ្វើធម្មតាដោយគ្មានការឈប់សម្រាក ចូលឆ្នាំឡើយ ប៉ុន្តែយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា នឹងសងថ្ងៃឈប់សម្រាកវិញនៅក្រោយពេលកូវីដ១៩ ត្រូវបានបញ្ចប់៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស