TNAOT News

· 2020-05-04

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ មហន្តរាយនឹងមានគ្រប់ពេលវេលា បើយើងធ្វេសប្រហែស

#COVID-19# #ម៉ម ប៊ុនហេង# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#

10031

ភ្នំពេញ៖ ប្រសិនប្រជាពលរដ្ឋ​មិនបានអនុវត្តន៍តាមវិធានការដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដាក់ចេញ​នោះទេ ​កម្ពុជានឹងជួបហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ជាថ្មី។ នេះបើយោងតាមប្រសាសន៍លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជា​ពលរដ្ឋទំាងអស់ត្រូវអនុវត្តន៍វិធានការបន្តទៀត ព្រោះថាស្ថានភាពនៅលើសកលលោក មិន​ទាន់មានការធូរស្រាលនៅឡើយ ដោយប្រទេសមួយចំនួនទាំងនៅទ្វីបអឺរ៉ុប អាហ្វិ្រក និង​អាស៊ីក្តី មកដល់ពេលនេះនៅតែរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីបន្ថែមជាច្រើនទៀត​។ លោករដ្ឋមន្រ្ដីបានបន្ដថា ថ្វីត្បិតតែរយៈ​ពេល ៣​សប្តាហ៍កន្លងមកនេះ មិនមានរកឃើញអ្នកឆ្លងកូវីដ១៩ អ្នកជាសះស្បើយ១២០នាក់ នៅសល់​២នាក់ គ្មានអ្នកស្លាប់ ក៏ពិតមែន ប៉ុន្តែស្ថានភាពកូវីដ១៩ ស្ថិតក្នុងការប្រុងប្រយ័ត្ន​នៅ​ឡើយ ហើយសូមបងប្អូនអនុវត្តន៍នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខភិ​បាល។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ “បញ្ហាដែលនាំមកនូវមហន្តរាយមានគ្រប់ ពេលវេលា បើយើងជួបជុំគ្នាច្រើន មិនគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំ​របស់ក្រសួងសុខាភិបាល  ដូច្នេះបើយើងមិនគោរពទេ យើងនឹងជួបការឆ្លងជំងឺកូវីដ១៩នេះ​ជា​ថ្មី។ ដូច្នេះសេចក្តីសោកសៅ សេចក្តីវេទនា និងអាយុជីវិតផង បើបងប្អូនមិនធ្វើតាមការ​ណែនាំរបស់ក្រសួង និងរាជរដ្ឋាភិបាល ហើយយើងមិនចង់ឃើញដូចប្រទេសគេថា ដាក់​ក្តារមឈូស ទើបខ្លាចនោះទេ”៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស