Saley

· 2020-05-04

តំណាងអង្គការសុខភាពពិភពលោកថា វ៉ាក់សាំងកូវីដ១៩អាចមាននៅឆ្នាំក្រោយ

#COVID-19# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ# #WHO#

8412

ភ្នំពេញ៖ មកដល់សព្វថ្ងៃនេះ គឺយើងមិនទាន់ អាចរំពឹងទុកថា នឹងមានវ៉ាក់សាំងមួយ ដែលមានសុវត្ថិភាព ហើយមានប្រសិទ្ធភាព ដែលយើងអាចយកជាការបាននៅឡើយទេ ដូចច្នេះយើងអាចគិតថា ក្នុងរយៈពេល ប្រហែលជានៅឆ្នាំក្រោយ ក្នុងរយៈ ប្រហែល១២ ខែ ឬក៏អាចមួយឆ្នំាកន្លះ ឬក៏អាច ១៨ ខែទៀត ទៅតាមស្ថានភាពជាក់ស្តែង ប៉ុន្តែ មិនមែនក្នុងរយៈពេលមួយដ៏ខ្លី ដែលយើងអាចរំពឹងទុកថាមានវ៉ាក់សាំង មួយដែលមានប្រសិទ្ធភាពនោះទេ។

នេះបើតាមការឲ្យដឹងពី លោកស្រី​ Li Ailan​ តំណាង​អង្គការ​សុខភាព​ពិភព​លោក (WHO) បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីអំពី បច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ

លោកស្រី  តំណាង​អង្គការ​សុខភាព​ពិភព​លោក ប្រាប់ថា មកដល់សព្វថ្ងៃនេះនៅលើពិភពលោក ពុំទាន់មានឳសថសម្រាប់ព្យាបាលឬក៏វ៉ាក់សាំងដែល ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក អាចប្រើប្រាស់បាននៅលើទីផ្សារនៅឡើយ។ អង្គការសុខភាពពិភពលោក បានកំពុងតែ ធ្វើការសម្របសម្រួល ជាមួយប្រទេសផ្សេងៗ ដែលជាសមាជិក ក្នុងការធ្វើការសាកល្បង Global Solidarity បានន័យថា ការសាកល្បងជាលក្ខណៈ ​សាមគ្គី ដែលជាឈ្មោះទៅលើការសាកល្បងថ្មាំ និងវ៉ាក់សាំង កូវីដ១៩ ដែលដឹកនាំដោយក្រុម ស្រាវជ្រាវ​ និងបង្កើតទៅលើវ៉ាក់សាំនេះ។

លោកស្រី​ Li Ailan បន្តថា យើងក៏មានពិធីការ ជាស្តង់ដាមួយសម្រាប់ពិភពលោក និងប្រទេសដែលចូលរួម ហើយយើងសង្កេតឃើញមានប្រទេសមួយចំនួនធំបានចូលរួមនៅក្នុងការធ្វើតេស្តសាកល្បងនេះ។ ក្នុងនោះយើងក៏មានបេក្ខភាព វ៉ាក់សាំង មួយចំនួនហើយដែរ គឺយើងមានការវិវឌ្ឍបានល្អ ប៉ុន្តែ ការបង្កើតវ៉ាក់សាំងមួយ ដែលមានប្រសិទ្ធភាព ហើយមានសុវត្ថិភាព គឺត្រូវការពេលវេលា ដូចច្នេះ ទោះបីជាយើងពុំទាន់បានលទ្ធផលពេញ ជាក់លាក់នៅឡើយមែន តែយើងមានការវិវឌ្ឍន៍ទៅមុខបានល្អ។  

តំណាង​អង្គការ​សុខភាព​ពិភព​លោក ប្រចាំកម្ពុជា សង្ឃឹមថា ប្រទេសកម្ពុជាអាចចូលរួមទៅក្នុងការសាកល្បងណាមួយ ក្នុងពេលខាងមុខនេះផងដែរ ហើយអង្គការសុខភាពពិភពលោកក៏បាន នឹងចាត់ទុកប្រទេសកម្ពុជា គឺជា ប្រទេសមួយដែលមានអាទិភាព ពីព្រោះថានៅពេលដែលមានវ៉ាក់សាំង ឬឳសថព្យាបាល នោះ គឺអង្គការសុខភាពពិភលោក នឹងសម្របសម្រួល ​ឲ្យមានការទទួលបានសិទ្ធិ នឹងទទួលបាននូវថ្នាំព្យាបាល ឬក៏វ៉ាក់សាំងនេះ ឲ្យបានស្មើៗគ្នានៅលើពិភពលោក ជាពិសេសផ្តល់អាទិភាពទៅលើប្រទេសដែលពុំមានធនធានខ្លាំង ពោលគឺប្រទសដែលមានប្រាក់ចំណូលទាបកម្រិតខ្ពស់៕ ដោយ៖ ប៊ុនធឿន  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)