TNAOT News

· 2020-05-15

សម្តេច ហ៊ុន សែន៖ មិនត្រូវប្រញាប់បើកសាលារៀនវិញនោះទេ

#COVID-19# #គណៈរដ្ឋមន្ត្រី# #ជីវភាពប្រជាជន# #សុខភាព# #សម្តេច ហ៊ុន សែន# #សាលារៀន# #ជំងឺ#

1578

ភ្នំពេញ៖ បើទោះជាកម្ពុជាយើងមិនមានករណីឆ្លងថ្មី ក្នុងរយៈពេលជាងមួយខែហើយក្តី ក៏យើងមិនត្រូវធ្វេសប្រហែស មើលស្រាលទៅលើបញ្ហានេះនោះទេ​។ អ្វីដែលជាការយកចិត្តទុកដាក់នោះគឺ ក្រែងលោផ្ទុះឡើងវិញហើយត្រួតត្រាលែងបាន ជាពិសេសការស្នើសុំណាមួយទាក់ទងការបើកសាលារៀន គឺមិនគួរប្រញាប់ប្រញាល់ប្រកាសបើកដំណើរការវិញនោះទេ។ នេះបើតាមប្រសាសន៍ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០នេះ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ត្រូវពន្យារការបើកសាលារៀន ធ្វើយ៉ាងណាឲ្យជីវីតរស់នៅគង់វង្សសិន។ ប្រសិនបើជំងឺកូវីដ១៩ ចូលទៅក្នុងសាលា គឺស្មើនិងចូលទៅក្នុងសហគមន៍​តែម្តង ហើយជាក្រុមងាយរងគ្រោះបំផុត។ ឯដំណើរការជីវភាពប្រជាជនទើបវិលត្រឡប់ប្រក្រតីវិញនៅកន្លែងខ្លះ ប៉ុន្តែបញ្ហានេះ​ យើងក៏មិនបន្តឹងពេក ហើយក៏មិនធូររលុងពេកដែរ។ 

សម្តេចតេជោ បានគូសបញ្ជាក់ថា មិនតឹងត្រង់ថា កម្ពុជាមិនដាក់ច្បាប់ក្នុងគ្រាប្រទេសមានអាសន្ន​ ឬក៏រឹតត្បិតការជួបជុំដោយកម្រិតចំនួនមនុស្សនោះទេ ហើយក៏មិនបានបិទផ្សារ រោងចក្រ បិទហាងបាយ ហាងកាហ្វេ ជាដើមឡើយ ប៉ុន្តែ យើងបានបិទសកម្មភាពមួយចំនួន ដូចជាសាលារៀន កន្លែងហាត់ប្រាណ ក្លិបរាត្រី ខារ៉ាអូខេ និងការប្រារព្ធពិធីសាសនាធំៗ ដែលមានការជួបជុំគ្នាច្រើន។​

សម្តេចបន្ថែមថា យើងត្រូវបន្តពង្រឹងកិច្ចការនេះទៀត តាមរយៈការអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់កុំភ្លេចខ្លួនអំពីបញ្ហានេះ។ ហើយក៏នៅតែបន្តការរឹតត្បិត ចំពោះការចូលមកក្នុងប្រទេសសូម្បីជនជាតិខ្លួន​ឯងក៏ត្រូវតែប្រយ័ត្នដែរ។ សម្តេចបានលើកឡើង អំពីករណីនៅប្រទេសវៀតណាមនៅថ្ងៃនេះ មានអ្នកឆ្លងរហូតដល់២៤នាក់ ដែលសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេសទាំងអស់។

ហេតុនេះហើយ បានជាយើងត្រូវប្រយ័ត្នប្រយែងចំពោះម៉ាឡេស៊ី ដែលចង់ដឹកប្រជាពលរដ្ឋខ្មែរចូលមកកម្ពុជា ដោយត្រូវដាក់លក្ខខណ្ឌជាមួយ​ម៉ាឡេស៊ីឲ្យបានច្បាស់ មួយវិញទៀតគឺមកពី អារ៉ាប៊ីសាអូឌីត ដែលត្រូវមកដល់នៅពេលខាងមុខ ត្រូវតែឃុំគ្រង់បញ្ហានេះឲ្យជាប់ ពេលមកដល់គឺមិនអាច ឲ្យចាកចេញទៅណាទេ គឺត្រូវតែធ្វើចត្តាឡីស័ក​។ សម្តេចបញ្ជាក់បន្ថែម ថាការដែលល្អបំផុតក្នងកាលៈទេសៈនេះ គឺសំណូមពរឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស កុំទាន់អាលត្រឡប់ចូលស្រុក បើនៅកន្លែងណា​គឺនៅកន្លែងនោះគឺសុវត្ថិភាពបំផុត៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស