កម្មកររោងចក្ររាប់រយនាក់ បន្តសម្រុកទៅពិនិត្យសុខភាព ក្រោយត្រឡប់ពីស្រុកកំណើតវិញ

TNAOT News 2020-04-22 14:14:56
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ គិតមកត្រឹមម៉ោង ១១:០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ កម្មកររោងចក្រប្រមាណ ១៥៣៣នាក់ហើយ បានមកត្រួតពិនិត្យសុខភាព បន្ទាប់ពីវិលត្រឡប់មកពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរវិញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា ដើម្បីការពារសុខភាពបងប្អូនកម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការងារជាធម្មតាអំឡុងពេលបុណ្យចូលឆ្នាំផង ក៏ដូចជាការពារសុខភាពបងប្អូនកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំផង ក្រសួងការងា បានសហការជាមួយក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានដាក់ដំណើរការមណ្ឌលត្រួតពិនិត្រសុខភាពចំនួន ១០មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន ៣មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មការកម្មការិនីដែលវិលពីស្រុកកំណើតវិញ។

ជាលទ្ធផលកាលពីថ្ងៃទី២១ ខែមេសាម្សិលមិញ មានកម្មកររោងចក្រចំនួន ១២២១នាក់បានឆ្លងកាត់ការពិនិត្យសុខភាព ដោយដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃចំនួន ១១៤៦នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្រាឡីស័កកម្រិត១ ចំនួន ១៤នាក់ ដាក់ឱ្យស្នាក់នៅចត្តាឡីស័កកម្រិត២ ចំនួន ៦១នាក់ និងបានយកសំណាកទៅពិសោធន៍បន្តចំនួន ៧០នាក់។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៥៨នាក់ ក្នុងនោះចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ៤០នាក់ និងកម្រិត២ ចំនួន ១៨នាក់។

ក្រសួងបានបញ្ជាក់ទៀតថា គិតមកត្រឹមម៉ោង ១១:០០នាទីព្រឹកនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៣១២នាក់ ដោយនៅក្នុងនោះបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ១៤ថ្ងៃ ចំនួន ៣១១នាក់ និងបានដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ១នាក់៕ ដោយ៖ តារា

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប