TNAOT News
· 2020-05-23
គ្រូពេទ្យជួរមុខព្យាបាលអ្នកជំងឺកូវីដ១៩ ខកចិត្តមិនទទួលបានប្រាក់រង្វាន់
#COVID-19# #ប្រាក់លើកទឹកចិត្ត# #សង្គម# #ព័ត៌មានសង្គម# #គ្រូពេទ្យ#
2755
ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុងទីក្រុងហ្សាការតា ត្រូវបានរាយការណ៍ថា មិនទទួលបានប្រាក់លើកទឹកចិត្ត ពីរដ្ឋាភិបាលកណ្ដាល និងរដ្ឋបាលខេត្ត តាមការប្រកាស កាលពីខែមីនា។
ក្រុមគ្រូពេទ្យជំនាញម្នាក់ ប្រើឈ្មោះក្រៅ Arif និងបម្រើការងារ នៅក្នុងមន្ទីរពេទ្យ នៃទីក្រុងហ្សាការតា បានពិភាក្សាថា បទពិសោធន៍របស់គាត់ និងសហការី កំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ប៉ុន្ដែពួកគាត់នៅតែមិនទាន់ទទួលបានព័ត៌មានណាមួយ ពាក់ព័ន្ធនឹងប្រាក់លើកទឹកចិត្ដសម្រាប់គ្រូពេទ្យ នៅតាមមន្ទីរពេទ្យនៅឡើយ។
អ្នកគ្រូពេទ្យ Arif បានប្រាប់ The Jakatar Post ថា លោកស្រីមិនបានទទួលប្រាក់លើកទឹកចិត្ដរបស់រដ្ឋាភិបាល ឬក៏ព័ត៌មាន ពីមន្ទីរពេទ្យនោះឡើយ។ លោកស្រីទទួលបានតែលុយបន្ថែមលើសុវត្ថិភាពពីមន្ទីរពេទ្យរបស់លោកស្រី ចន្លោះពី២០ ទៅជាង៣០ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្ដែអ្វីដែលរដ្ឋាភិបាលប្រកាស គឺក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកជំងឺកូវីដ១៩ នៅតែមិនទទួលបានប្រាក់នោះទេ។ បញ្ហានេះក៏ធ្វើឲ្យក្រុមគ្រូពេទ្យលែងទន្ទឹងរង់ចាំប្រាក់នោះបន្តទៀតដែរ។
កន្លងមក លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសថា រដ្ឋាភិបាលទីក្រុងហ្សាការតា បានត្រៀមថវិកាបម្រុង ចំនួន ៥,៩ពាន់ពាន់លានរូពី (Rupiah) ឬស្មើនឹងជាង៤ ពាន់លានដុល្លារអាមេរិក សម្រាប់ផ្ដល់ជាប្រាក់លើកទឹកចិត្ដដល់បុគ្គលិកពេទ្យជួរមុខ ព្យាបាលអ្នកជំងឺកូវីដ១៩។ រដ្ឋាភិបាល បានបញ្ជាក់ថា គ្រូពេទ្យជំនាញ ក្នុងម្នាក់ៗ នឹងទទួលបាន១៥លានរូពី ឬស្មើនឹងជាង១ពាន់ដុល្លារអាមេរិក។ រីឯគិលានុបដ្ឋាក ម្នាក់ទទួលបាន៧,៥លានរូពី ឬស្មើនឹងជាង៥០០ដុល្លារ និងបុគ្គលិកពេទ្យ ទទួលបានជាង៣០០ដុល្លារ។
បើគិតត្រឹមព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន ២០ ៧៩៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៥ ០៥៧នាក់ និងស្លាប់ ១ ៣២៦នាក់។ ឥណ្ឌូនេស៊ី ឈរក្នុងលំដាប់លេខ៣១ នៃប្រទេសមានអ្នកឆ្លងកូវីដ១ច្រើនជាងគេបំផុត នៅលើពិភពលោក។ ប៉ុន្ដែប្រទេសមួយនេះ មានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)