SaroeunPheara

· 2020-05-11

ប្រទេសម៉ាឡេស៊ីពន្យារពេលចាក់សោរប្រទេសរហូតដល់ថ្ងៃទី៩ ខែមិថុនា

#COVID-19# #ម៉ាឡេស៊ី# #បិទទ្វារ# #សង្គម# #នយោបាយជាតិ#

8546

ប្រទេសម៉ាឡេស៊ីនឹងនៅតែបន្តបិទទ្វារប្រទេស​​​ចំនួន ៤សប្តាហ៍ទៀត ដែលអនុញ្ញាតឱ្យ​ដំណើរការសេដ្ឋកិច្ចស្ទើរតែទាំងអស់លើកលែងតែ​ព្រំដែនប្រទេសនិងសាលារៀន​ប៉ុណ្ណោះដែលនៅតែបិទដដែល។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បាននិយាយក្នុងពិធីសុន្ទរកថា នៅក្នុងទូរទស្សន៍មួយ​កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងរដ្ឋដែល​ក្រុមគ្រួសារនីមួយៗត្រូវកំណត់ចំនួនសមាជិកមុនចេញធ្វើដំណើរ។ លោកបានមានប្រសាសន៍ថា ​ប៉ុន្មានសប្តាហ៍ខាងមុខនេះពិតជាមានសារសំខាន់ណាស់សម្រាប់ពួកយើង​ ព្រោះថា​ប្រសិនបើអំឡុងពេលបន្ធូរបន្ថយនេះនៅតែរក្សាចំនួនអ្នកឆ្លងវីរុសថយចុះ នោះប្រទេសអាចនឹងបើកដំណើរការឡើងវិញ ប៉ុន្តែប្រសិនបើក្នុងអំឡុងពេលនេះមានការកើនឡើងករណីឆ្លង នោះប្រទេសអាចនឹងទទួលបានការរឹតបន្តឹងបន្ថែមឡើងវិញ។ប្រទេសម៉ាឡេស៊ីបានអនុញ្ញាតឱ្យគ្រប់វិស័យទាំងអស់បើកដំណើរការឡើងវិញចាប់ពីថ្ងៃទី៤ ខែឧសភាក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ច​ បន្ទាប់ពីបិទទ្វាររយៈពេល ២ខែ​កន្លងមក។ ​ក្រុមហ៊ុនទាំងអស់ព្យាយាម​ឱ្យកម្មកររបស់ពួកគេ​ត្រូវធ្វើតេស្តវីរុសកូរ៉ូណាមុនពេលបន្តការងារជាថ្មី។

រូបតំណាង

ទោះបីជាការរីករាលដាលនៃការឆ្លងវីរុសកូរ៉ូណាបានថយចុះ​នៅពេលថ្មីៗនេះក៏ដោយ គេក៏សង្កេតឃើញថាប្រទេសនេះមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងនៅដើមខែឧសភាផងដែរ។ ជាក់ស្តែងមានអ្នកឆ្លង​ចំនួន ១០៥នាក់នៅថ្ងៃទី២ ខែឧសភា និង ១២២នាក់ នៅថ្ងៃ​ទី៣ ខែឧសភាដែល​នេះជាតួលេខកើនឡើងច្រើនខ្លាំងណាស់។ អ្នកឆ្លងភាគច្រើនជាប្រជាជនដែលបានត្រឡប់មកពីបរទេស។ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងវីរុសចំនួន ៥៤ករណីថ្មីកាលពីថ្ងៃសៅរ៍ ​ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៦៥៨៩ករណី។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)