TNAOT News

· 2020-05-18

អាហ្វហ្គានីស្ថាន៖ បំផ្ទុះគ្រាប់បែកស្លាប់ និងរបួសជាច្រើននាក់

#បំផ្ទុះគ្រាប់# #សង្គម# #តាលីបង់# #អាហ្វហ្គានីស្ថាន# #កម្លាំងប្រដាប់អាវុធ# #កិច្ចព្រមព្រៀង# #ព័ត៌មានសង្គម#

1262

សារព័ត៌មាន Tolo News បានដកស្រង់​ប្រភព​ពីមន្ត្រីសុខាភិបាល​អាហ្វហ្គានីស្ថាន​ បញ្ជាក់ថា យ៉ាងតិច​មនុស្ស​៧នាក់ស្លាប់ និង​ជាង​៤០នាក់​រងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ​ក្នុងរថយន្តអត្តឃាត​មួយគ្រឿង​ នៅជិតអគារ​អង្គភាពពិសេសកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (NDS) ស្ថិតនៅភាគខាងកើត​ខេត្ត Ghazni ។ 

ប្រភព Tolo News បានផ្សាយថា ការវាយប្រហារនេះបាន​កើតឡើង ​កាលពីវេលាព្រឹកព្រលឹម ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២០ ។ រីឯជនរងគ្រោះ ភាគច្រើន​ជា​បុគ្គលិករបស់ NDS ។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន​ក៏បានបញ្ជាក់ផងដែរ អំពីការវាយប្រហារ​ នៅក្នុងខេត្ត Ghazni នេះ ប៉ុន្តែគេមិនបានលាតត្រដាងព័ត៌មានលម្អិតនោះទេ។ 

ក្រសួងមហាផ្ទៃ​បានប្រកាសថា ជាអកុសល​អំពើភេរវកម្ម​កើតឡើង​ជាថ្មីម្តងទៀត ដោយ​វាយប្រហារ​នៅជិត​មជ្ឈមណ្ឌល​សាសនា​មួយ​ នៅក្នុងខេត្ត Ghazni ។ 

ប្រភព Sputnik ផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា នៅមិនទាន់មានក្រុមណាមួយ​ចេញមុខទទួលស្គាល់ការវាយប្រហារនេះនៅឡើយ។ 

អំពើហិង្សានេះ​បានកើតឡើង​ នៅចំពេលដែលស្ថានការតានតឹង​រវាង​រដ្ឋាភិបាលទីក្រុងកាប៊ុល ហើយនិង​ក្រុមរ៉ាឌីកាល​ប្រដាប់អាវុធ​ក្រោមមែកធាង​ក្រុមជីវពល​តាលីបង់ កំពុងតែពុះកញ្ជ្រោលខ្លាំងឡើង ។ 

ថ្មីៗនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បានបញ្ជាកងកម្លាំង​ប្រដាប់អាវុធ​ឲ្យបន្តប្រតិបត្តិការវាយប្រហារទៅលើក្រុមឧទ្ទាម ក្រោយការវាយប្រហារពីរលើក​កាលពីដើមខែឧសភារបស់ក្រុមភេរវកម្ម សម្លាប់មនុស្ស អស់ជាច្រើននាក់។ ការវាយប្រហាររបស់ពួកឧទ្ទាមនោះ​​បានធ្វើឡើង ទាំង​នៅមន្ទីរពេទ្យ នៅទីក្រុងកាប៊ុល និងវាយប្រហារពិធីបុណ្យសព​មន្ត្រី​ម្នាក់ ​នៅក្នុងខេត្ត Nangarhar ។ 

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ មានផែនការ​ចុះកិច្ចព្រមព្រៀង​មួយ ក្រោយ​កិច្ចព្រមព្រៀង​រវាង​អាមេរិក និងក្រុមជីវពល​នេះ ។ កិច្ចព្រមព្រៀង រវាងអាមេរិក​និងតាលីបង់នោះ អាចនឹងនាំឲ្យបញ្ចប់​សង្គ្រាម​ជាង​២ទសវត្សរ៍​ នៅក្នុងប្រទេសនេះ តាមរយៈការដកកងកម្លាំងអាមេរិក ចេញពី​អាហ្វហ្គានីស្ថាន ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស