TNAOT News
· 2020-04-25
ឱ វណ្ណឌីន៖ យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ ពុំដែលភ្លេចយើងទេ
#COVID-19# #សុខភាព# #ជំងឺ# #ឱ វណ្ណឌីន# #ពលរដ្ឋខ្មែរ#
10320
ភ្នំពេញ៖ ត្រូវចងចាំថា យើងអាចភ្លេចកូវីដ១៩បាន ប៉ុន្តែកូវីដ១៩ ពុំដែលភ្លេចយើងទេ។ នេះបើយោងតាមសម្ដីរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ។
លោកស្រីវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ “យើងពុំទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីត្បិតតែបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន លោកហាក់ដូចជាបានវិលទៅរកជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកវិញជាធម្មតាក៏ពិតមែន ក៏ប៉ុន្តែវិធានការការពារ និងវិធានការនានា នៅមានសុពលភាព នៅតែអនុវត្តជាធរមាននៅឡើយ។ ខ្ញុំសូមបញ្ជាក់ថា ស្ថានភាពរបស់យើងនៅពេលនេះគឺស្ថិតក្នុងភាពផុយស្រួយណាស់ ថ្វីត្បិតតែកម្ពុជាយើងពុំមានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មី រយៈពេលជាង១០ថ្ងៃមកហើយនេះ ហើយការព្យាបាលជាសះស្បើយក៏កាន់តែមានច្រើនឡើងៗក៏ពិតមែន ប៉ុន្តែយើងពិនិត្យឃើញថា ប្រទេសជិតខាងរបស់យើង គឺជំងឺកូវីដ១៩នេះកំពុងវ៉ៃលុកនៅឡើយ ចំណែកឯប្រទេសដ៏ទៃទៀតនៅលើពិភពលោកក៏កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយដែរ”។
លោកស្រី ឱ វណ្ណឌីន សង្កត់ធ្ងន់ថា ដូច្នេះប្រសិនបើយើងមិនបន្តនូវវិធានការការពារ ឬក៏បន្ធូរដៃ នោះប្រទេសកម្ពុជាយើងអាចនឹងត្រូវវ៉ៃលុកសារជាថ្មីឡើងវិញ។ សូមបងប្អូនចងចាំថា យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ ពុំដែលភ្លេចយើងទេ ដូចនេះរាល់វិធានការនានា ជាពិសេសនោះគឺវិធានការ ឬក៏បទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺត្រូវតែអនុវត្តជាបន្តទៀត ដើម្បីការពារខ្លួនយើង គ្រួសារយើង និងប្រទេសជាតិរបស់យើង ពីវីរុសដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា កម្ពុជាមានករណីឆ្លងត្រឹមតែ ១២២នាក់ប៉ុណ្ណោះ ដោយនៅក្នុងមានអ្នកជាសះស្បើយចំនួន ១១៧នាក់ គ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅឡើយនោះទេ ខណៈនេះជាថ្ងៃទី១៣ជាប់ៗគ្នាហើយ ដែលកម្ពុជាគ្មានករណីឆ្លង។ នេះបើគិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កៀហ្ស៊ីស៊ីស្ថានអនុម័តច្បាប់កំណត់គោលដៅលើអង្គការក្រៅរដ្ឋាភិបាលដែលទទួលបានមូលនិធិពីបរទេស
ទម្លាប់ល្អៗចំនួន ២៩ ដែលធ្វើឲ្យដៃគូស្នេហា កាន់តែស្និទស្នាល ផ្អែមល្ហែម និងទំនាក់ទំនងកាន់តែរឹងមាំ-v2
កាន់តែស្ងាត់ រឹតតែល្អ! ក្នុងពេលវេលាទាំង ៣ នេះ កុំនិយាយច្រើនពេក ជាពិសេស កុំពោលពាក្យសន្យាផ្ដេសផ្ដាសឱ្យសោះ
ផ្លូវច្រើនប៉ុនណា?
យោបល់ទាំងអស់ (0)