information-gov

· 2020-04-27

អគ្គនាយកក្រុមហ៊ុន វេសឡាញ បង្ហាញនូវបទពិសោធន៍ក្នុងការគ្រប់គ្រង ការចំណាយ ចំណូល នៅក្នុងដំណើរការសាលារៀន

#វេសឡាញ អេឌ្យូខេសិន គ្រុប# #Covid-19# #អាជីវកម្ម# #សង្គម# #ការចុះថ្លៃសិក្សា#

1642

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ដោយសារតែមានការសំណូមពរ និងការលើកឡើងពីអាណាព្យាបាលរបស់សិស្សានុសិស្សក្នុងអំឡុងពេលមានវិបត្ដិជំងឺកូវីដ-១៩ ដោយស្នើសុំឱ្យសាលារៀនមានការចុះថ្លៃសិក្សាប្រមាណ២០ ទៅ៣០ភាគរយ នៅតាមសាលារៀនឯកជននោះ អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្ហាញនូវបទពិសោធន៍ក៏ដូចជាការរៀបចំនូវរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងទាំងថ្លៃចំណាយ ចំណូល និងការចំណេញក្នុងការងារអប់រំនៅក្នុងសាលារៀនរបស់វិស័យឯកជន។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានគូសបញ្ជាក់ថា នេះគឺជាបទពិសោធន៍ដែលលោកសូមលើកឡើងពីរចនាសម្ព័ន្ធថ្លៃចំណាយ និងចំណូលក្នុងសាលារៀន ហើយអ្វីដែលលោកលើកនេះជាទស្សនៈបុគ្គលតាមបទពិសោធន៍ជាង២០ឆ្នាំដែលលោកបានគ្រប់គ្រងនិងដឹកនាំការងារអប់រំមកនេះ ហើយវាក៏មិនប្រាកដថាឆ្លុះបញ្ចាំងគ្រប់សាលារៀននោះទេ តែភាគច្រើនគឺបែបនេះ។ លោកជឿជាក់ថា នេះគឺអាចជាប្រយោជន៍សម្រាប់ផ្ដល់ជូនអាណាព្យាបាល សិស្ស និងសាលារៀនទាំងអស់ពិចារណា យល់យោគ អធ្យាស្រ័យគ្នា។ លោកអគ្គនាយកបានលើកឡើងថា ក្នុងចំណូល១០០ភាគរយ ជាទូទៅសាលារៀននឹងយកមកចំណាយដូចខាងក្រោម៖ ១. បៀវត្សរ៍បុគ្គលិក និងគ្រូបង្រៀន ៤៥ភាគរយ ទៅ៥០ភាគរយ។ ២. ថ្លៃអគារ ទឹក ភ្លើង និងចំណាយរដ្ឋបាលទូទៅ ២០ភាគរយ ទៅ២៥ភាគរយ។ ៣. ថ្លៃបណ្តុះបណ្តាលបុគ្គលិក និងការស្រាវជ្រាវ អភិវឌ្ឍន៍នានា ប្រហែល៥ភាគរយ ទៅ១០ភាគរយ។ ៤. ថ្លៃទីផ្សារ និង ទំនាក់ទំនងសាធារណៈ ប្រហែល៥ភាគរយ។ ៥. ថ្លៃរំលោះ ការប្រាក់ធនាគារ ការបង់ពន្ធនានា ប្រហែល៥ភាគរយ ទៅ១០ភាគរយ។ ៦. អត្រាចំណេញប្រហែល១០ភាគរយ ទៅ២០ភាគរយ។

លោកបានអះអាងថា ក្នុងចំណូល១០០ភាគរយនេះ គឺប្រភពចំណូល៣០ភាគរយបានមកពីចំណូលមិនមែនថ្លៃសិក្សាដូចជាអាហារដ្ឋាន ថ្លៃរដ្ឋបាល ថ្លៃឯកសណ្ឋាន ថ្លៃឡាន ថ្លៃសម្ភារសិក្សាជាដើម។ ដូចនេះ ពេលដែលសិស្សឈប់មកសាលារៀន សាលារៀនភាគច្រើននឹងបាត់ប្រភពចំណូលសឹងទាំងអស់។ លោកបានថ្លែងថា “អាចនិយាយបានថាសាលារៀននឹងថយចំណូលប្រហែល២០ភាគរយ ឬអាចនិយាយបានថាសាលារៀននៅទទួលបានចំណូលតែ៨០ភាគរយ ប៉ុណ្ណោះពីសិស្សម្នាក់។ ក្នុងអំឡុងពេលជំងឺកូវីដ-១៩នេះ អាចនឹងមានអ្នកដែលជាអាណាព្យាបាលសិស្សខ្លះផ្អាកការសិក្សាកូនបណ្តោះអាសន្នសិន ជាពិសេសកុមារតូច និងអ្នករៀនភាសាអង់គ្លេស ហើយចំនួនសិស្សបង់ប្រាក់នឹងថយចុះដែរ”។

លោកអគ្គនាយកបានធ្វើការពន្យល់ថា ប្រសិនបើសាលារៀនបញ្ចុះតម្លៃសរុបគ្រប់សិស្សទាំងអស់ចន្លោះពី២០ភាគរយ ទៅ៣០ភាគរយ នោះសាលារៀននឹងលែងមានប្រាក់ចំណេញ បានយ៉ាងច្រើនរួចថ្លៃដើម ឬអាចនឹងខាតហើយ។ ទន្ទឹមនេះ សាលារៀនប្រាកដជាត្រូវសុំបន្ទាបបៀវត្សរ៍បុគ្គលិកខ្លះ និងកាត់ចំណាយមួយចំនួនបន្ថែម ឬត្រូវសុំកម្ចីធនាគារ ឬម្ចាស់ភាគហ៊ុនមកបម្រុងបន្ថែមហើយ។

លោក ប៉ិច បូឡែន បានបន្ថែមថា “អ្វីដែលខ្ញុំលើកឡើងនេះ គឺឆ្លុះបញ្ចាំងចេញពីប្រភេទសាលារៀនដូចសាលារៀនខ្ញុំ និងសាលារៀនជាច្រើនទៀតដែលខ្ញុំធ្លាប់ប្រឹក្សាយោបល់ និងគ្រប់គ្រងក្នុងរយៈពេលជាង២០ឆ្នាំមកនេះ”។ លោកក៏បានជំរុញឱ្យសាធារណជន អាចសាកសួរព័ត៌មានបន្ថែមពីក្រុមហ៊ុនសវនកម្មណាមួយក៏បានដែលធ្លាប់និងកំពុងធ្វើសវនកម្មលើក្រុមហ៊ុន Westline Education Group របស់លោក ដូចជាក្រុមហ៊ុន KPMG, Delloite ជាដើម។

លោកបានបញ្ជាក់បន្ថែមថា “សង្ឃឹមថាអ្វីដែលខ្ញុំលើកឡើងនេះអាចជួយជាគំនិតសម្រាប់ជាមូលដ្ឋាននៃ ការចរចាគ្នា យល់យោគគ្នា រវាងអ្នកអាណាព្យាបាលសិស្ស សាលារៀន និងបុគ្គលិកទាំងអស់”៕

ដោយ រិទ្ធី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស