
TNAOT News
· 2020-04-28
លោក ស៊ុន ចាន់ថុល សន្យាស្តារប្រព័ន្ធរំដោះទឹកកខ្វក់នៅក្រុងព្រះសីហនុឲ្យបានលឿនបំផុត
#ទឹកកង្វក់# #ការស្ថាបនា# #សង្គម# #ប្រព័ន្ធទឹកកង្វក់# #នយោបាយជាតិ#
4101
ភ្នំពេញ៖ ការស្តារប្រព័ន្ធរំដោះទឹកកខ្វក់នៅខេត្តព្រះសីហនុនឹងស្តារឱ្យបានលឿនបំផុត ដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀងដែលតែងតែជន់លិចនៅរដូវវស្សា ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នាកន្លងមកនេះ។ នេះបើយោងតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងការពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផែនការមេគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ ត្រូវបានរៀបចំរួចហើយ ហើយស្ថានីយបូមទឹកកខ្វក់ចំនួនបីស្ថានីយ ក៏បានសិក្សារួច រួមទាំងការស្ដារអូរប្រឡាយនានាត្រូវបានពន្លឿនការសាងសង់ និងស្ដារឲ្យបានលឿនបំផុត ដើម្បីរក្សាបាននូវកំណើនទេសចរថែមទៀតចូលទៅទស្សនានៅខេត្តជាប់សមុទ្រមួយនេះ។
គួរឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងស្តារឡើងវិញនូវអូរសំខាន់ៗចំនួន ៥មាន៖ អូរអណ្ដូងអ៊ុនតាក់ អូរស្ពានឆេះ អូរសំអាត អូរអេម៉ារីអូ និងអូរឈើទាល មានប្រវែងសរុបជិត ៣ម៉ឺនម៉ែត្រ នៅក្រុងព្រះសីហនុ ឲ្យចប់រួចរាល់នៅរដូវវស្សាខាងមុខនេះ ដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀងនៅតាមតំបន់ងាយរងគ្រោះនៅក្នុងក្រុង ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឲ្យមានបរិស្ថានស្អាត និងអនាម័យល្អ។ ការអភិវឌ្ឍឡើងវិញនូវប្រព័ន្ធរំដោះទឹកកខ្វក់ទាំងនេះ គ្រោងថវិកាជាង ១០ពាន់លានរៀល ឬប្រមាណ ២,៥លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា តាមការប៉ាន់ប្រមាណថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នឹងមានបរិមាណប្រមាណ ៤,៧ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ ៦,៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន បរិមាណនេះបានកើនដល់ ៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)