TNAOT News

· 2020-05-01

អ៊ីស្រាអែលផ្តើមប្រតិបត្តិការវាយប្រហារ​ចូលខាងត្បូង​ស៊ីរី

#ស៊ីរី# #ឧទ្ធម្ភាគចក្រ# #សង្គម# #អ៊ីស្រាអែល# #វាយប្រហារ# #នយោបាយជាតិ#

6092

ឧទ្ធម្ភាគចក្រ​របស់កងកម្លាំងយោធា​អ៊ីស្រាអែល​ ចាប់ផ្តើម​ប្រតិបត្តិការវាយប្រហារ​ ចូល​លើ​ទឹកដី​ ភាគខាងត្បូង ​ប្រទេសស៊ីរី ។ 

ប្រព័ន្ធផ្សព្វផ្សាយស៊ីរី​ បានផ្សាយ​ដូច្នេះ​ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ ការវាយ​ប្រហារ​នេះ បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែល​សារព័ត៌មាន​ស៊ីរី បានពិពណ៌នា​ថា «ជាការឈ្លាន​ពាន​​របស់អ៊ីស្រាអែល ​ចូលមកលើដែនអាកាស​លីបង់» ដោយបានសម្លាប់​ជនស៊ីវិល​យ៉ាងតិច​៣នាក់ ។ 

ឧទ្ទម្ភាគចក្រអ៊ីស្រាអែល​ បានបាញ់មីស៊ីល​ជាច្រើន​គ្រាប់​ ពី​ជ្រោយគ្រប់គ្រង​ Golan Heights ដោយគោលដៅ​ទៅភាគខាងត្បូង​ស៊ីរី ។ នេះបើតាមការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន SANA។ប្រភពបន្ដថា ការវាយប្រហារ​នេះ​ ធ្វើឲ្យខូចខាត​មានកម្រិតតិចតួច តែមិនបណ្តាលឲ្យជនណា​ម្នាក់បាត់បង់ជីវិត ។ 

ប្រភពដោយឡែក​មួយផ្សេងទៀត​ បានផ្សាយថា គេបានឮសំឡេងផ្ទុះ​ នៅទីក្រុង Al Quneitra និងនៅទីក្រុង Daraa ភាគខាងត្បូងស៊ីរី ទីដែល​ក្រុមជីវពល​លីបង់ហេបូឡា និងកងកម្លាំងឃឺដ​អ៊ីរ៉ង់ មានមូលដ្ឋាន​នៅទីនោះ ។ 

នៅព្រឹកថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២០ ប្រភព SANA បានផ្សាយថា ប្រព័ន្ធការពារដែនអាកាស​ស៊ីរី​បានវាយស្ទាក់ចាប់បានមីស៊ីលជាច្រើនគ្រាប់ ដែលបានបាញ់ប្រហារ​ដោយ​កងកម្លាំង​ការ​ពារ​អ៊ីស្រាអែល (IDF)។ 

ទីក្រុងដាម៉ាកាស បានចោទប្រកាន់អ៊ីស្រាអែល​ ជាច្រើនលើកច្រើនសា ពីការ​វាយប្រហារ​ឆ្មក់តាមដែនអាកាស​ដ៏ងងើល​ខុសច្បាប់​ទៅ​លើទឹកដី​សាធារណរដ្ឋអារ៉ាប់មួយនេះ ។ ស៊ីរី​បានអំពាវនាវដល់សហគមន៍អន្តរជាតិ​ មេត្តាដាក់គំនាប​ទៅលើទីក្រុងតែលអាវីវ ពាក់ព័ន្ធ​អំពើទាំងនោះផង ។ អ៊ីស្រាអែល​ប្រកាស​ទទួលស្គាល់ការវាយប្រហារតិចតួចប៉ុណ្ណោះ ក្នុងចំណោមការវាយប្រហារ​តាមដែនអាកាស​ទាំងនោះ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)