TNAOT News

· 2020-05-08

ចិននិងអាមេរិក ឯកភាព​គ្នាឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ទោះជាមានល្បែង​ស្តីបន្ទោស​រឿងកូវីដ​១៩​

#ដូណាល់ ត្រាំ# #អាជីវកម្ម# #Liu He# #សង្គម# #កិច្ចព្រមព្រៀង# #សហរដ្ឋអាមេរិក#

3041

អ្នកតំណាងពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក បានយល់ព្រម កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ថា ប្រទេសទាំង២នឹង "បង្កើត​លក្ខខណ្ឌអំណោយផល" សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលបានចុះហត្ថលេខា កាលពីខែមករា ឆ្នាំ២០២០ កន្លងមកនោះ បើទោះជាមានភាពតានតឹងថ្មីៗនេះ ទាក់ទងនឹងជំងឺរាតត្បាតកូវីដ​១៩យ៉ាងណាក៏ដោយ ។

បើតាមការចេញផ្សាយ​របស់ប្រភពព័ត៌មាន france24 បានបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He ដែលជាអ្នកដឹកនាំក្រុមចរចាជម្លោះពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងនោះ នៅព្រឹក ថ្ងៃទី៨ ខែឧសភា បានសន្ទនា​តាមទូរស័ព្ទ​ជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋលេខាធិការក្រសួងរតនាគារ លោក Steven Mnuchin។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា “ ភាគីទាំងពីរបានព្រមព្រៀងថា គួរតែពង្រឹងកិច្ចសហប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ច និងសុខភាព​សាធារណៈ ខិតខំបង្កើតបរិយាកាសអំណោយផល និងលក្ខខណ្ឌ ដើម្បីអនុវត្ត ដែលហៅថា កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ដំណាក់កាលទីមួយ រវាងសហរដ្ឋអាមេរិក និងចិន ដោយការលើកកម្ពស់លទ្ធផលវិជ្ជមាន” ។

ប្រទេសទាំងពីរក៏បានយល់ព្រមរក្សាការប្រាស្រ័យទាក់ទង និងសម្របសម្រួលគ្នាផងដែរ ។

ការវិវឌ្ឍន៍បែបនេះបានកើតឡើង បន្ទាប់ពីប្រទេសទាំងពីរបានលេងល្បែងស្តីបន្ទោស ​ទម្លាក់​កំហុសដាក់​គ្នា​ពាក់ព័ន្ធនឹងជំងឺកូរ៉ូរណាវីរុស ឬ​កូវីដ​១៩ (COVID-19) ដែលបានកំពុងឆ្លងរាតត្បាតលើមនុស្សជាង​៣លាននាក់​ នៅជុំវិញពិភពលោក ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងដាក់ពន្ធថ្មី ប្រឆាំងនឹងប្រទេសចិន បន្ទាប់ពីគាត់អះអាងថា មានភ័ស្តុតាង ដែលជាប់ទាក់ទងនឹង​ជំងឺកូវីដ​១៩ ទៅនឹងមន្ទីរពិសោធន៍មួយ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងដំបូងគេ នៃកូវីដ១៩ កាលពីខែធ្នូ ឆ្នាំ២០១៩ ។

កាលពីខែមករា ឆ្នាំ២០២០ ទីក្រុងប៉េកាំង បានយល់ព្រមនាំចូលផលិតផលពីអាមេរិក ចំនួន២០០ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈ​ពេល២ឆ្នាំ ពោលគឺខ្ពស់ជាងកម្រិតដែលបានទិញ កាលពីឆ្នាំ២០១៧ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស