TNAOT News

· 2020-05-05

មេដឹកនាំពិភពលោករៃថវិកា៨ពាន់លានដុល្លារ ដើម្បីស្រាវជ្រាវវ៉ាក់សាំងកូវីដ១៩

#ពិភពលោក# #COVID-19# #មេដឹកនាំ# #អឺរ៉ុប# #សង្គម# #នយោបាយជាតិ# #វ៉ាក់សាំង#

2187

មេដឹកនាំពិភពលោក កាលពីថ្ងៃទី៤ ខែឧសភា បានជំរុញឲ្យមានកិច្ចសហប្រតិបត្ដិការ មិន​មែន​ជាការប្រកួតប្រជែង នៅក្នុង ការស្រាវជ្រាវ បង្កើតវ៉ាក់សាំងកូវីដ១៩ ដោយមេដឹកនាំ​ទាំង​នោះបានសន្យានឹងផ្ដល់ថវិកាចំនួន៧,៤ពាន់លានអឺរ៉ូ ឬស្មើនឹង៨,១ពាន់លានដុល្លារអាមេរិក ។

បើយោងតាម Worldometer បានផ្សាយ នៅថ្ងៃទី៥ ខែឧសភា ថា នៅលើពិភពលោក មានអ្នក​ឆ្លងកូវីដ១៩ ចំនួន ៣ ៦៤៦ ១០៣នាក់ ក្នុងនោះស្លាប់ ២៥២ ៤០៧នាក់ និងជាសះស្បើយ ១ ១៩៧ ៧០៨នាក់។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ ដោយកូវីដ១៩ ច្រើន​ជាងគេ គឺ​អាមេរិក និងតំបន់​អឺរ៉ុប។

លោកស្រី Ursula von der Leyen ប្រធានគណ:កម្មការអឺរ៉ុប និងជាអ្នកដឹកនាំកិច្ចប្រជុំតាមវីដេ​អូខន់ហ្វែរ៉ែនស៍ បានថ្លែងថា មានតែវ៉ាក់​សាំងទេ ទើបជាជម្រើសដ៏ល្អសម្រាប់ការ​ប្រយុទ្ធ​ប្រឆាំង​​​នឹងជំងឺនេះ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បាន សាទរ​ចំពោះ​ការ​រៃអង្គាសប្រាក់នេះ ព្រោះវាជាការបង្ហាញពីឥទ្ធិពល នៃ «សាមគ្គីភាព ជា​សកល»។

ប្រទេសមហាអំណាចអឺរ៉ុប រួមជាមួយជប៉ុន និងកាណាដា បានសន្យាយ៉ាងធំធេង​ជាង​គេ ក្នុង​ចំណោមប្រទេស៤០។ ប៉ុន្តែគេមិនឃើញ មានតំណាងផ្លូវការរបស់​សហរដ្ឋអាមេរិក ទើប​ធ្វើឱ្យ​ព្រឹត្តិការណ៍នេះហាក់បីដូចជាមិនខ្លាំងក្លា ហើយជំរុញឲ្យមានការប្រកួត​ប្រជែង ដើម្បី​អភិវឌ្ឍ និងផលិតវ៉ាក់សាំង។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា តម្រូវការ​ថវិកាចាំបាច់ ​អាចនឹងមានចំនួនច្រើន រហូតសរុបជិត៣៨ពាន់លានដុល្លារអឺរ៉ូ។

លោក Guterres បានថ្លែងទៅកាន់សន្និសីទ ថា "មូលនិធិទាំងនេះ ជាប្រភេទ នៃការ​ចំណាយ​ សម្រាប់ការអភិវឌ្ឍឧបករណ៍ថ្មី តាមល្បឿនដែលត្រូវការ" ។ ប៉ុន្តែ​ដើម្បី​ទៅដល់មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង យើងទំនងជាត្រូវការចំនួនប្រាំដងទៀត។

ប្រទេសចំនួន៤០ រួមជាមួយអង្គការសហប្រជាជាតិ អង្គការមនុស្សធម៌ រួមទាំងមូលនិធិ មេលីន​ដាហ្គេត និងវិទ្យាស្ថានស្រាវជ្រាវបានបរិច្ចាគថវិកាទាំងនេះ។​ ប៉ុន្ដែការផ្ដួចផ្ដើម​គំនិត​នេះ​ គឺអវត្ដមានអាមេរិក ដោយសារលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធ្វើ​សង្គ្រាម​​ជាចំហជាមួយនឹងអង្គការសុខភាពពិភពលោក (WHO) ជុំវិញការដោះ​ស្រាយការ​ឆ្លងរាត​ត្បាតត នៃវីរុសនេះ។

ដោយឡែក អ្នកនាំពាក្យបេសកកម្មសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ស្វាគមន៍ដល់​ការខិតខំរបស់​ប្រទេស​ដទៃទៀត ក្នុងការ​កៀរ​គរប្រភពធនធាន ដើម្បីកាត់បន្ថយ និងទីបញ្ចប់ការរីករាលដាល នៃ​កូវីដ១៩ ។

លោក Boris Johnson នាយករដ្ឋមន្រ្ដីអង់គ្លេស បានថ្លែងទៅកាន់សន្និសីទថា ពិភពលោក​ត្រូវ​ធ្វើការរួមគ្នា ដើម្បីកសាងខែលដ៏រឹងមាំ សម្រាប់ការពារមនុស្ស នៅជុំវិញខ្លួនរបស់យើង។ រីឯ​ការ​​ប្រកួតប្រជែងស្វែងរកវ៉ាក់សាំងនេះ គឺដើម្បីយកឈ្នះលើមេរោគ មិនមែន​ ដើម្បីយក​ឈ្នះ​ចាញ់​​គ្នា​ទៅលើប្រទេសនានានោះឡើយ។ ប៉ុន្តែការខិតខំរួមគ្នាដែលមានភាពបន្ទាន់បំផុត សម្រាប់អាយុ​ជីវិតរបស់យើង។

អឺរ៉ុបបានបញ្ជាក់ថា ក្នុងចំណោមថវិកា ៧,៥ពាន់លានអឺរ៉ូនោះ គឺ ៤ពាន់លានសម្រាប់អភិវឌ្ឍ​វ៉ាក់សាំង ២ពាន់លានសម្រាប់ស្រាវជ្រាវថ្នាំ​ព្យាបាល និង១,៥ពាន់លានសម្រាប់​ផលិតការ​ធ្វើ​តេស្ដ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស