TNAOT News

· 2020-04-22

ក្រោយផ្អាកដោយសារកូវីដ១៩ ពេលនេះផ្លូវក្នុងតំបន់អង្គរ ចាប់ផ្ដើមការសាងសង់ឡើងវិញហើយ

#សង្គម# #តំបន់​អង្គរ​# #នយោបាយជាតិ# #ផ្លូវថ្នល់# #អាជ្ញាធរជាតិអប្សរា#

1246

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានបន្តការងារកែលម្អផ្លូវថ្នល់ចំនួន ២ ខ្សែជាបន្តទៀត ក្រោយបានអាក់ខានដោយសារការរាតត្បាតនៃជំងឺវីដ១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ។

ផ្លូវទាំងពីរខ្សែនោះរួមមាន ទី១ ចាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍ រហូតដល់មុខព្រលានយន្តហោះ ដែលមានទទឹង ១០ម៉ែត្រ ប្រវែង ២.១៨១ម៉ែត្រ ប្រភេទបេតុងកៅស៊ូ (AC) ពណ៌ខ្មៅ និងទី២ ចាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចច្រកចូលប្រាសាទព្រះគោ រហូតដល់ជុំវិញប្រាសាទបាគង ដែលមានទទឹង ៥-៦ម៉ែត្រ ប្រវែង ២.៧៨១ម៉ែត្រ ប្រភេទបេតុងកៅស៊ូ (AC) ពណ៌ក្រហមចាស់។

បើយោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការកែលម្អផ្លូវថ្នល់នេះក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើររបស់ប្រជាលរដ្ឋ និងបម្រើដល់វិស័យទេសចរណ៍ផងដែរ។ ជាពិសេសបង្កើនភាពងាយស្រួល និងក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តតំបន់អង្គរកាន់តែច្រើន ដែលជាតំបន់ទេសចរណ៍ល្អឯកគ្មានពីរនៅលើពិភពលោក។

គួរបញ្ជាក់ឱ្យដឹងថា ការជួសជុលកែលម្អផ្លូវទាំងពីរខ្សែ ក្នុងរមណីយដ្ឋានអង្គរខាងលើនេះ បានចាប់ផ្តើមអនុវត្តតាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកម្ល៉េះ ប៉ុន្តែដោយសារការរីករាលនៃជំងឺកូវីដ១៩ ទើបផ្អាកការសាងសង់ជាបណ្ដោះអាសន្ន និងទើបតែចាប់ផ្ដើមជាថ្មីនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះប៉ុណ្ណោះ៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស