Wapatoa
· 2020-05-12
វិធីបង្កើតអារម្មណ៍សប្បាយដោយខ្លួនឯង!
16203
Seang Sokcheng
អ៎េ អ្នកទាំងអស់គ្នា! ឥលូវយ៉ាងម៉េចហើយ? សុខសប្បាយជាទេ? នៅអំឡុងពេលនេះគ្នាយើងជាច្រើនកំពុងពិបាកចិត្ត ខ្លាចបាត់ការងារ បាត់មិត្តភក្តិឬគ្រួសារ បាត់អនាគតដែលអ្នកចង់បានជាដើម។ ដោយហេតុនេះហើយ ទើបស្មេរគិតថា ដល់ពេលដែលស្មេរចែករំលែកអាថ៌កំបាំងមួយ ដែលបានជួយបង្កើតក្តីសុខសប្បាយក្នុងចិត្តខ្ញុំជាងមួយឆ្នាំនេះ!
វិធីនេះងាយស្រួលនោះទេ គឺយើងរៀនប្តូរអារម្មណ៍កន្តើយ (neutral feelings) ទៅជាអារម្មណ៍វិជ្ជមាន ដែលនាំឲ្យចិត្តយើងមានក្តីសុខវិញ! ស្មេរបានរៀនវាពីលោកគ្រូ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)!
តែដំបូងបំផុត យើងត្រូវដោះលែងខ្លួនពីពាក្យថា«ទេ» ជាមុនសិន…
មុននឹងយើងអាចចាប់ផ្តើមរៀនប្តូរអារម្មណ៍ខ្លួនឯងបាន យើងត្រូវកំចាត់មន្ទិលសង្ស័យក្នុងចិត្តសិន។ ពេលដែលយើងមានភាពជឿជាក់ ដាក់ចិត្តថាសាក ១០០ ភាគរយហើយ ទើបវាងាយស្រួលនឹងទទួលបានជោគជ័យ!
វត្ថុទីមួយដែលអាចរារាំងមិនឲ្យអ្នកជឿចង់សាកវិធីនេះ ក៏ព្រោះអ្នកខ្លះគិតថា ក្តីសុខបានមកពីខាងក្រៅ។ ជាច្រើនឆ្នាំមកនេះ សង្គម និងវប្បធម៌យើងបានបង្រៀនយើងថា ទាល់តែមានរឿងអីល្អកើតឡើង ទើបយើងអាចសប្បាយចិត្តបាន!
ឧទាហរណ៍ថាទាល់តែយើងមានលុយដើរលេងស្រុកក្រៅ ទាល់តែយើងឈ្នះបានអាហារូបករណ៍ទៅសាលាល្បីៗ ឬពេលដែលយើងមានសង្សារដែលស្រឡាញ់ហួងហែងយើងខ្លាំង ទាល់តែយើងមានសមត្ថភាពអាចជួយមនុស្សរាប់ម៉ឺននាក់ និយាយទៅទាល់តែយើងបានដល់គោលដៅយើងហើយ ទើបយើងអាចសប្បាយចិត្តបាន។ បើមិនទាន់បានវត្ថុទាំងអស់នោះទេ គឺយើងត្រូវខំប្រឹង ខំស្ត្រេស ខំតស៊ូដើម្បីសំរេចគោលដៅយើង។
តែតាមពិតទៅ អត់មានផ្លូវទៅដល់ក្តីសុខទេ តែក្តីសុខទៅវិញទេដែលជាផ្លូវ (There’s no way to happiness, happiness is the way)។ តើហេតុអ្វីបានជាយើងត្រូវដាក់លក្ខខណ្ឌទាំងអស់នេះ ហើយដាក់សម្ពាធខ្លួនឯងថា បើមិនបានបំពេញវាទេ នោះអ្នកមិនអាចសប្បាយចិត្តនោះទេ? ហេតុអ្វីបានជាយើងមិនបើកដៃឲ្យខ្លួនឯងសប្បាយឥលូវនេះ ពេលនេះ វេលានេះ ម៉ោងនេះតែម្តង? នរណាថាយើងមិនអាចធ្វើអញ្ចឹងបាន?
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
សាកគិតដល់ពេលដែលអ្នកនៅជាក្មេងតូចទៅមើល…
ពេលនោះអ្នកអត់ទាន់ត្រូវបានសង្គមកែប្រែនោះទេ ដូច្នេះអ្នកបណ្តោយឲ្យខ្លួនឯងសប្បាយជាមួយរឿងតូចតាចគ្រប់បែបគ្រប់យ៉ាង គ្រាន់តែលេងដីជាមួយក្មេងជិតផ្ទះក៏សប្បាយ ហក់ចូលក្នុងស្រះទឹកក្រោយផ្ទះក៏សប្បាយ ឬមើលតុក្កតាដដែលៗចាំភាគអស់ហើយហ្នឹងក៏អាចសប្បាយបានឥតឧបមា!
កាលយើងនៅក្មេង យើងគ្មានលុយចាយច្រើនទេ ក៏គ្មានសង្សារ គ្មានជោគជ័យអីច្រើនដែរ។ តែយើងអាចសប្បាយក្នុងចិត្តបាន ក៏ដោយសារយើងចេះបណ្តោយឲ្យខ្លួនឯងសប្បាយនឹងអ្វីដែលខ្លួនមាន ទោះតិចតួចស្តួចស្តើងប៉ុណ្ណាក៏ដោយ មិនបាច់ចាំដល់មានលក្ខខណ្ឌច្រើនដូចពេលបច្ចុប្បន្ននេះទេ។
សប្បាយចិត្ត ធ្វើការបានកាន់តែច្រើន
ឯចំណុចទីពីរដែលអាចរារាំងមិនឲ្យអ្នកដាក់ចិត្តខំសាកវិធីនេះ គឺអ្នកខ្លះខ្លាចថា បើគាត់សប្បាយនឹងអ្វីដែលខ្លួនមានពេលបច្ចុប្បន្នេះហើយ នោះគាត់នឹងគ្មានទឹកចិត្តខំប្រឹងប្រែងស្រវាចាប់ក្តីស្រមៃ ចាប់ភាពជោគជ័យ ឬ កិត្តិយសកេរ្តិ៍ឈ្មោះជាដើម ដើម្បីឲ្យមាននឹងគេនៅថ្ងៃអនាគតនោះទេ!
ចុះបើអញ្ចឹងមែនវាថី?
សួរខ្លួនឯងទៅមើលថា វាថី?ក្រែងអ្នកខំរៀន ខំធ្វើការត្រឹកៗរាល់ថ្ងៃហ្នឹង ដើម្បីបានភាពជោគជ័យ និងខំអភិវឌ្ឍខ្លួនហ្នឹង ដោយសារចង់បានក្តីសុខក្នុងចិត្តហ្អី? ក្រែងខំសំរេចគោលបំណងដោយសារអ្នកគិតថា បើបានវាហើយ អ្នកនឹងសប្បាយចិត្តជាងមុនហ្អី? ចុះបើបានក្តីសុខសប្បាយក្នុងចិត្តឥលូវតែម្តង មិនស្រួល មិនបាច់ហត់ខំធ្វើការងាប់ចោលអញ្ចឹងទៀត?
មនុស្សភាគច្រើនគិតថា ទាល់តែទទួលបានជោគជ័យ ឬមាសប្រាក់ ឬកេរ្តិ៍ឈ្មោះសិនទើបយើងអាចដល់ទីសុខសាន្ត អាចសំរាក ហើយបានសប្បាយចិត្ត ចុះឥលូវ គេប្រាប់ផ្លូវថ្មី ដែលនាំឲ្យអ្នកទៅដល់ក្តីសុខសប្បាយតែម្តង មិនបាច់ដើរវាងតាមរយៈផ្លូវជោគជ័យ ផ្លូវមាស់ប្រាក់ឋានៈទៀតនោះទេ… ហេតុអីនៅតែចង់បន្តខាតពេល ខាតកំលាំង ខំស្រវាភាពជោគជ័យដោយពលីសុខភាពផ្លូវកាយផ្លូវចិត្តខ្លួនទៀតនោះ?
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
ហើ់យម៉្យាងទៀត បើតាមបទពិសោធន៍ស្មេរ ពេលសប្បាយចិត្ត មិនមែនបានន័យថា ស្មេរឈប់មានទឹកចិត្តធ្វើការនោះទេ។ ផ្ទុយទៅវិញ ពេលដែលខ្ញុំសប្បាយចិត្ត ខ្ញុំបែរជាមានកំលាំងចិត្តធ្វើការច្រើនជាងមុនទៅវិញ! ខ្ញុំសរសេរច្រើនជាងមុន គូររូបច្រើនជាងមុន ហើយមានទឹកចិត្តទូលំទូលាយអាចស្តាប់រឿងទុក្ខអ្នកដទៃ ហើយជួយគេបានច្រើនជាងមុនទៀតផង!
ហើយសំខាន់បំផុត គឺខ្ញុំធ្វើរឿងទាំងនេះ មិនមែនដោយមានចិត្តមួម៉ៅ ស្ត្រេស ដោយខ្លាចខុស ខ្លាចមិនសំរេចដូចបំណងឡើយ។ ផ្ទុយទៅវិញ ខ្ញុំអាចធ្វើរឿងទាំងនេះដោយសប្បាយចិត្ត ធ្វើការមួយៗ បណ្តើរៗ ពោរពេញដោយភាពស្ងប់ និងមេត្តាធម៌ក្នុងចិត្ត!
ទស្សនៈខ្ញុំគឺយល់ថា មនុស្សយើងបើចង់់សំរេចអ្វីដែលមានប្រយោជន៍ គឺត្រូវធ្វើវាសន្សឹមៗហើយឲ្យបានយូរ។ ហើយបើយើងចង់ធ្វើការអីឲ្យបានយូរនោះ ទាល់តែយើងសប្បាយចិត្តនឹងធ្វើវា។
សំរាប់មនុស្សភាគច្រើន គឺយើងគិតថាទាល់តែបានជោគជ័យរឿងណាមួយទើបយើងអាចសប្បាយចិត្តបាន → យើងដាក់កំហិតថាយើងត្រូវធ្វើវាឲ្យបានល្អ មានស្តង់ដារខ្ពស់ → យើងរិះគន់ ជេរស្តីខ្លួនឯង ពេលដែលយើងមានកំហុសសូម្បីកំហុសតូចតាចប៉ុណ្ណាក៏ដោយ → យើងមិនសប្បាយចិត្តនឹងធ្វើវាទេ ព្រោះយើងតែងជេរស្តីខ្លួនឯងជានិច្ច → យើងគ្មានកំលាំងចិត្តនឹងធ្វើវាឲ្យទៀងទាត់ → ពិបាកនឹងសំរេចបំណងប្រាថ្នាយើង បើយើងមិនធ្វើវាឲ្យទៀងទាត់។
តែសំរាប់អ្នកដែលរៀនចេះសប្បាយចិត្ត និងពេញចិត្តនឹងអ្វីដែលខ្លួនមានវិញ → មិនដាក់កំហិតថា ខ្លួនត្រូវធ្វើរឿងហ្នឹងឲ្យល្អឥតខ្ចោះ ព្រោះថាទោះមិនល្អឥតខ្ចោះ ក៏ខ្លួននៅតែអាចសប្បាយបាន → មិនរិះគន់ ជេរស្តីខ្លួនឯងពេលមានកំហុស → សប្បាយនឹងធ្វើវា សប្បាយនឹងរៀន ហើយកែកំហុសខ្លួនឯង → មានកំលាំងចិត្តចង់ធ្វើវាឲ្យបានទៀងទាត់ → យូរៗទៅ ក៏ពូកែខាងហ្នឹង ដោយសារបន្តធ្វើវា ហើយរៀនពីវារហូត។
នេះមិនមែនជាទ្រឹស្តីបានមកពីអ្នកប្រាជ្ញណាទេ តែគឺជាមេរៀនជីវិតដែលស្មេរបានរៀនពីខ្លួនឯងផ្ទាល់ ក៏ដូចជាមិត្តភក្តិជុំវិញខ្លួនផងដែរ។
ដូច្នេះសរុបមកវិញ ល្មមបណ្តោយឲ្យខ្លួនឯងសប្បាយចិត្តវិញហើយ។ បោះបង់ចោលគំនិតដែលថា ទាល់តែយើងមានលក្ខខណ្ឌនេះ លក្ខខណ្ឌនោះ ទើបយើងអាចសប្បាយចិត្តបាន។ ប្រសិនបើអ្នកចង់បានក្តីសុខក្នុងជីវិត ហេតុអីចាំបាច់ទាល់តែមានជោគជ័យ មានលុយ មានសង្សារទើបព្រមសប្បាយ? ម៉េចមិនសាកផ្លូវថ្មីនេះ ដែលស្មេរ ក៏ដូចជាមនុស្សរាប់ពាន់នាក់មុននេះបានសាក ហើយឃើញថាមានលទ្ធផលល្អសិនទៅ?
ស្មេរអត់មានអីនិយាយទៀតទេ ក្រៅតែពីសូមអញ្ជើញអ្នកទាំងអស់គ្នា ឲ្យបើកចិត្តទូលាយ សាកវិធីខាងក្រោមនេះឲ្យបានយ៉ាងហោច ៤ អាទិត្យខាងមុខ នោះអ្នកនឹងឃើញផ្ទាល់តែម្តងថា អ្នកសប្បាយជាងមុន ហើយអ្នកក៏មានចិត្តធ្វើអ្វីច្រើនជាងមុនផងដែរ!
វិធីបង្កើតក្តីសុខដោយខ្លួនឯង
គ្រប់អារម្មណ៍របស់មនុស្សយើងអាចចែកជាបីប្រភេទ៖ អវិជ្ជមាន ព្រងើយកន្តើយ និងវិជ្ជមាន (negative, neutral and positive feelings)។ អារម្មណ៍អវិជ្ជមានគឺប្រៀបបានដូចភ្លើងដែលឆេះរាលបេះដូងយើងអញ្ចឹង វារួមមានពេលយើងមានអារម្មណ៍លោភលន់ ស្អប់ ភ័យបារម្ភ បាក់ទឹកចិត្ត ច្រណែនឈ្នានីស ខឹងជាដើម។
ឯអារម្មណ៍វិជ្ជមានគឺហាក់បីដូចជាផេះដែលត្រជាក់ ជួយស្អំបេះដូងយើងអញ្ចឹង។ វារួមមានពេលយើងមានអារម្មណ៍សុខសប្បាយ ត្រេកអរ ស្រឡាញ់ មេត្តា ករុណា សន្តិភាព និងមានអារម្មណ៍ស្រាលក្នុងខ្លួនជាដើម។ ហើយអារម្មណ៍ប្រភេទចុងក្រោយគឺប្រភេទព្រងើយកន្តើយ គឺយើងមើលមិនឃើញ ហើយក៏មិនចាប់អារម្មណ៍វាដែរ។
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
ពេលដែលឥន្ទ្រីវិញ្ញាណទាំងប្រាំ និងចិត្តរបស់យើង ប៉ះជាមួយនឹងទិដ្ឋភាពនៅខាងក្រៅ វាធ្វើឲ្យលេចចេញអារម្មណ៍។ ឧទាហរណ៍ នៅខាងក្រៅមានសំលេងគេច្រៀង សំលេងនោះប៉ះជាមួយត្រចៀកយើង បង្កើតបានជាឥន្ទ្រីយារម្មណ៍មួយ ហើយបន្ទាប់មក ទើបយើងមានអារម្មណ៍កើតមកពីឥន្ទ្រីយារម្មណ៍មួយនេះ។ បើគេច្រៀងពិរោះ នោះយើងនឹងមានអារម្មណ៍សប្បាយ តែបើច្រៀងដូចគោរោទិ៍ នោះយើងនឹងមានអារម្មណ៍ខឹង ឬធុញ។ បើយើងមិនខ្វល់នឹងសំលេងហ្នឹងទេ យើងក៏មានអារម្មណ៍ព្រងើយកន្តើយ។
សំលេងតែមួយ នឹងធ្វើឲ្យមនុស្សម្នាក់ៗកើតអារម្មណ៍ខុសៗគ្នា តាមតែបទពិសោធន៍ ការចងចាំ និងការចូលចិត្តរបស់មនុស្សម្នាក់ៗ។ នៅត្រង់ហ្នឹងឯង ដែលយើងអាចរៀនប្តូរបាន! សិល្បៈនៃការបង្កើតក្តីសុខសប្បាយក្នុងចិត្ត គឺជាសិល្បៈនៃការបំលែងអារម្មណ៍អវិជ្ជមាន និងអារម្មណ៍ព្រងើយកន្តើយ ទៅជាអារម្មណ៍វិជ្ជមានទាំងអស់!
វាដូចជាហ្គេមមួយដែលមានពីរកំរិតអញ្ចឹង កំរិតទីមួយ សំរាប់អ្នកទើបលេងដំបូង គឺយើងរៀនបំលែងអារម្មណ៍ព្រងើយកន្តើយទៅជាអារម្មណ៍វិជ្ជមាន ហើយទើបយើងឡើងកំរិតទីពីរ គឺរៀនបំលែងអារម្មណ៍អវិជ្ជមានទៅជាអារម្មណ៍វិជ្ជមានបន្ថែមទៀត។
ក្នុងអត្ថបទនេះខ្ញុំនឹងចែករំលែកតែកំរិតទីមួយតែប៉ុណ្ណោះ ដោយសារខ្ញុំមានបទពិសោធន៍ទើបមួយឆ្នាំ ចេះឆ្អិនតែកំរិតទីមួយ ល្មមអាចបង្ហាត់អ្នកទាំងអស់គ្នាបាន។
ឯកំរិតទីពីរ ប្រហែលខ្ញុំនៅត្រូវបន្តរៀនប៉ុន្មានឆ្នាំទៀតសិន ទើបចេះច្បាស់អាចបង្រៀនគ្នាយើងតបាន!
វិធីបំលែងអារម្មណ៍ព្រងើយកន្តើយឲ្យក្លាយជាអារម្មណ៍វិជ្ជមាន
វិធីនេះមានប្រសិទ្ធិភាពក៏ដោយសារការពិតមួយក្នុងជីវិតយើង នោះគឺថា មនុស្សយើងម្នាក់ៗមានលក្ខខណ្ឌក្នុងជីវិតជាច្រើន ដែលល្មមគួរឲ្យយើងសប្បាយ មានក្តីសុខត្រេកអរក្នុងចិត្តហើយ។ តែដោយសារធម្មជាតិមនុស្សតែងតែភ្លេច ធ្វើឲ្យយើងមើលរំលងវត្ថុដែលយើងមាន រវល់តែរត់តាមវត្ថុដែលយើងមិនទាន់មាន។
សាកស្រមៃទៅពេលចុងក្រោយដែលអ្នករាគ ចុកពោះ ឬពុលអាហារទៅមើល! ចាំបានកាលដេកមិនលក់ ដើរមិនកើតព្រោះក្រពះធ្វើទុក្ខទេ? ពេលឈឺ យើងបន់ឲ្យតែពោះយើងត្រឡប់មកសភាពធម្មតាវិញទេ ឲ្យតែវាឈប់ចុកឈប់ឈឺ យើងប្រាកដក្នុងចិត្តថា យើងនឹងសប្បាយចិត្តលើសលប់ជាមិនខាន។
ចុះក្នុងពេលនេះវេលានេះ អ្នកឈប់ចុកពោះហើយ ម៉េចអ្នកមិនសប្បាយចិត្តលើសលប់ដូចការដែលរំពឹងទុកអញ្ចឹង? មនុស្សភាគច្រើនគឺអញ្ចឹង ពេលឈឺពោះ គឺអារម្មណ៍អវិជ្ជមានខ្លាំង តែដល់ពេលពោះអត់ឈឺ បែរជាមានត្រឹមអារម្មណ៍ព្រងើយកន្តើយ មិនមែនអារម្មណ៍វិជ្ជមានខ្លាំងនោះទេ។
នេះហើយជាកន្លែងដែលយើងអាចប្តូរបាន គឺយើងរៀនប្តូរអារម្មណ៍ព្រងើយកន្តើយ មកជាអារម្មណ៍វិជ្ជមាន មកជាការអរគុណ មកជាក្តីសុខសប្បាយវិញ! សាកយកពេលពីរបីនាទី ប្រៀបធៀបអារម្មណ៍ពេលឈឺពោះកាលមុន ជាមួយនឹងអារម្មណ៍គ្មានភាពឈឺចុកចាប់ពេលនេះទៅមើល! តើអ្នកមិនសប្បាយចិត្ត មិនត្រេកអរទេឬដែលក្រពះអ្នកមិនធ្វើទុក្ខដូចមុនទៀតនោះ?
សំខាន់ជាងនេះទៀតនោះ មិនមែនតែពោះយើងមួយទេដែលនាំឲ្យយើងសប្បាយបាន នៅមានលក្ខខណ្ឌជាច្រើនទៀតដែលអ្នកមានស្រាប់ហើយ ក្នុងពេលនេះវេលានេះតែម្តង។ ធ្មេញអ្នកអត់ឈឺទេ វានៅរឹងមាំទំពារបានធម្មតា។ បេះដូងអ្នកនៅក្មេងខ្ចី នៅលោតត្រូវចង្វាក់ គិតមើលៗ តើនៅលើលោកនេះ ក្នុងវេលានេះ មានអ្នកជំងឺប៉ុន្មាននាក់ដែលហ៊ានចំណាយលុយមួយលានដុល្លារ ឲ្យតែបានឱកាសបានបេះដូងថ្មីដែលលោត ហើយមានសុខភាពល្អវិញ?
ជើងរបស់អ្នកនៅដំណើរការបាន នៅអាចនាំអ្នកពីកន្លែងមួយទៅកន្លែងមួយ។ អ្នកនៅអាចរត់ នៅអាចហក់ នៅអាចដើរបាន។ ប្រហែលជា ៦០ ឆ្នាំទៅមុខ ជើងអ្នកនឹងឈប់ដំណើរការហើយ។ ចុះម៉េចមិនសប្បាយអរគុណវាឥលូវ? ជាជាងចាំដល់ពេលដើរលែងរួចហើយទើបតូចចិត្តស្តាយនឹកវា? អ្នកមានដៃពីរដែលអាចជួយផ្តល់លំនឹងដល់អ្នក ដែលធ្វើឲ្យអ្នកអាចសរសេរ អាចគូររូប អាចឱបមនុស្សដែលអ្នកស្រឡាញ់ តើជីវិតអ្នកនឹងទៅជាយ៉ាងណា បើអ្នកគ្មានដៃទាំងគូនេះ?
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
ងាកមើលទៅមិត្តភក្តិអ្នកវិញម្តង អ្នកសប្បាយនឹងមានមិត្តដូចពួកគេណាស់។ មានចាំកាលមិនទាន់ស្គាល់គាត់ តើអ្នកមានអារម្មណ៍ឯកោប៉ុណ្ណាទេ ? ចុះម៉េចមិនសប្បាយចិត្តខ្លាំងពេលមានមិត្តឥលូវទៅ? មើលទៅបងប្អូនគ្រួសារអ្នកវិញម្តង ថ្ងៃណាមួយ អ្នកទាំងអស់គ្នានឹងបែកគ្នា បើគាត់មិនចាកចេញទេ ក៏អ្នកជាអ្នកចាកចេញពីលោកនេះ។ ចុះម៉េចមិនសប្បាយនឹងមានពួកគាត់ឥលូវនេះ ? ហេតុអ្វីចាំដល់បុណ្យសពគាត់ហើយទើបស្តាយ ថាមិនបានសប្បាយ ហើយធ្វើល្អដល់គាត់ជាងនេះ?
សរសេរចុះឲ្យអស់មក លក្ខខណ្ឌនៃក្តីសុខសប្បាយដែលអ្នកមានក្នុងដៃរួចទៅហើយ
ស្មេរសូមឲ្យអ្នកសាកយកក្រដាសពីរបីសន្លឹកមក ទៅអង្គុយនៅកន្លែងណារាងស្ងាត់ ហើយសរសេររ៉ាយរ៉ាប់គ្រប់លក្ខខណ្ឌនៃសេចក្តីសុខសប្បាយ ដែលនៅក្នុងជីវិតអ្នកពេលនេះ។ ខ្យល់ខាងក្រៅនៅល្អគ្រប់គ្រាន់សំរាប់ឲ្យយើងអាចដកដង្ហើមរស់រានមានជីវិតបាននៅឡើយទេ ខ្លួនប្រាណអ្នកនៅដំណើរការល្អនៅឡើយ ខួរក្បាលអ្នកនៅគិតត្រូវផ្លូវនៅឡើយ អ្នកមានលុយអាចចាយបាន អ្នកមានចរិតល្អខ្លះដែលអ្នកខិតខំបង្កើតខ្លួនឯងជាយូរមកហើយ អ្នកមានមិត្តភក្តិ មានគ្រួសារ… គ្រាន់តែការដែលអ្នកមានកំលាំងចិត្ត កំលាំងកាយអានអត្ថបទមួយនេះ ហើយព្យាយាមសាកធ្វើតាមដើម្បីអភិវឌ្ឍន៍ខ្លួននេះ ក៏ជាលក្ខខណ្ឌមួយដែលអាចជួយឲ្យអ្នកសប្បាយបានដែរ ព្រោះថាមានអ្នកខ្លះ ខួរក្បាលគាត់ស្មុគស្មាញដោយវិបត្តិផ្លូវចិត្ត ដល់ថ្នាក់គាត់អស់សង្ឃឹម មិនមានកំលាំងនឹងមកខំអភិវឌ្ឍខ្លួនឡើយ!
ពេលអ្នកសរសេរ សូមសរសេរគ្រប់រឿងឲ្យលំអិត មិនថាតូចមិនថាធំឡើយ ព្រោះថា បើអ្នកចេះមើល ចេះអរគុណ ចេះយកចិត្តទុកដាក់ គ្មានរឿងណាដែលជារឿងតូច មិនសំខាន់នោះទេ! ខាងក្រោមនេះជារូបថតលក្ខខណ្ឌនៃសេចក្តីសុខសប្បាយរបស់ស្មេរផ្ទាល់ ឥលូវសរសេរបាន ៤ សន្លឹកហើយ! នៅចាំអង្កាល់ សាកសរសេរខ្លួនឯងម៉ោះ!
[បកប្រែ៖ លក្ខខណ្ឌនៃសេចក្តីសុខ ខ្ញុំនៅរស់ ដៃនៅដំណើរការនៅឡើយ ម្រាមដៃនៅអាចកាន់ប៊ិចសរសេរបាន ម្រាមដៃនៅអាចប៉ះមនុស្សដែលខ្ញុំស្រឡាញ់បាន ត្រចៀក ច្រមុះអាចហិតដឹងក្លិនធូបក្រអូប អណ្តាតនៅដឹងជាតិតែ អាចស្តាប់ធម៌តាមអុីនធឺណែត ប្រទះចំណេះក្នុងការអភិវឌ្ឍន៍ខ្លួនជាច្រើនទាំងអាយុនៅក្មេង ខ្យល់នៅក្រៅនៅអាចដកបាន ច្រមុះនៅអាចដកដង្ហើមបាន ខ្ញុំបានស្គាល់លោកគ្រូធីចញ៉ាត់ហាញ់ បន្ទប់ខ្ញុំស្អាតមានផាសុកភាព អាចធ្វើការតែ ២៤ ម៉ោងក្នុងមួយអាទិត្យ -ល-]
បើអ្នកគ្រាន់តែមើលតែពីខ្លួនប្រាណអ្នក គឺរាប់មិនអស់ទេ សរសេរពីរបីសន្លឹកមិនគ្រប់ផង! ឥលូវនេះ ដៃ ជើង ខួរក្បាល បេះដូង សួត ថ្លើម ពោះវៀន ក្រពះ ស្បែក មាត់ អណ្តាតអ្នក -ល- នៅអាចធ្វើការបានល្អ។ យកពេលគិតពីវាម្តងមួយៗ ហើយស្រមៃថា បើអ្នកគ្មានវាពេលនេះ ឬក៏អ្នកកំពុងឈឺវា តើជីវិតអ្នកនឹងទៅជាយ៉ាងណា? ចុះឥលូវវាអត់ឈឺអញ្ចឹង តើអ្នកសប្បាយ អរគុណអត់ចុះ?
ហើយនេះមិនមែនធ្វើតែម្តងរួចនោះទេ។ អ្នកត្រូវបន្តធ្វើវាឲ្យបានទៀងទាត់ ហាក់ដូចបន្តផ្តល់ចំណីដល់អារម្មណ៍សប្បាយ ក្តីសុខ អរគុណក្នុងចិត្តអញ្ចឹង ព្រោះថានៅលើលោកនេះ គ្មានអ្វីដែលអាចបន្តរស់បាន បើវាគ្មានចំណីចូលពោះនោះ។ ដោយហេតុនេះហើយ ជារៀងរាល់ថ្ងៃ គួរយកពេលប៉ុន្មាននាទី ដើម្បីអានលក្ខខណ្ឌនៃក្តីសុខដែលអ្នកបានសរសេរហើយ ក៏ដូចជាសរសេរបន្ថែមលក្ខខណ្ឌថ្មីៗពីរបីទៀតរាល់ដង! ជាក់ស្តែងគឺស្មេរធ្វើអញ្ចឹងជារៀងរាល់ព្រឹក ធ្វើម្តងៗមិនលើលពី ៥ នាទីនោះទេ តែវានាំឲ្យខ្ញុំសប្បាយចិត្ត និងអរគុណដល់ជីវិតខ្លាំងមែនទែន!
កិច្ចការផ្ទះសំរាប់អ្នក!
មកដល់ត្រឹមនេះ ស្មេរចង់បញ្ជាក់ថា ទោះអ្នកខំអានពីក្តីសុខសប្បាយ ១០ អត្ថបទទៀត ក៏គ្មានប្រយោជន៍មិនអាចធ្វើឲ្យអ្នកសប្បាយចិត្តបានដែរ បើអ្នកមិនចាប់ផ្តើមអនុវត្តសាកខ្លួនឯងនោះទេ! ចឹងឥលូវសាកធ្វើតាមស្មេរម៉ោះ ធ្វើឲ្យបានរៀងរាល់ថ្ងៃឲ្យគ្រប់ ៤ អាទិត្យសិន អ្នកនឹងឃើញថាវាមានប្រសិទ្ធិភាពឬអត់ហើយ!
អ្នកខ្លះរាងស្ទាក់ស្ទើរ មិនហ៊ានចាប់ផ្តើមធ្វើក្នុងកាលៈទេសៈពេលនេះទេ «ឲ្យខ្ញុំដេកសប្បាយចិត្តយ៉ាងម៉េចកើត ឲ្យមើលឃើញរឿងល្អក្នុងជីវិតយ៉ាងម៉េចខ្លះ បើការពិតគឺសុទ្ធតែរឿងអាក្រក់ នៅលើលោកពោរពេញដោយមនុស្សកំពុងស្លាប់ កំពុងអត់ការងារធ្វើដោយសារកូវីដណា!» បើអ្នកគិតអញ្ចឹងមែន ស្មេរសុំឆ្លើយថា អ្នកត្រូវការទាំងល្អទាំងអាក្រក់ដើម្បីឲ្យវាថ្លឹងថ្លែងគ្នាបាន។
ការពិតនៃជីវិតពេលនេះមិនមែនមានតែកូវីដ ទុក្ខ និងមរណភាពប៉ុណ្ណោះទេ។ មើលទៅក្រៅទៅ ផ្កានៅតែរីក ខ្យល់នៅតែអាចដកបាន មានមនុស្សជាច្រើនកំពុងព្យាយាមស្រាវជ្រាវរកថ្នាំព្យាបាលកូវីដ១៩ មានគ្រូពេទ្យជាច្រើនលាននាក់កំពុងព្យាយាមព្យាបាលអ្នកជំងឺ មានមនុស្សជាច្រើននាក់ទៀតកំពុងជួយអ្នកជុំវិញខ្លួន អ្នកខ្លះបរិច្ចាគលុយ អ្នកខ្លះបន្ថយតម្លៃផ្ទះ តម្លៃតូបដោយយោគយល់ដល់គ្នាជាដើម។ រឿងល្អទាំងនេះក៏ជាផ្នែកមួយនៃការពិតនៃជីវិតបច្ចុប្បន្នផងដែរ។
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
ទោះនៅទីណា នៅពេលណាក្តី ពិភពលោកយើងតែងមានរឿងល្អនិងរឿងអាក្រក់នៅច្របូកច្របល់គ្នាជានិច្ច។ គ្រាន់តែថា ឥលូវនេះ វាហាក់ដូចជារឿងអាក្រក់ច្រើនជាងរឿងល្អបន្តិចហើយ! តែដោយសារហេតុហ្នឹងហើយ បានជាយើងត្រូវចាំបាច់ខិតខំប្រឹងប្រែងរកមើលរឿងល្អជាងធម្មតា ដើម្បីឲ្យវាស្មើសមតុល្យភាពគ្នា! ទាល់តែយើងមានតុល្យភាព មើលឃើញទាំងរឿងល្អ និងរឿងអាក្រក់ ទើបសុខភាពផ្លូវកាយ និងផ្លូវចិត្តយើងអាចប្រសើរជាងមុនបាន។
ពេលដែលអ្នកអាចធ្វើឲ្យខ្លួនឯងសប្បាយ និងអារម្មណ៍ស្ងប់ហើយនោះ អ្នកអាចមានកំលាំងចិត្ត ប្រឈមមុខនឹងរឿងអាក្រក់តែម្តង ដោយមិនភ័យខ្លាច ដោយមិនបារម្ភ។ អ្នកអាចលូកដៃចូលជួយ តាមតែសមត្ថភាពអ្នក តែមិនមែនជួយដោយសារអ្នកខ្លាច ឬស្ត្រេសនោះទេ អ្នកជួយក៏ដោយសារអ្នកសប្បាយនឹងជួយ ដោយសារអ្នកមានមេត្តាធម៌ទៅវិញទេ!
រូបពីដើមអត្ថបទ៖ Penkuro
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
វីដេអូ-ហ្វារពន្លឺសិល្បៈបានបង្កើតវីដេអូចម្រៀង " WASH YA HANDZ" ឡើងជាការផ្ដល់សារដាស់តឿនក្នុងការរក្សាភាពស្អាតបន្ថែមដើម្បីជៀសវាងនៃការឆ្លងជំងឺកូវីដ១៩ដែលជាជំងឺដ៏កាចសាហាវអំឡុងពេលនេះ។
វីដេអូ៩៖ បើរកស៊ីបរាជ័យ មិនខ្មាសគេស្លាប់ហើយ?
[វីដេអូ] ខ្លីៗ តែស្រួលយល់ពីប្រភេទលំហាត់ប្រាណមូលដ្ឋានផ្សេងៗពី Reechhee
បីវិធីប្រឡេះស្ត្រេស ដើម្បីបង្កើនឆន្ទៈ
ការណែនាំពិសេស
លោក Putin ជំរុញឱ្យមានការអត់ធ្មត់ក្នុងពេលសុន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ីរ៉ង់ ខណៈភាពតានតឹងកើនឡើង
ចិន៖ ការមានទាហានឥណ្ឌាកាន់តែច្រើននៅតាមព្រំដែន នឹងមិនបន្ធូរបន្ថយភាពតានតឹងឡើយ
ចំណាំទុកផង! មនុស្ស៣ប្រភេទនេះ រាប់ជាគ្នាមិនបានទេ នៅកាន់តែជិតពួកគេ កាន់តែទាញអ្នកទម្លាក់ចុះ
គន្លឹះទាំង ៨ ដែលអ្នកត្រូវធ្វើដើម្បីរក្សាតុល្យភាពក្រោយការលែងលះ
យោបល់ទាំងអស់ (0)