TNAOT News

· 2020-04-16

ពលរដ្ឋនាំគ្នាសម្ងំនៅតែផ្ទះអំឡុងពេលចូលឆ្នាំខ្មែរ ដោយអះអាងចូលរួមទប់ស្កាត់កូវីដ ១៩

#វិធីបង្ការការពារ# #សង្គម# #ការធ្វើអនាម័យ# #ព័ត៌មានសង្គម# #ការត្រួតពិនិត្យមើល#

8495

បងប្អូន​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន បានចាត់ទុកផ្ទះជាកន្លែងមាន​សុវត្ថិភាព​បំផុត ដើម្បី​គេច​ចេញ​ពី​​ការ​ចម្លងមេរោគកូវីដ១៩ និង​សម្រេច​ចិត្ត​បោះបង់ចោលនូវគម្រោងជួបជុំគ្នា ផឹកស៊ី រាំច្រៀង ឬ​ធ្វើ​ដំណើរ​កម្សាន្ត អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេល ៣ ថ្ងៃមកនេះ។ 

ក្រឡេក​ទៅ​មើល​ស្ថានភាពជំងឺកូវីដ ១៩ នាអំឡុង​ពេល​ចូលឆ្នាំខ្មែរ ធ្វើ​ឱ្យពលរដ្ឋមួយចំនួនធំ កាន់តែមិនហ៊ានចេញក្រៅផ្ទះ គឺ​តាម​ការ​ណែនាំ​ពី​រដ្ឋាភិបាល ដោយ​បងប្អូន​ខ្មែរ​ភាគ​ច្រើន បានចាត់ទុកការមិនចេញពីផ្ទះ ជាវិធានការល្អបំផុត ដើម្បីរួមទប់ស្កាត់បញ្ហាឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយ​ភាគ​ច្រើន បាន​រៀប​ចំសែន​ទទួល​ទេវតា​ឆ្នាំ​ថ្មីបន្តិច​បន្តួច​នៅ​តាម​ផ្ទះ​រៀងៗខ្លួន។ 

កន្លង​មក អំឡុងពេល​​ពិធីបុណ្យចូលឆ្នាំ គេតែងសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនធំ នាំគ្នាធ្វើដំណើរទៅកាន់រម្យនីដ្ឋាន វត្តអារាម និងស្រុកកំណើតជាដើម ប៉ុន្តែឆ្នាំនេះស្ទើរតែ ១០០% ទៅហើយ បានសម្រេចចិត្តមិនចេញទៅណា ក្រៅពីការស្នាក់នៅក្នុងផ្ទះ ពិសេស​ក្រោយ​មាន​បញ្ជា​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ពី​រដ្ឋភិបាល​ផង​នោះ។

អ្នកស្រីសុខា ចំរើន អាយុ៤៨ឆ្នាំ រស់នៅខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ដោយសារតែការជួបគ្នា ជាមូលហេតុ ដ៏ធំបំផុតដែលនាំឱ្យយើងអាចឆ្លងនូវជំងឺកូវីដ១៩ ដូច្នេះហើយទើបខ្ញុំមិនហ៊ានទៅស្រុកកំណើតនិងទៅវត្ត។

អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំនៅតែក្នុងផុ្ទះទេ ព្រោះខ្លាចណាស់ការឆ្លងជំងឺកូវីដ។ ខ្ញុំបានហាមកូនៗរបស់ខ្ញុំមិនឱ្យទៅលេងផ្ទះមិត្តភ័ក្តឬផ្ទះអ្នកជិតខាងនោះទេ ព្រោះយើងមិនដឹងថា តើអ្នកខ្លះអាចកើតមានជំងឺនេះឬអត់ ដូច្នេះហើយការនៅក្នុងផ្ទះគឺជាទីកន្លែងមួយ ដែលមានសុវត្ថិភាពបំផុត»។

បើតាមលោកឃួន តាន់ អនុប្រធានភូមិ៣ នៃសង្កាត់បឹងកេងកង៣មានប្រាប់ឱ្យដឹងថា ក្នុងនាមលោកជាអាជ្ញាធរនៅតំបន់នេះលោកតែងតែដើរប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបង្ការការពារជំងឺនេះ តាមរយៈការធ្វើអនាម័យ និងបើអាចគួរនៅតែក្នុងផ្ទះ។

លោកបញ្ជាក់ថា៖«នៅតំបន់លោកមិនមានភាពអ៊ូអរទេក្នុងពេលបុណ្យចូលឆ្នាំនេះ កាលពីឆ្នាំមុនក្បែរផ្ទះខ្ញុំមានចាក់បាស់រាំច្រៀនសប្បាយស៊ីផឹក ប៉ុន្តែឆ្នាំនេះគឺមិនមានទេ ព្រោះម្នាក់ៗគេសម្ងំនៅតែក្នុងផ្ទះ»។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់នូវការរាលដាលការឆ្លងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពី ការលើកការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ នៅថ្ងៃទី ១៣ ទី១៤ និងទី១៦ ខែមេសា ឆ្នាំ២០២០៕ ដោយ៖ ឃួន លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)