Project Inspire
· 2020-04-26
តម្លៃ និងប្រយោជន៍នៃការងារស្ម័គ្រចិត្ត
#ចំណេះដឹង# #ខិតខំប្រឹងប្រែង# #ការស្ម័គ្រចិត្ត# #ទំនាក់ទំនង# #អប់រំ និងការងារ#
20967
ជាទូទៅ សិស្សានុសិស្ស និង សិស្សនិស្សិតជាច្រើន តែងតែចូលរួមធ្វើការងារស្ម័គ្រចិត្តតាមស្ថាប័នទាំងនៅក្នុង និង ក្រៅប្រទេស ដើម្បីបណ្ដុះបណ្ដាលចំណេះដឹង និង ជំនាញផ្សេងៗ។ ការងារស្ម័គ្រចិត្តអាចស្ថិតក្នុងរូបភាពច្រើនយ៉ាង ដូចជា ការជួយធ្វើការងារសង្គម ការជួយដល់អ្នកដ៏ទៃ ការជួយសហគមន៍ ឬប្រទេសជាតិរបស់យើងជាដើម។
ចំនុចខាងក្រោម ជាផលប្រយោជន៍ ដែលបុគ្គលអាចទទួលបានពីការចូលរួមធ្វើការងារស្ម័គ្រចិត្ត
១. បង្កើនទំនាក់ទំនងជាមួយអ្នកដទៃ និងសង្គម
ជាការពិតណាស់ ការធ្វើការងារស្ម័គ្រចិត្ត គឺជាមធ្យោបាយមួយដ៏ល្អក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗនៅក្នុងសង្គម ពោលគឺអ្នកអាចបង្កើតទំនាក់ទំនងជាមួយអ្នកដទៃឲ្យកាន់តែស្និទ្ធស្នាលបានតាមរយៈការធ្វើការងារជាក្រុមផ្សេងៗ ក៏ដូចជាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ ម្យ៉ាងទៀតប្រសិនបើអ្នកទើបតែបានផ្លាស់ប្ដូរលំនៅស្ថានទៅកន្លែងថ្មីឬប្រទេសថ្មីផ្សេងទៀត ប្រាកដណាស់ការងារស្ម័គ្រចិត្តនេះអាចជួឲ្យអ្នកទទួលបានមិត្តភាព ហើយអាចពង្រឹងទំនាក់ទំនងរបស់អ្នកនៅក្នុងសហគមន៍បានផងដែរ។
២. សុខភាពផ្លូវកាយ និងផ្លូវចិត្ត
ការងារស្ម័គ្រចិត្តអាចជួយឲ្យយើងមានសុខភាពល្អមាំមួនទាំងផ្លូវកាយ និងផ្លូវចិត្តបានផងដែរ។ ការធ្វើការងារស្ម័គ្រចិត្តអាចជួយឲ្យអ្នកចាកចេញពីភាពតានតឹង ស្ត្រេស និងភាពស្មុគស្មាញបានយ៉ាងមានប្រសិទ្ធភាពព្រោះថា គ្មានអ្វីដែលសប្បាយចិត្តជាងពេលដែលអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងបានជួយដល់សង្គមរបស់អ្នកនោះទេ។ លើសពីនេះទៀត ការស្ម័គ្រចិត្តអាចជួយបង្កើនភាពក្លាហាន និងទំនុកចិត្តរបស់អ្នកឲ្យកាន់តែប្រសើរឡើង ពោលគឺនៅពេលដែលអ្នកកំពុងជួយនរណាម្នាក់ ឬសហគមន៍របស់អ្នក អ្នកនឹងក្លាយជាមនុស្សមានតម្លៃដែលសង្គមជាតិត្រូវការ។
៣. ទទួលបានជំនាញ និងការងារដ៏មានតម្លៃ
មិនត្រឹមតែមានទំនាក់ទំនង និងសុខភាពល្អទៅដល់អ្នកប៉ុណ្ណោះទេ តែការងារស្ម័គ្រចិត្តក៏បានបង្រៀនអ្នកនូវជំនាញផ្សេងៗដោយការងារស្ម័គ្រចិត្តទាំងនោះបានផ្ដល់ការបណ្ដុះបណ្ដាលយ៉ាងទូលំទូលាយទាំងជំនាញទន់ និងជំនាញរឹងផងដែរ ទោះបីជាការងារនេះមិនទទួលបានប្រាក់កម្រៃយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀតការងារស្ម័គ្រចិត្តអាចជួយបង្កើនជំនាញរបស់អ្នកដែលចេះស្រាប់ឲ្យកាន់តែប្រសើរនិងទទួលបានបទពិសោធន៍បន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ដល់សហគមន៍អ្នកកាន់ឲ្យតែច្រើន។ លើសពីនេះទៀត ការស្ម័គ្រចិត្តផ្ដល់ឱកាសឲ្យអ្នកដើម្បីកសាងនូវអាជីពថ្មី និងបទពិសោធន៍ថ្មីទៅតាមជំនាញដែលអ្នកពេញចិត្តជាពិសេសនៅពេលដែលអ្នកកំពុងសិក្សានៅមហាវិទ្យាល័យ។ ជាឧទាហរណ៍ ប្រសិនបើអ្នកកំពុងសិក្សាជំនាញគ្រូបង្រៀនភាសាអង់គ្លេស ដូចនេះអ្នកអាចធ្វើការបង្រៀនភាសាអង់គ្លេសទៅដល់ក្មេងៗនៅតាមអង្គការនានាដោយមិនយកប្រាក់ជាដើម។
៤. ការស្ម័គ្រចិត្តនាំមកនូវភាពរីករាយ និងជីវិតកាន់តែមានន័យ
ជាការពិតណាស់ការងារស្ម័គ្រចិត្តគឺបានផ្ដល់នូវភាពរីករាយ និងស្នាមញញឹមទៅដល់មនុស្សគ្រប់រូបដោយសារអំពើល្អ និងការចេះជួយគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀតការស្ម័គ្រចិត្តធ្វើឲ្យយើងមានគំនិតច្នៃប្រឌិត ការតាំងចិត្ត និងចក្ខុវិស័យខ្ពស់ក្នុងការជួយការងារដល់សង្គម។
ដូចនេះ ការងារស្ម័គ្រចិត្តពិតជាទទួលបានអត្ថប្រយោជន៍ជាច្រើនទៅដល់ខ្លួនអ្នកផ្ទាល់ និងសង្គមជាតិទាំងមូល។ ប្រសិនបើអ្នកកំពុងពិចារណាក្នុងការធ្វើការងារស្ម័គ្រចិត្ត អ្នកត្រូវសួរខ្លួនជាមុនសិនថាតើ ហេតុអ្វីបានជាអ្នកចង់ធ្វើការងារស្ម័គ្រចិត្ត ហើយការងារនោះបានផ្ដល់អ្វីខ្លះដល់អ្នក និងសង្គមរបស់អ្នក? បន្ទាប់មកព្យាយាមរកការងារស្ម័គ្រចិត្តដែលខ្លួនចង់ធ្វើ និង ដាក់ពាក្យចុះឈ្មោះ ហើយ ខិតខំប្រឹងប្រែងធ្វើការងារនោះរហូតបានជោគជ័យ ។
https://www.volunteerscotland.net/for-volunteers/why-volunteer/benefits-of-volunteering/
https://www.helpguide.org/articles/healthy-living/volunteering-and-its-surprising-benefits.htm
អត្ថបទដោយសមាជិក Project Inspire: អាន លីហេង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បញ្ហាទាំង ៥ ដែលពុកម្ដាយចាស់ៗ តែងតែទ្រាំលាក់ទុកក្នុងចិត្ត មិនចង់បង្ហាញចេញប្រាប់កូនៗ ឬអ្នកក្រៅឱ្យដឹងនោះឡើយ
ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ បណ្តាលឲ្យមនុស្ស៤១នាក់ស្លាប់ នៅប្រទេសប៉ាគីស្ថាន
ប្រធានាធិបតីកូរ៉េខាងត្បូងសុំទោសចំពោះច្បាប់អាជ្ញាសឹក ប៉ុន្តែមិនបានលាលែងពីតំណែងមុនការបោះឆ្នោតចោទប្រកាន់នោះទេ
កំពូលតារាចម្រៀងនាង Taylor Swift បរិច្ចាគប្រាក់ ១០០,០០០ ដុល្លារ ដល់គ្រួសារស្ត្រី ត្រូវបានសម្លាប់ ក្នុងការបាញ់ ប្រហាររបស់ Chiefs
យោបល់ទាំងអស់ (0)