TNAOT News

· 2020-04-20

ការនាំចេញរបស់ជប៉ុន​ធ្លាក់ចុះ​ក្នុងខែមីនា ស្របពេលទីផ្សារសំខាន់​រងគ្រោះពីវីរុស​រាតត្បាត

#ការនាំចេញ# #អាជីវកម្ម# #សង្គម# #ចិន# #ជប៉ុន# #សហរដ្ឋអាមេរិក#

3719

បើតាមការចេញផ្សាយ​របស់ប្រភព AP នៅថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា ការនាំ​ចេញ​របស់​ជប៉ុន​ បានធ្លាក់ចុះ ​១១,៧ ភាគរយ នៅក្នុងខែមីនា ខណៈដែលកូរ៉ូណាវីរុស ឬកូវីដ​១៩ បានឆ្លងរាតត្បាត​ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់ការនាំចេញ​រថយន្ត​​ទៅកាន់​​សហរដ្ឋអាមេរិក ។ 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ជប៉ុន នៅថ្ងៃទី២០ ខែមេសា បានថ្លែងថា ការនាំចេញ​ទៅកាន់អាមេរិក​បានធ្លាក់ចុះ ១១,៥ ភាគរយ នៅក្នុងខែមីនា ប្រៀបធៀប​កាលពីឆ្នាំមុន, ខណៈការនាំចេញ​ទៅកាន់​ប្រទេសចិន ធ្លាក់ចុះ ​៨,៧ ភាគរយ ។ 

ពាណិជ្ជកម្ម​បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ​កាលពីពេលថ្មីៗនេះ ដោយសារការរឹត​បន្តឹង​ការ​ធ្វើដំណើរ និងចាក់សោ ឬបិទប្រទេស ក្នុងគោលបំណងទប់ស្កាត់​ការឆ្លងរាតត្បាត​ពី​កូរ៉ូណា​វីរុស​។ ទស្សនវិស័យ ​ស្ថិតក្នុងសភាព​អាក្រក់ ដោយអង្គការរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានព្យាករ​ថា សេដ្ឋកិច្ច​ពិភពលោក​​កំពុងតម្រង់ក្បាលចុះដ៏អាក្រក់បំផុត​ ចាប់តាំងពី​មហាវិបត្តិ​សេដ្ឋកិច្ច ឆ្នាំ១៩៣០នោះមក ។ 

ការនាំចូលសរុប​របស់ជប៉ុន ​​ក្នុងខែមីនា វិញ ក៏បានធ្លាក់ចុះ​៥,០ ភាគរយ ផងដែរ។ នេះបើ​យោង​តាមតួលេខបណ្តោះអាសន្ន ដោយមិនកែតម្រូវតាមរដូវកាលនោះទេ។ 

សេដ្ឋកិច្ច នៃ​ប្រទេសចិន ជាដៃគូពាណិជ្ជកម្មដ៏សំខាន់​របស់ជប៉ុន បាននិងកំពុង​ធ្លាក់​ចុះបំផុត ​ចាប់តាំងពីឆ្នាំ​១៩៦០ រហូតមក ។ នេះបើតាមប្រភពព័ត៌មានផ្សាយប្រចាំនៅទីក្រុងប៉េកាំង ។  

លោក Yoshimasa Maruyama ប្រធានសេដ្ឋវិទូ​ប្រចាំនៅក្រុមហ៊ុន​មូលបត្រ SMBC Nikko បានទម្លាក់​ការព្យាកររបស់គាត់ អំពីសេដ្ឋកិច្ច​របស់ជប៉ុន ដោយលោកបានអះអាងថា នឹងធ្លាក់ចុះអត្រា ប្រចាំឆ្នាំ ​២១ ភាគរយ​ ក្នុងត្រីមាស​ទីមួយ ។ 

ការព្យាករណ៍មុននេះ ​បាន​បញ្ជាក់ថា នឹងមានការធ្លាក់ចុះ​ ១៤ ភាគរយ ។ រដ្ឋាភិបាល​ដែលបានស្នើឲ្យប្រជាជន​ស្ថិតនៅតែក្នុងផ្ទះ​កាលពីដើមខែនេះ បានធ្វើឲ្យមានការកាត់​បន្ថយការ​ចំណាយ​របស់អ្នកប្រើប្រាស់ ។ លោក Yoshimasa Maruyama បានថ្លែងបែបនេះ ​កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

រដ្ឋាភិបាលជប៉ុន​បានស្នើឲ្យប្រជាជនបញ្ឈប់ការធ្វើដំណើរ​ដែលមិនមានសារសំខាន់ និងជំរុញ​អាជីវកម្ម​ជាច្រើន​ឲ្បបិទទ្វារ​ទូទាំងប្រទេស ដែលជាកិច្ចប្រឹងប្រែង​មួយ​ ទប់ស្កាត់ការឆ្លង​រាត​ត្បាត​ពីវីរុស COVID-19។ 

អ្នកជំងឺ​ COVID-19 ដែលបាត់បង់ជីវិត ​នៅជប៉ុន​ មានសរុបប្រហែល​២៥០នាក់ ។ នេះ​បើយោង​តាមតួលេខ​របស់ សាកលវិទ្យាល័យ Johns Hopkins ។ ប៉ុន្តែ​ករណីថ្មី​បានកើនឡើង នៅពេល​ថ្មីៗនេះ ជាពិសេស​នៅទីក្រុង​តូក្យូ និងទីប្រជុំជនដទៃផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស