information-gov

· 2020-04-17

រដ្ឋាភិបាលរុស្ស៊ីនឹងបង្កើតវិធានការជួយគាំទ្រថ្មីៗ​ ទៀតចំពេលដែលកំពុងមានការរីករាលដាល Covid-19

#COVID-19# #អាជីវកម្ម# #Mikhail Mishustin# #រុស្ស៊ី# #សង្គម#

1840

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin បានធានាថា រដ្ឋាភិបាលនឹងបន្តធ្វើការលើវិធានការថ្មីៗបន្ថែមទៀតដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្នុងពេលដែលកំពុងមានជំងឺរាតត្បាត។ លោកបាននិយាយថា «ជំហានបន្ទាប់ គឺដើម្បីអភិវឌ្ឍ និងអនុម័តវិធានការណ៍សម្រាប់វិស័យនីមួយៗនៃសេដ្ឋកិច្ច»។ លោកបានរំលឹកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញសេចក្តីណែនាំរួចហើយក្នុងការបែងចែកមូលនិធិដើម្បីគាំទ្រដល់ការធ្វើដំណើរតាមអាកាស។ លោក Mishustin បាននិយាយថា «ខ្ញុំស្នើសុំឱ្យក្រសួងតាមវិស័យរៀបចំសំណើសម្រាប់វិស័យសំណង់ អាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មធុនស្រាល»។ លោកបានសង្កត់ធ្ងន់ថា «រដ្ឋាភិបាលនឹងបន្តធ្វើការងារទៅលើកិច្ចអភិវឌ្ឍវិធានការគាំទ្របន្ថែមទៀត»។

កាលពីថ្ងៃពុធនេះ នៅក្នុងកិច្ចប្រជុំជាមួយសមាជិកគណៈរដ្ឋមន្រ្តី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានស្នើសុំឱ្យរដ្ឋាភិបាលរៀបចំវិធានការគាំទ្រសេដ្ឋកិច្ចថ្មីៗទៀត ចំពេលដែលកំពុងមានការឆ្លងរាតត្បាតនៃវីរុសនេះ។ យោងទៅតាមលោក ប្រធានាធិបតីបានឱ្យដឹងថា វាជាការចាំបាច់ណាស់ដែលត្រូវធ្វើការវាយតម្លៃជានិច្ចនូវប្រសិទ្ធភាព និងភាពគ្រប់គ្រាន់នៃវិធានការដែលបានអនុវត្ត ហើយលោកប្រធានាធិបតីប្រាកដថា ដំណោះស្រាយថ្មីៗនឹងត្រូវបានទាមទារឱ្យមានទាំងផ្នែកសេដ្ឋកិច្ចទាំងមូល និងក្នុងវិស័យ នីមួយៗ។ លោក ពូទីន បានបញ្ជាឱ្យរៀបចំសេចក្តីសម្រេចបែបនេះក្នុងពេលឥឡូវនេះ ដែលមានន័យថា ត្រូវអនុវត្តឱ្យបានឆាប់រហ័ស នឹងដាក់ផែនការសកម្មភាពជាក់លាក់សម្រាប់មូលដ្ឋាននីមួយៗនៃវិស័យគាំទ្រសេដ្ឋកិច្ច រួមទាំងការគាំទ្រកម្មវិធីជំនួសការនាំចូលក្នុងឧស្សាហកម្ម។ លោកប្រធានាធិបតីមានបំណងពិចារណាអំពីស្ថានភាពនៅក្នុងវិស័យផ្សេងៗនៃសេដ្ឋកិច្ចដោយសារតែជំងឺរាតត្បាតឆ្លង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស