TNAOT News

· 2020-05-06

យានអវកាសគ្មានមនុស្សបើក និងកន្សោមវិលត្រឡប់ តាមរយៈរ៉ុក្កែត Long March 5B ត្រូវបាញ់បង្ហោះ​នៅចិន

#Long March 5B# #អវកាស# #បច្ចេកវិទ្យា# #ចិន# #វិទ្យាសាស្ត្រ#

3311

ប្រទេសចិនបានបាញ់បង្ហោះយានអវកាសរចនាថ្មី ជាផ្នែកមួយ នៃផែនការដ៏មានមហិច្ឆតារបស់ខ្លួន ដើម្បីសាងសង់ស្ថានីយអវកាស ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានផ្សាយថា យានអវកាសដែលគ្មានមនុស្សបើក និងកន្សោមវិលត្រឡប់របស់វា ត្រូវបានបាញ់បង្ហោះ​ទៅកាន់ទីអវកាស តាមរយៈរ៉ុក្កែត Long March 5B ។ នេះជាការ​បាញ់បង្ហោះ​លើកដំបូងរបស់ចិន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ។

កន្សោមយានទាំងនេះ​រៀបចំដាក់ចេញ​នៅមជ្ឈមណ្ឌល​បាញ់បង្ហោះ Wenchang ស្ថិតនៅ​ភាគខាងត្បូង​ខេត្ត​កោះ​ Hainan ។ កន្សោមយាននេះ​ត្រូវបាន​កែលម្អ​ឲ្យកាន់តែប្រសើរ​ពីកន្សោមយាន​អវកាស Shenzhou ផ្អែកលើគំរូ​​កន្សោមយាន Soyuz សម័យសហភាពសូវៀត និងដឹកអវកាសយានិក​បាន៦នាក់​ជាជាង​តែ​៣នាក់ ។ 

រ៉ុក្កែក​ថ្មីប្រភេទ Long March 5B ត្រូវបាន​បង្កើតឡើងជាពិសេស​ដើម្បី​នាំយក​ទម្រង់យាន​អនាគត ​នៃស្ថានីយអវកាស​ចូលទៅកាន់​គន្លង​គោចរ ។ 

ចិនមាន​សង្ឃឹម​ថា អាចប្រកួតប្រជែង​ជាមួយសហរដ្ឋអាមេរិក, រុស្ស៊ី និងក្រុមហ៊ុនឯកជនដទៃផ្សេងទៀត នៅក្នុងការរុករកអវកាស​ខាងក្រៅ។ 

កាលពីមុនប្រទេសចិនបានបើកស្ថានីយអវកាសសាកល្បងមួយ ហើយក្រោយមកបានធ្លាក់ចូលទៅក្នុងបរិយាកាស ។ ប្រទេសនេះ គ្រោងនឹងសាងសង់កន្លែងធំមួយ ដែលមាន ម៉ូឌុល(modules)ច្រើន បើប្រៀបធៀបទៅនឹងស្ថានីយអវកាសអន្តរជាតិ។

កម្មវិធីអវកាសដែលកំពុងរីកដុះដាលរបស់ប្រទេសចិនបានទទួលជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំមុន តាមរយៈការចុះចតយានអវកាស នៅផ្នែកឆ្ងាយនៃព្រះចន្ទ ដែលមិនទាន់ត្រូវបានគេរកឃើញ ហើយមានផែនការបាញ់បង្ហោះផ្កាយរណប និងធ្វើដំណើរពីលើភពព្រះអង្គារ ។

 

កម្មវិធីនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសចាប់តាំងពីបេសកកម្មរបស់អវកាសយានិកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៣ ហើយ​បាន​ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអវកាសនៅអឺរ៉ុប និងកន្លែងផ្សេងទៀត។

សហរដ្ឋអាមេរិក​បានហាមឃាត់កិច្ចសហប្រតិបត្តិការអវកាសភាគច្រើនជាមួយចិន ដោយលើកកង្វល់បារម្ភពីសន្តិសុខជាតិ ជាហេតុ​ជំរុញ​ឱ្យប្រទេសចិនអភិវឌ្ឍឧបករណ៍ដោយខ្លួនឯង ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស