TNAOT News

· 2020-04-22

ប្រធានាធិបតី ដូណាល់ ត្រាំ ជូនពរ​មេដឹកនាំ គីម ជុងអ៊ុន ក្រោយព័ត៌មានស្ថានភាពជំងឺ​

#ដូណាល់ ត្រាំ# #សរសៃឈាមបេះដូង# #វះកាត់# #សង្គម# #នយោបាយជាតិ# #គីម ជុងអ៊ុន#

7265

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកសូមជូនពរ​ ចំពោះមេដឹកនាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ឲ្យឆាប់ជាសះស្បើយ​ពីរោគា ក្រោយមានសេចក្តីរាយការណ៍​ព័ត៌មាន​មកថា សុខភាព​របស់​គាត់​មានសភាពធ្ងន់ធ្ងរ ក្រោយ​ការវះកាត់។ 

ប្រភពព័ត៌មាន Sputnik ផ្សាយ​នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ថា អំឡុងពេលសង្ខេប​សន្និសីទ​ព័ត៌មានជាមួយ​កងកម្លាំងប្រឆាំងវីរុសកូរ៉ូណា​ប្រភេទថ្មី ឬកូវីដ​១៩ (Covid-19) នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានថ្លែងថា ខ្ញុំ​មានទំនាក់ទំនងយ៉ាងល្អប្រសើរ​ជាមួយ​គាត់... ខ្ញុំអាចនិយាយបានយ៉ាងនេះថា ខ្ញុំ​សូមជូនពរ​គាត់​ឲ្យឆាប់ជាសះស្បើយ «ពីព្រោះ បើសិន​​គាត់ស្ថិតនៅក្នុងស្ថានភាពដូចសារព័ត៌មានបានផ្សព្វផ្សាយ​ពិតមែន នោះគឺជាស្ថានភាព​ដ៏ធ្ងន់ធ្ងរណាស់​ហើយ ដូចដែលខ្ញុំធ្លាប់បានលើកឡើងច្រើនគ្រាកន្លងមក»។

លោកប្រធានាធិបតី បន្តទៀតថា «បើសិន​អ្នកណាម្នាក់ផ្សេង ស្ថិតក្នុងតំណែង​ជា​មេដឹក​នាំ​កូរ៉េខាងជើងនោះ ក្នុងពេលឥឡូវនេះ ​ប្រហែលជាយើង​កំពុងធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាង​ជើងហើយ»។ 

ក្រោយសារព័ត៌មានចុះផ្សាយបែបន លោក ត្រាំ បានបញ្ជាក់ថា លោកគ្មានបំណងចង់បានអ្វី​ជាងនេះ ក្រៅតែ​ពីប្រាថ្នា​ឲ្យលោក គីម ឆាប់ជាសះស្បើយ​តែប៉ុណ្ណោះ ។ 

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានអវត្តមាន​ក្នុងពិធីខួបកំណើត​ជីតា​របស់​លោក កាល​ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដែលជាមូលហេតុ​ នាំឲ្យគេសង្ស័យថា ដោយសារ​តែស្ថានភាពសុខភាព​របស់គាត់ ។ 

កាលពីថ្ងៃចន្ទ ទី២០ ប្រភពព័ត៌មាន CNN បានដកស្រង់ប្រភពមន្ត្រីអាមេរិក​ សុំ​មិនបញ្ចេញឈ្មោះ ​ថ្លែងថា អាមេរិក​បាននិងកំពុងសង្កេតមើល​ «ព័ត៌មានចារកម្ម» ដែលបានបញ្ជាក់ថា លោក ​គីម ស្ថិតនៅក្នុង​«ស្ថានភាពធ្ងន់ធ្ងរ» ក្រោយការវះកាត់ ។ មន្ត្រីមិនបញ្ចេញឈ្មោះដទៃទៀត​ បញ្ជាក់ប្រាប់ CNN ដែរថា ពាក់ព័ន្ធនឹងអំពី​សុខភាព​របស់មេដឹកនាំកូរ៉េខាងជើង​ គឺអាចជឿទុកចិត្តបាន ប៉ុន្តែ​​ស្ថានភាព​ធ្ងន់ធ្ងរ នៃជំងឺ​គឺពិបាកប៉ាន់ស្មានណាស់​។ 

ក្រោយប្រព័ន្ធផ្សព្វផ្សាយ​ដែលទាក់ទង​នឹងការវះកាត់​មេដឹកនាំកូរ៉េខាងជើង អ្នកនាំពាក្យ​វិមានប្រធានាធិបតីកូរ៉េខាងត្បូង Kang Min Seok បានថ្លែង​ កាលពីថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២០ថា យើងមិនមានអ្វី​ត្រូវបញ្ជាក់​ប្រាប់នោះឡើយ ហើយក៏មិនមានសកម្មភាព​មិនប្រក្រតីណាមួយ​​កើតឡើង នៅកូរ៉េខាងជើងនោះដែរ ។ 

ប្រភព Yonhap បានផ្សាយថា ប្រព័ន្ធព័ត៌មាន Daily NK បានដកស្រង់​ប្រភព ​មិនបញ្ចេញ​ឈ្មោះ ពីកូរ៉េខាងជើង​ បានផ្សាយថា មេដឹកនាំ គីម ទទួលការវះការ​សរសៃឈាមបេះដូង ហើយមានសភាពធូរស្បើយ​ភាគច្រើន​បំផុតហើយ។ ទោះជាយ៉ាងណា ប្រភពនេះ​បានផ្សាយ​ទៀតថា មេដឹកនាំ ​គីម នៅតែ​ទទួលការព្យាបាលដោយថ្នាំសង្កូវ ស្ថិតនៅមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Hyangsan ជាមន្ទីរពេទ្យ​មួយ ដែលបានឧទ្ទិសចំពោះក្រុមគ្រួសារ​របស់លោក គីម។

ប្រភព Yonhap បានផ្សាយថា លោក គីម បានឃើញវត្តមានសាធារណៈចុងក្រោយ​ នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ២០២០ ដោយចូលរួមជាអធិបតី​ ក្នុងកិច្ចប្រជុំ​ នៃការិយាល័យ​នយោបាយ​របស់​​បក្សកាន់អំណាច​ពលករកូរ៉េខាងជើង៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស