TNAOT News

· 2020-05-05

ក្រុមហ៊ុនចិនមួយ គ្រោងវិនិយោគធ្វើស្ថានីយចំណតយានយន្តធុនធំដ៏ទំនើប ក្នុងកញ្ចប់ទឹកប្រាក់១៦០លានដុល្លារ

#អាជីវកម្ម# #ក្រុមហ៊ុនចិន# #ដឹកជញ្ជូន# #សង្គម# #ចំណតរថយន្ត#

6065

ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយបង្ហាញគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់វិនិយោគប្រមាណ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ។

បើយោងតាមផេកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមហ៊ុនចិននេះមានឈ្មោះថា China Good Cars Holding Ltd;. កំពុងពិភាក្សាលើគម្រោងស្នើសុំវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០លានដុល្លារអាមេរិក។ ក្នុងជំហានដំបូង ក្រុមហ៊ុនខាងលើបានស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹកពីចំណុចកណ្តាលរាជធានី ព្រមទាំងវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង លើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស