TNAOT News

· 2020-05-07

ទាហានស៊ីឈ្នួ​លគ្រោងចាប់ Maduro ឡើងយន្តហោះទៅកាន់អាមេរិក

#ទាហានស៊ីឈ្នួល# #ភេរវករ# #វេណេហ្ស៊ុយអេឡា# #សង្គម# #អាមេរិក# #Nicolas Maduro# #នយោបាយជាតិ#

2498

យោធាវេណេហ្ស៊ុយអេឡាបានកម្ទេច​ការប៉ុនប៉ង​មួយ ឈ្លានពាន​តាមផ្លូវ​សមុទ្រ ដោយក្រុមទាហានស៊ីឈ្នួល​ប្រដាប់អាវុធធុនធ្ងន់ មកពី​ប្រទេសកូឡុំប៊ី កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ដោយសម្លាប់​សកម្មប្រយុទ្ធអស់ច្រើននាក់ និងចាប់ខ្លួន​យ៉ាងតិច​ពីរនាក់​ ក្នុងចំណោមពួកគេទាំងនោះ​​ មានសញ្ជាតិ​សហរដ្ឋអាមេរិក។ នៅថ្ងៃបន្ទាប់មកទៀត ទាហានស៊ីឈ្នួល​​​បានសារភាពទោសកំហុស​របស់ពួកគេ។ 

បើតាមការចេញផ្សាយ​របស់ប្រភព Sputnik នៅថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា បណ្តាញទូរទស្សន៍វេណេហ្ស៊ុយអេឡា​បាន ផ្សព្វ ផ្សាយ​វីដេអូ​សារភាព​របស់​ទាហានស៊ីឈ្នួល​សញ្ជាតិអាមេរិក​ ឈ្មោះ Luke Alexander Denman ដែលជាពលរដ្ឋអាមេរិក​ម្នាក់ ក្នុង​ចំណោម​២នាក់​ត្រូវចាប់ខ្លួន ដោយកងកម្លាំងវេណេហ្ស៊ុយអេឡា បន្ទាប់ពីការវាយឆ្មក់​ កាលពីថ្ងៃអាទិត្យ​កន្លងទៅនេះ ។ យោងតាមទាហានស៊ីឈ្នួលរូបនេះ គឺពួកគេមានគម្រោងការចាប់ពង្រាត់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា Nicolas Maduro រួចហើយ​បញ្ជូន​ឡើង​យន្តហោះ ត្រឡប់ទៅកាន់​សហរដ្ឋអាមេរិក​ ដើម្បី​សម្លាប់ចោល។ 

និយាយទៅកាន់​អ្នកសួរចម្លើយរបស់គាត់ លោក Denman បានពន្យល់ថា បេសកកម្មនេះ គឺបានជួបជាមួយជនវេណេហ្ស៊ុយអេឡា​ នៅ​ក្នុងប្រទេស​កូឡុំប៊ី ដោយបានហ្វឹកហ្វឺនពួកគេ​ ហើយធ្វើដំណើរមកជាមួយពួកគេ​មកកាន់វេណេហ្ស៊ុយអេឡា ដើម្បីរំដោះទីក្រុង​ Caracas និងរំដោះអាកាសយានដ្ឋានមួយ​នៅទីនោះ ក្នុងពេលបន្ទាប់មក ។ ជននេះបាននិយាយក្រោយមកទៀតថា «បទបញ្ជាដែលគេបានទទួល...​គឺធានាថា ពួកគេគ្រប់គ្រង​អាកាស​យានដ្ឋាន ​ដើម្បី​សុវត្ថិភាព​នៅពេលនាំលោក​ Maduro ទៅកាន់អាមេរិក»។

ជន Denman អះអាងទៀតថា ពួកគេមានគ្នាប្រហែល​៦០ទៅ៧០នាក់​​ ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការនេះ ។ ក្រុមទាំងនេះ​បង្កើត​បែកចែក​ទៅជាក្រុមផ្សេងៗ ដោយក្នុងមួយក្រុមៗ មានគ្នា​ប្រហែល​២០នាក់ ។ 

គួរបញ្ជាក់ថា សេតវិមាន​បានថ្លែងបដិសេធ ​ចំពោះការពាក់ព័ន្ធណាមួយ ​ជាមួយក្រុមទាហានស៊ីឈ្នួលខាងលើនេះ ដោយក្នុងនោះ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានថ្លែង​ កាលពីថ្ងៃទី៥ ខែឧសភាថា ការចាប់ខ្លួនទាហានស៊ីឈ្នួល​ដែលថា មានពលរដ្ឋអាមេរិក២រូប​នោះ មិនពាក់ព័ន្ធ​​ជាមួយ​រដ្ឋាភិបាល​អាមេរិក​នោះឡើយ ។ ប្រទេស​កូឡុំប៊ី​ ក៏បានច្រានចោល​ការចោទប្រកាន់​ប្រហាក់ប្រហែល​ជាមួយ​អាមេរិក​ផងដែរ ។ 

កាលពីខែមីនា ឆ្នាំ២០២០ អាមេរិក​ធ្លាប់បាន​លើកឡើង ក្នុងការចោទប្រកាន់​លោក Maduro ថា ជាពួកភេរវករណាកូ ហើយបាន​ផ្តល់រង្វាន់​១៥លានដុល្លារ​ ចំពោះការចាប់ខ្លួនបាន ឬ​ប្រហារជីវិត ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស