
TNAOT News
· 2020-05-06
ស្ថានទូតអាមេរិករំឭកដល់តម្លៃជាសាកល នៃសន្តិភាពក្នុងថ្ងៃ វិសាខបូជា
#ស្ថានទូតអាមេរិក# #វិសាខបូជា# #ព្រះសម្មាសម្ពុទ្ធ# #សង្គម# #ព័ត៌មានសង្គម#
2651
ភ្នំពេញ៖ ស្ថានទូតអាមេរិក តាមរយៈហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ បានចូលរួមអបអរសាទរវិសាខបូជា ព្រមទាំងប្រកាសឈប់សម្រាកការងារ ផងដែរ។
លើបណ្តាញសង្គមហ្វេសប៊ុក ស្ថានទូតអាមេរិកបានជូនពរដល់ពុទ្ធសាសនិក ដែលប្រារព្ធបុណ្យវិសាខបូជានៅថ្ងៃនេះ ក្នុងពេលដែលពុទ្ធសាសនិកនៅទូទាំងសាកលលោកអបអរចំពោះជីវិត និងពុទ្ធឱវាទរបស់ព្រះបរមគ្រូ។ ស្ថានទូតអាមេរិកបានរំឭក និងផ្តល់តម្លៃដល់ គុណតម្លៃជាសាកល នៃសន្តិភាព ភាពអត់ឱនឲ្យគ្នា និងសេចក្តីមេត្តាករុណា។
ក្នុងថ្ងៃនេះដែរ ស្ថានទូតអាមេរិកនៅភ្នំពេញបញ្ជាក់ថា បន្ទាប់ពីថ្ងៃបុណ្យវិសាខបូជា ស្ថានទូតនឹងបើកជាធម្មតាឡើងវិញ នៅថ្ងៃព្រហសត្បិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០។សូមជម្រាបថា ថ្ងៃវិសាខបូជានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ឋបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន។ សម្តេចថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)