អាជីវកម្មប្រមាណជា ៣ពាន់កន្លែង ដែលពឹងផ្អែកលើឧស្សាហកម្មទេសចរណ៍កម្ពុជា បានផ្អាកប្រតិបត្តិការ

TNAOT News 2020-04-29 16:20:22
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

អាជីវកម្ម​ជាច្រើន​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​វិស័យ​ទេសចរណ៍​កម្ពុជា បាន​រង​ផល​ប៉ះពាល់​ភ្លាមៗ​ត្រឹម​រយៈ​ពេល​ប្រមាណមិន​ដល់២ខែផង ក្រោយ​មាន​ផ្ទុះ​រាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ដោយ​ផ្អែក​លើ​របាយការណ៍ ​របស់​ក្រសួងទេសចរណ៍ គិត​ត្រឹមព្រឹកថ្ងៃពុធ ទី ២៩​ នេះ អាជីវកម្មសរុប ២៨៦៥ ទីតាំងបាន​បិទទ្វារជាបន្តបន្ទាប់។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា ចេញ​ផ្សាយនៅព្រឹកថ្ងៃ ២៩ ខែមេសា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ទៅលើផលប៉ះពាល់ ក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ដែលបណ្តាលឱ្យអាជីវកម្មមួយចំនួន ត្រូវបានបិទទ្វារទាំងស្រុង។

បើតាមឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់តាមរយៈកិច្ចប្រជុំអាស៊ាន នៅព្រឹកថ្ងៃនេះបានឱ្យដឹងថា បើគិតទៅលើអាជីវកម្មដែលបានចុះបញ្ជីរ និងមិនបានចុះបញ្ជីរគឺមានផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។

យោងតាមសេចក្តីប្រកាសខាងលើនេះបានឱ្យដឹងថា អនុវត្តតាមវិធានការ និងការណែនាំជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ការរាគត្បាតនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ស្តីពីការផ្អាកដំណើរការអាជីវកម្ម និងសេវាកម្ម​ទេសចរណ៍ជាច្រើននៅទូទាំងប្រទេស។

គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ អាជីវកម្មទេសចរណ៍ដែលត្រូវបានបិ​ទ (បិទដោយការផ្អាកដំណើរការនិងបិទបញ្ចប់អាជីវកម្ម) ទូទាំងប្រទេសមានចំនួនសរុប២៨៦៥ទីតាំង ស្មើនិង២៩,៥៧% ធៀបនិងទីតាំងអាជីវកម្មទេសចរណ៍សរុប ដែលមាន៩,៦៨៩ទីតាំង រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍​ ខារ៉ាអូខេ រង្គសាល ឌីស្កូ បៀហ្គាឌិន និងកីឡាទេសចរណ៍)។  

ផលប៉ះពាល់ដល់បុគ្គលិគចំនួន៤៦៣៦៩នាក់​ស្មើនឹង ៤២.៦% ប្រៀបធៀបបុគ្គលិកសរុប ១០៨ ៨៤៧នាក់ និងអគ្គុទ្ទេសក៏ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍សរុបចំនួន៩៦នាក់ ស្មើនឹង១.៥%ធៀបនិងចំនួនមគ្គុទ្ទេសក៏ទេសចរណ៍សរុប៦៤១៦នាក់។

ដោយឡែកសេវាកម្មសណ្ឋាគារ ត្រូវបានបិទនៅទូទាំងប្រទេស មានចំនួន២៨២សណ្ឋាគារ (១៥៤៨៨បន្ទាប់)ស្មើនិង ២៧% ធៀបនិងចំនួនសណ្ឋាគារសរុបដែលមាន១០៤៤ទីតាំង (៤៨៧៩១បន្ទប់) និងផលប៉ះពាល់បុគ្គលិក១៦២០៣នាក់ ស្មើនិង៤១% ធៀបនិងបុគ្គលិកសរុប៣៩,១៥១នាក់។

ចំពោះសេវាកម្មផ្ទះភ្ញៀវ(ផ្ទះសំណាក់) ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៤០៥ទីតាំង (៥៦៤៤បន្ទប់)ស្មើនឹង១៥% ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមាន២ ៦៤៣ ទីតាំង (៣៤ ៩៥៧បន្ទប់) និងផលប៉ះពាល់បុគ្គលិក ២០៨៧នាក់ ស្មើនឹង១៩.៥ ធៀបនឹងបុគ្គលិកសរុប ១០ ៦៦៩នាក់។ សេវាកម្មភោជនីដ្ឋាន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៣៧១ទីតាំង(១៧ ០២៧កៅអី) ស្នើនឹង១០.៨% ធៀបនឹងចំនួនភោជនីដ្ឋានសរុបមាន៖ ៣៤១៥ទីតាំង (១៦៧៦៣៨កៅអី) និងផលប៉ះពាល់បុគ្គលិក៣២០១នាក់ ស្មើនឹង១១.១១%ធៀបនិងបុគ្គលិកសរុប២៨ ៧៣៨នាក់។ ដោយ៖ ឃួន​ លក្ខិណា

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប