TNAOT News

· 2020-04-21

វិធានការការពារ ៥ យ៉ាងសម្រាប់សាសនិកឥស្លាមក្នុងអំឡុងពិធីបុណ្យសាសនា ក្នុងខែរ៉ាម៉ាឌន

#COVID-19# #ខ្មែរឥស្លាម# #សង្គម# #លោក អូស្មាន ហាស្សាន់# #នយោបាយជាតិ#

4329

យោងតាមប្រសាសន៍របស់លោក អូស្មាន ហាស្សាន់ នៅក្នុងការធ្វើសន្និសីទកាសែតស្តីពី បច្ចុប្បន្នភាពជំងឺកូវីដ ១៩ លើសហគមន៍ខ្មែរឥស្លាម ដោយបានណែនាំទៅកាន់សាសនិកឥស្លាម និងមូស្លីមទាំងអស់ស្វែងយល់បន្ថែមក្នុងការពារខ្លួន និងសម្អាតអនាម័យដើម្បីចៀសផុសពីជំងឺដ៏កាចសាហាវមួយនេះ នាឱកាសពិធីបុណ្យសាសនា ក្នុងខែរ៉ាម៉ាឌន ពេលខាងមុខ។ ពិធីបុណ្យមួយនេះនឹងត្រូវបានគេរំពឹងថាចាប់ផ្តើមប្រារព្ធនៅល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៣ ឬ ២៤ ខែមេសាឆ្នាំ២០២០ (អាស្រ័យទៅលើការឃើញព្រះខែ ប្រសិនជាមិនឃើញទេ នឹងត្រូវកំណត់យកថ្ងៃទី២៥ ខែមេសាតែម្តង) ហើយនឹងបញ្ចប់នៅល្ងាចថ្ងៃសៅរ៍ ទី២៣ ឬ២៤ ខែឧសភា ឆ្នាំ២០២០ ផងដែរ។


ដើម្បីជាការកាត់បន្ថយហានិភ័យនៃការរាលដាល និងការឆ្លងជំងឺដ៏កាចសាហាវនេះ បងប្អូនសាសនិកឥស្លាមគួរតែអនុវត្តតាមការណែនាំនូវវិធានការការពាររបស់លោកដូចខាងក្រោម ៖ 

១. ហាមការបរិភោគអាហារស្រាយបួស និងការជួបជុំនៅក្នុងព្រះវិហារ

ហាមបរិភោគអាហារស្រាយបួស នៅតាមវិហារឥស្លាមក្នុងអំឡុងពេលពិធីបុណ្យសាសនាមួយនេះ ដោយគួរតែបរិភោគអាហារនេះនៅតាមផ្ទះរៀងៗខ្លួន មួយវិញទៀតការជួបជុំក៏មិនត្រូវអនុញ្ញាតឲ្យមាននៅតាមវិហារផងដែរ។ 

២.ការសឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) សូមធ្វើជាលក្ខណៈគ្រួសារនៅតាមផ្ទះ

៣.  ថ្ងៃបុណ្យរ៉យ៉ាហ្វិត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងៗខ្លួន មិនបាច់សូត្រឃតពះតាមផ្ទះក៏បាន

៤.ការដើរសួរសុខទុក្ខគ្នានៅថ្ងៃបុណ្យរ៉យ៉ាហ្វិត្រាស់សូមកុំប្រមូលផ្តុំគ្នា និងរក្សាគម្លាតឲ្យបានយ៉ាងតិច ១ ម៉ែត្រពីគ្នា។ 

៥. ត្រូវអនុវត្តន៍ទៅវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន៖ ការរក្សាអនាម័យ ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ការពាក់ម៉ាស់ និងចៀសវាងការចាប់ដៃគ្នាដើម្បីជាការស្វាគមន៍។ ​    

ដើម្បីជាការចូលរួមនិងការផ្តល់ជាយោបល់បន្ថែមរបស់លោក អូស្មាន ហាស្សាន់ បានណែនាំទៅកាន់សាសនិកទាំងអស់ ប្រសិនជាមាននរណាម្នាក់មានករណីសង្ស័យសូមប្រញាប់ទំនាក់ទំនងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ។ ទាំងនេះគឺជាវិធានការដ៏មានប្រសិទ្ធភាពដើម្បីទប់សា្តត់ និងប្រយុទ្ធប្រឆាំងនៃជំងឺដ៏កាចសាហាវមួយនេះផងដែរ។

ដោយ៖ Seyha 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស