TNAOT News

· 2020-05-05

ប្រធានាធិបតី ស៊ី ជីនពីង ទទួលការព្រមាន​ពីជម្លោះយោធា កើតឡើងជាមួយ​អាមេរិក

#ដូណាល់ ត្រាំ# #សង្គម# #ចិន# #នយោបាយជាតិ# #ស៊ី ជីនពីង#

8750

ក្រសួងសន្តិសុខជាតិ​របស់ប្រទេសចិន ​បាន​ផ្ញើ​សារ​ទៅកាន់​លោកប្រធានាធិបតី ស៊ី ជីនពីង ដោយព្រមាន​អំពីការកើនឡើង​​សន្ទិដ្ឋិភាព​ជុំវិញ​ពិភពលោក​ប្រឆាំង​ជាមួយចិន ហើយ​ដែលជាសក្តានុពល​អាចនាំ​ឲ្យមានជម្លោះ​យោធា​ដោយផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក ។ 

ប្រភព​ព័ត៌មាន​ Sputnik ផ្សាយ​ដូច្នេះ ​កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយដកស្រង់ប្រភព​ព័ត៌មាន​រ៉យទ័រ ។ 

ការវិភាគ​ដែល​ត្រូវបានរាយការណ៍​ទៅជូនលោកប្រធានាធិបតី ស៊ី ជីនពីង កាលពីខែមុន​ បានសន្និដ្ឋានថា «អារម្មណ៍អរិភាព»​ មកលើ​ប្រទេសចិន ក៏ព្រោះតែលទ្ធផល​កំពុងបន្តឆ្លងរាតត្បាត​ នៃវីរុស​កូវីដ​១៩ ។ អារម្មណ៍​អរិភាព​នេះ បានឈានដល់កម្រិតខ្ពស់បំផុត​ ចាប់តាំង​ពី​ឧបទ្ទវហេតុ​នៅទីលានធានអានមែន ឆ្នាំ​១៩៨៩ ។ 

តាមការចេញផ្សាយ​របស់រ៉យទ័រ​ បញ្ជាក់ថា ក្នុងចំណោម​សេនារីយ៉ូ​ដ៏អាក្រក់​មួយ​ អាចនឹងមាន​ គឺរួមមានលទ្ធភាព​នាំឲ្យមានជម្លោះយោធា​រវាងអាមេរិក និងចិន​កើតឡើង​។

ប្រភពព័ត៌មាន​បានបញ្ជាក់ថា អាមេរិក​បានចាត់ទុក​ការរីកចម្រើនសេដ្ឋកិច្ច​របស់ចិន ជាការគំរាមកំហែងដល់សេដ្ឋកិច្ច​ និងសន្តិសុខជាតិ​ ក៏ដូចជា ​ការប្រកួតប្រជែង​ប្រព័ន្ធនយោបាយ​ដែលប្រកាន់ភ្ជាប់​ ដោយលទ្ធិប្រជាធិបតេយ្យ​រប់លោកខាងលិច ។ 

របាយការណ៍​នោះ ក៏បាន​បញ្ជាក់ជូន​លោកប្រធានាធិបតីស៊ី ទៀតថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាមកម្ចាត់​​ការគ្រប់គ្រង​របស់​គណបក្ស​កុម្មុយនីស្ត តាមរយៈការ​ធ្វើឲ្យមានទំនុកចិត្តជាសាធារណៈ​ទៅលើសមត្ថភាព​របស់ខ្លួនឯង ។ 

រដ្ឋបាល​លោកដូណាល់ ត្រាំ បានចោទប្រកាន់​ទីក្រុងប៉េកាំង ​មានការលាក់បាំងវីរុស​កូវីដ​១៩ ហើយថា ​វីរុស​នេះ បានចេញពីមន្ទីរពិសោធន៍​មួយ​នៅទីក្រុងវូហាន ។ 

ទីក្រុងប៉េកាំង​ បានច្រានចោល​ការចោទប្រកាន់នេះ ហើយថា ខ្លួនបានជំរុញ​ថា ជំងឺនេះ​អាចឆ្លងពីមនុស្សទៅមនុស្ស​ ដោយមាន​កិច្ច​សហការជាមួយ​អង្គការសុខភាពពិភពលោក (WHO) និងផ្តល់​ជាគំរូដល់សហរដ្ឋអាមេរិក​ឲ្យត្រៀម​ចំពោះវិបត្តិនេះ ។ 

រដ្ឋាភិបាល​ចិន​បានលើកឡើងដែរថា ការចោទប្រកាន់​របស់លោក ត្រាំ គឺជាការប៉ុនប៉ង​ដើម្បីបញ្ចៀស​ការស្តីបន្ទោស​ពីពលរដ្ឋ នៅក្នុង​ប្រទេស​របស់ខ្លួន ចំពោះ​វិធានការខ្សោយ​ទប់ស្កាត់ទៅលើការឆ្លងរាតត្បាតនៃវីរុស​ ។ 

ជាមួយគ្នានេះដែរ ប្រទេសចិន​ក៏កំពុងប្រឈមមុខ​នឹងប្រតិកម្ម​ដែលថា ចិនជាអ្នកទទួលខុសត្រូវចំពោះការរាតត្បាតនេះ ។ 

អូស្ត្រាលី​បាន​អំពាវនាវឲ្យស៊ើបអង្កេតជាអន្តរជាតិ​​ពីប្រភពដើម នៃវីរុស ហើយកាលពីខែមុន បារាំង​បានកោះហៅ​ឯកអគ្គរដ្ឋទូតចិន​​ទៅ​ប្រឆាំង​តវ៉ា ក្រោយពីស្ថានទូត​បានចោទប្រកាន់រដ្ឋាភិបាលបារាំង​ទុកឲ្យពលរដ្ឋរបស់ខ្លួនស្លាប់ ។ 

រដ្ឋាភិបាលអង់គ្លេស ដែលជាសម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់អាមេរិក​ បានអះអាងថា ទំនាក់ទំនងជាមួយចិន​ នឹងមិនវិលត្រឡប់​ទៅរក «ភាពប្រក្រតីផ្នែកសេដ្ឋកិច្ច»​ នោះឡើយ បន្ទាប់ពីជំងឺរាតត្បាតនេះ ។ 

មិនមានភស្តុតាង​ណាមួយ​ដែលថា វីរុសកូវីដ​១៩ ត្រូវបានបង្កើតឡើង នៅក្នុង​ប្រទេសចិននោះឡើយ បើទោះជាអាមេរិក​ថា វាបានកើត​ឡើងនៅក្នុងមន្ទីរពិសោធន៍​មួយ ​ក្នុងទីក្រុងវូហាន ។ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានប្រកាស​ថា ខ្លួនមិនបាន​ទទួលទិន្នន័យ ឬ​ភស្តុតាង​ជាក់លាក់ណាមួយ​ពីទីក្រុងវ៉ាស៊ីនតោន​ទៅលើ​អ្វីដែលថា ប្រភពដើម នៃវីរុស​កូវីដ​១៩ មកពីខាងណានោះឡើយ ដូចដែលពីពេលមុននេះ បានថ្លែងដោយរដ្ឋមន្ត្រី​ក្រសួងការបរទេស Mike Pompeo នោះ ៕ ប្រែ​សម្រួល​ដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស