TNAOT News

· 2020-04-22

របរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយ ដែលពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍ កំពុងធ្លាក់ជិតដល់សូន្យ

#ជំងឺរាគត្បាត# #វិធានការអនាម័យ# #សង្គម# #សេដ្ឋកិច្ចជាតិ# #វីធានការការពារ#

10031

ផល​ប៉ះពាល់​មក​លើ​វិស័យទេសចរណ៍មួយ​រយៈ​ចុងក្រោយ​នេះ នាំឲ្យ​ពលរដ្ឋ​ជាច្រើ​ន ដែល​ពឹង​ផ្អែក​លើ​វិស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវប្រឈមមុខខ្លាំង ដោយ​មុខ​របរ​មួយ​ចំនួន​ក្នុង​វិស័យ​នេះ កំពុងរង​ប៉ះពាល់ទាំង​ប្រយោល និង​ធ្ងន់ធ្ងរ ដោយ​សារ​​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ត្រូវ​ធ្លាក់​ចុះ​ ក៏​ជា​ហានិភ័យ​នាំ​ឲ្យ​កើត​មាន​ជា​វិបត្តិសេដ្ឋកិច្ច​ក្នុង​គ្រួសារផង​ដែរ។

ក្រឡេក​ទៅ​មើល​អ៊ំ​ៗចាស់ៗ ដែល​ពឹង​ផ្អែក​លើប្រកបរបរធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ​ ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​វិស័យទេសចរណ៍កម្ពុជា​ កំពុង​បង្កើននូវបន្ទុកទ្វេដង ស្រប​ពេល​ចំណូលធ្លាប់ទទួល​បាន​ភាគច្រើន​ពីភ្ញៀវបរទេសដែល​មក​កម្សាន្តនៅ​ភ្នំពេញ លំហែកាយា​ដោយ​ការជិះស៊ីក្លូនោះ ​ត្រូវបាត់បង់ទាំងស្រុង​នៅ​ពេល​នេះ ខណៈ​ចំណូល​មួយ​ផ្នែក​ទៀត ពី​ពលរដ្ឋ​ខ្មែរ និយម​ជិះ​ស៊ីក្លូ​ជិតៗ ទៅ​ណេះទៅណោះ ក៏​បាត់​បង់​ដោយ​សារ​តែ​ការភ័យ​ខ្លាច​ពីវិរុស​កូវីដ ១៩ ដូច​គ្នា។

គិតមកដល់ពេលនេះ ស៊ីក្លូជាច្រើន​គ្រឿង ត្រូវបញ្ឈរទុកចោលនៅខាងមុខទីស្នាក់ការ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ដែលរូបភាពនេះអាចបញ្ជាក់បានថា ស៊ីក្លូត្រូវបានផ្អាកដំណើរការដឹកភ្ញៀវទេស​ចរណ៍        បណ្តោះអាសន្ន ក្នុងអំឡុងពេលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩។

ជាមួយគ្នានេះ អ្នកប្រកប​របរធាក់ស៊ីក្លូស្ទើរតែ ៩០% ត្រូវ​គេ​អះអាង​បានត្រឡប់ទៅស្រុកកំណើតវិញ ដោយបោះបង់ចោលមុខរបរធាក់ស៊ីក្លូនៅភ្នំពេញ ងាកមកចាប់យកអាជីពធ្វើស្រែចំការ នៅឯស្រុក​កំណើត។ នេះបើតាមលោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ​ និងមុខរបរក្រៅប្រព័ន្ធ។

ប្រធាន​សមាគម​រូប​នេះ បានឱ្យដឹងថា ​​​១០០% នៃ​អ្នកធាក់ស៊ីក្លូ គឺរំពឹងទៅលើមុខរបរដឹកភ្ញៀវទេសចរ ហើយសមាគម អាច​ដំណើរ​ការ​ទៅ​​បាន ក៏រំពឹងទៅលើភាគរយពីភ្ញៀវទេសចរណ៍​នេះ​ដូច​គ្នា។

លោកបន្តថា​ ស្ថានភាពរាលដាលជំងឺកូវីដ បានធ្វើអ្នកធាក់ស៊ីក្លូទទួលរងផលប៉ះពាល់មុនគេ ដោយ​គិតចាប់ពីខែមីនា រហូតមកដល់ពេលនេះ ដែលមានន័យថា គឺពួកគេត្រូវបាត់ភ្ញៀវទេសចរណ៍ និងចំណូលទាំង​ស្រុង។

ដោយសារ​ស្ថានភាព​នេះ មិន​ទាន់មាន​ដំណោះ​ស្រាយ​នៅ​ឡើយ ប្រធានសមាគមរូបនេះ បានបញ្ជាក់​ថា កំពុង​ត្រៀមផ្លាស់ប្តូរទីស្នាក់ការរបស់ខ្លួន ទៅកាន់ទីកន្លែងថ្មី ដែលមានតម្លៃជួលផ្ទះថោកជាងនេះ ដោយ​សារចំណូល​សម្រាប់​ផ្គត់​ផ្គង់ដំណើរ​ការ​សមាគម​ត្រូវ​បាត់​បង់​មួយ​ផ្នែក​ធំ​ដូច​គ្នា។  

ទន្ទឹម​នឹង​នេះ លោកអ៊ឹម សម្បត្តិ បើ​ទោះ​ជា​សមាគម​ជួប​ផល​វិបាក​ក៏​ពិត​មែន ប៉ុន្តែ​លោក​អះអាង​មិន​បោះ​បង់​ចោល​សមាជិក​អ្នក​ធាក់​ស៊ីក្លូ​ចាស់ៗ ទាំង​អំឡុង​ពេល​ពួក​គាត់​ត្រូវ​ការ​ជំនួយ​បំផុត​នោះ​ឡើយ ដោយ​លោកបានស្វះស្វែងរកជំនួយពីក្រុមសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់ក្រុមអ្នកធាក់ស៊ីក្លូចាស់​អាច​ផ្គត់​ផ្គង់​ជីវិត​ជាបណ្តោះ​អាសន្ន​បាន។

អ៊ំ​ប្រុស លឹម ហេង បើ​ទោះ​ជា​វ័យ ៦៣ឆ្នាំទៅ​ហើយ​នោះ ក៏​អ៊ំ​នៅ​តែ​ប្រកបមុខរបរធាក់ស៊ីក្លូ និងជាសមាជិក សមាគមអភិរក្សស៊ីក្លូ បាន​ថ្លែង​ប្រាប់ TNAOT APP ថា អ៊ំ​បានទទួលអំណោយឧបត្ថម្ភមានជា ថវិកា អង្ករ មី ទឹកត្រី ត្រីខកំប៉ុង គឺបានជាហូរហែរ ពីសមាគម ឬសប្បុរសជន។ យ៉ាង​ណាស់ អ៊ំ​ប្រុស​បញ្ជាក់​ទាំង​អារម្មណ៍​ក្តុកក្តួលថា អំណោយទាំងនេះ អ៊ំមិនហ៊ានប្រើប្រាស់ទេ ទុកផ្ញើទៅឱ្យក្រុមគ្រួសារកំពុងរស់នៅឯស្រុកកំណើត ព្រោះបារម្ភខ្លាចពួកគេមិនមានអីញ៉ាំ។

អ៊ំ​ប្រុស​បង្ហើប​ទៀត​ថា មុនពេលកូវីដឆ្លងចូលស្រុកខ្មែរ មួយថ្ងៃអ៊ំ រកចំណូលពីការធាក់ស៊ីក្លូ បាន​ពី ៤-៥ ម៉ឺនរៀល ព្រមទាំងមានបន្ថែមលុយក្រៅពីភ្ញៀវទៀត ទើបគាត់អាចរួចថ្លៃអាហារប្រចាំថ្ងៃ នឹង​សល់​ខ្វះ​ផ្ញើ​ទៅ​ប្រពន្ធ​កូន​នៅ​ឯ​ស្រុក។ ប៉ុន្តែ​សម្រាប់​ពេល​នេះ រកតែលុយ ១រៀល ក៏គ្មានផង ដោយសារតែរកលុយមិនបានយ៉ាងដូច្នេះ ទើបលោកសម្រេចចិត្តកាត់បន្ថយការចំណាយលើថ្លៃអាហារខ្លះ ថ្លៃផឹកកាហ្វេ និងថ្លៃនំចំណីជាដើម។

យ៉ាងណា​មិញ អ៊ំ​ប្រុស លឹម ហេង បានសម្រេចចិត្ត មិនទៅស្រុកកំណើតទេ ព្រោះអ៊ំគ្មានដីស្រែធ្វើដូចគេ ដូច្នេះទ្រាំនៅធាក់ស៊ីក្លូនៅក្រុងភ្នំពេញតទៅទៀត ដើម្បីបានចំណូលបន្តិចបន្តួចគ្រាន់ញ៉ាំបាយ។

សូមបញ្ជាក់ថា ស៊ីក្លូនៅភ្នំពេញមានប្រមាណជាង ២០០ស៊ីក្លូ ក្នុងនោះស៊ីក្លូ ជាសមាជិករបស់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ មានចំនួន១០០នាក់។ ​

ក្រឡេក​ទៅ​មើល​ស្ថានភាព​ភ្ញៀវទេសចរមក​លេងកម្ពុជា មុនពេលផ្ទុះ​ជំងឺកូវីដ ១៩ ឯណេញវិញ ក្នុងមួយឆ្នាំ គឺមាន ៦ ខែទៅ​ហើយ​ ដែលសម្បូរ​ភ្ញៀវទេសចរ ពោល​សម្បូរបំផុត គឺនៅចុងឆ្នាំ និងដើមឆ្នាំ ជារដូវកាលលំហែកាយ។ ជាក់ស្តែង ៩៩% នៃភ្ញៀវជនជាតិអឺរ៉ុប ចូលចិត្តធ្វើដំណើរកម្សាន្តតាមរយៈ​ការជិះស៊ីក្លូច្រើនជាងគេ ដូច​ជា​ជន​ជាតិ អ៊ីតាលី អាឡឺម៉ង់ បារាំង អាមេរិក អូស្រ្តាលី អង់គ្លេស ទួកគី។ល។ ដោយឡែកសម្រាប់ជនជាតិអាស៊ីដែលនិយមមកជិះស៊ីក្លូរំហែកាយច្រើនជាង មាន​ជនជាតិចិន រៀតណាម និងថៃ។ នេះបើតាមលោកអ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ៕ ដោយ៖ ឃួន លក្ខិណា


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស