ខ្សែការពារស្លាបឆ្វេងអង្គរថាយហ្គឺរ កីឡាករ មុត សត្យា បង្ហាញភាពលេចធ្លោ

information-gov 2020-04-23 14:49:08
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ — ខ្សែការពារឆ្លាបឆ្វេងរបស់ក្រុមអង្គរថាយហ្គឺ កីឡាករ មុត សត្យា បានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនជាមួយនឹងទម្រង់លេងយ៉ាងល្អយ៉ាងស៊ីសង្វាក់ជាមួយមិត្តរួមក្រុម ក្រោយពេលដែលកីឡាកររូបនេះបង្ហាញខ្លួន នៅក្នុងការប្រកួតត្រៀមមុនរដូវកាល និងប្រកួតក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ចំនួន៥ប្រកួតកន្លងទៅ តាំងពីមុនការប្រកួតលីគផ្អាកមកម្លេះ។

កីឡាករវ័យ២១ឆ្នាំ មុត សត្យា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ តាមរយៈសារអេឡិចត្រូនិកមកថា “មូលហេតុដែលខ្ញុំមានការវិវត្តយ៉ាងឆាប់រហ័សបែបនេះ គឺដោយសារខ្ញុំខិតខំហ្វឹកហាត់ ការប្រកួត និងស្តាប់តាមការណែនាំរបស់គ្រូជានិច្ច។ ថ្វីត្បិតតែខ្ញុំទើបតែផ្លាស់មកលេងនៅអង្គរថាយហ្គឺរ ក្នុងរដូវកាល២០២០នេះក្តី ប៉ុន្តែខ្ញុំមានការរីកចម្រើនបានលឿន គឺដោយការការទុកចិត្តពីគ្រូបង្វឹក ដែលបានដាក់ខ្ញុំឱ្យលេងរាល់ការប្រកួតទាំងអស់កាលប្រកួត Pre-Season កន្លងទៅ ហើយវាបានធ្វើឱ្យខ្ញុំសម្របខ្លួនជាមួយមិត្តរួមក្រុមដទៃទៀតបានល្អ និងយល់ចិត្តគ្នា។” កីឡាករ មុត សត្យា និយាយទៀតថា នេះគឺជាជំហានថ្មីមួយរបស់គេ ក្នុងអាជីពកីឡាបាល់ទាត់។ ឆ្លងកាត់ការប្រកួតជាច្រើនកន្លងមក កីឡាករលេងតំណែងខ្សែការពារស្លាបឆ្វេងរូបនេះបានទទួលការសរសើរពីសំណាក់អ្នកគាំទ្រអំពីភាពរីកចម្រើននៃទម្រង់លេងរបស់ខ្លួន។

ខ្សែការពាររូបនេះបន្ថែមថា គោលដៅធំនៅក្នុងឆ្នាំនេះ គឺក្លឹបបានបំបែកកំណត់ត្រាជាថ្មីដោយឈ្នះពានអ្នកគាំទ្រច្រើនបំផុត និងជាពិសេសគឺមានគោលដៅចង់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជាទៀតផង។

សូមរម្លឹកថា ក្រោយពីបានចូលរួមជាមួយក្រុមសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (អតីតក្លឹបកីឡាបាល់ទាត់ក្រសួងការពារជាតិ) បានរយៈពេលពីរឆ្នាំ កីឡាករ មុត សត្យា ត្រូវបានអនុញ្ញាតឱ្យអង្គរថាយហ្គឺរខ្ចីជើងលើកិច្ចសន្យា២រដូវកាល ហើយគិតមកទល់ពេលនេះគេបង្ហាញខ្លួនបាន៥លើកជាប់ៗគ្នា នៅក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២០ ដែលទើបនឹងបាន៥សប្តាហ៍ ហើយត្រូវផ្អាកការប្រកួតជាបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕

ដោយ ហេង ណាលីន

សេចក្តីប្រកាស៖

អត្ថបទនេះដកស្រង់ចេញពីបណ្តាញព័ត៌មានក្នុងស្រុក វាមិនមែនជាគំនិតឬគោលការណ៍របស់ TNAOTទេ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សូមជូនជាដំណឹងតាមរយៈsupport@tnaot.com ឬទូរសព្ទ023922788 យើងនឹងលុបចោល។​

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប