TNAOT News

· 2020-05-05

ទីបំផុត ផ្លូវជាតិលេខ១១ សាងសង់សម្រេចបាន ៩១,១៤ ភាគរយហើយ

#សង្គម# #​ផ្លូវជាតិ# #នយោបាយជាតិ# #ផ្លូវថ្នល់# #សាងសង់#

2110

ភ្នំពេញ៖ ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ និងខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC សម្រេចការសាងសង់បានចំនួន ៩១,១៤ ភាគរយហើយ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

ផ្លូវជាតិលេខ១១នេះ មានប្រវែងសរុប ៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន៖ ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុង ក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។ កំណត់ផ្លូវនេះ ជាកំណត់ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដែលចាំបាច់ត្រូវពង្រីក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

គួរឱ្យដឹងថា ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០នេះ។ ខណៈគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ផ្លូវនេះសម្រេចបាន ៩១,១៤ភាគរយហើយ៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស