
TNAOT News
· 2020-04-21
ប្រព័ន្ធផ្សព្វផ្សាយ៖ លោក គីម ជុងអ៊ុន អាចមានសុខភាពខ្សោយ ក្រោយវះកាត់
#គន្លឹះថែទាំសុខភាព# #សរសៃឈាមបេះដូង# #សុខភាព# #គីម ជុងអ៊ុន#
4053
ប្រភពព័ត៌មាន CNN បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាយុ៣៦ឆ្នាំ អាចមានសុខភាពខ្សោយធ្ងន់ធ្ងរ បន្ទាប់ពីទទួលការវះកាត់។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងផ្សាយថា លោកគីម ជុងអ៊ុន បានវះកាត់ជំងឺសរសៃឈាមបេះដូង ។
គេហទំព័រ Daily NK របស់កូរ៉េខាងត្បូង បានផ្សាយ កាលពីថ្ងៃទី២០ ខែមេសា ថា លោក គីម ជុងអ៊ុន បានកំពុងទទួលការវះកាត់សរសៃឈាមបេះដូង កាលពីដើមខែនេះ។ ប្រភពនេះដកស្រង់ប្រភពពីរ៉យទ័រ ។
ដកស្រង់ព័ត៌មានពីមន្ត្រីអាមេរិកមួយរូប ដែលជាអ្នកដឹងព័ត៌មានទាក់ទងស្ថានភាពរបស់លោកគីម ជុងអ៊ុននោះ, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន CNN បានផ្សាយថា លោក គីម អាច «ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខាងសុខភាព» ក្រោយពីការវះកាត់ ។
មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់ប្រភព APថា ពួកគេនៅមិនទាន់អាចបញ្ជាក់បានភ្លាមៗឡើយ ទាក់ទងសុខភាពទន់ខ្សោយរបស់មេដឹកនាំ គីម ជុងអ៊ុន ក្រោយការវះកាត់។ មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលជាក់លាក់ទាក់ទងទៅនឹងសេចក្តីរាយការណ៍ទាំងនោះ។ កាសែត Yonhap ក្រោយមកបានចេញផ្សាយថា មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធរបាយការណ៍ព័ត៌មាន ដែលថា សុខភាពរបស់លោក គីម មានសភាពទន់ខ្សោយ ។
គួរបញ្ជាក់ថា កាលថ្មីៗនេះ លោក គីម ជុងអ៊ុន បានអវត្តមាន ក្នុងពិធីប្រារព្ធខួបកំណើតជីតា និងជាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង កាលពីថ្ងៃទី១៥ ខែមេសា ដែលនាំឲ្យមានការសង្ស័យ អំពីស្ថានភាពសុខភាពរបស់គាត់ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)